ព័ត៌មានជាតិ

រដ្ឋមន្រ្តីអភិវឌ្ឍន៍ជនបទ៖ ឆ្នាំ២០២៥ ពលរដ្ឋនឹងមានទឹកស្អាតប្រើប្រាស់ គ្រប់ទីកន្លែង

ភ្នំពេញ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានលើកឡើងថា តាមផែនការផ្គត់ផ្គង់ទឹកស្អាត ជូនប្រជាជនប្រើប្រាស់បច្ចុប្បន្ន ត្រូវសម្រេចបាន៨០% ហើយនៅឆ្នាំ២០២៥ នឹងមានទឹកស្អាតប្រើប្រាស់គ្រប់ទីកន្លែង។ នេះបើយោងតាម ក្រសួងអភិវឌ្ឍន៍ជនបទ ។

ថ្លែងក្នុងជំនួបជាមួយលោក UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ លោក ឆាយ ឫទ្ធិសែន បានប្រាប់ទូតជប៉ុន ពីគោលនយោបាយ អនុវត្តបន្តរបស់ក្រសួងសំដៅធ្វើយ៉ាងណា លើកស្ទួយសេដ្ឋកិច្ចជនបទ តាមរយៈការ ស្ថាបនាហេដ្ឋារចនាសម្ព័ន្ធ តភ្ជាប់គ្រប់ទីកន្លែង និងលើកកម្ពស់សុខុមាលភាព ប្រជាពលរដ្ឋតាមរយៈការអប់រំ ប្រជាពលរដ្ឋឲ្យប្រើប្រាស់ទឹកស្អាត ដោយបច្ចុប្បន្ននេះសម្រេចបាន ៨០% នៃផែនការផ្គត់ផ្គង់ទឹកស្អាត ជូនប្រជាជនប្រើប្រាស់ ហើយនៅឆ្នាំ២០២៥ នឹងមានទឹកស្អាតប្រើប្រាស់គ្រប់ទីកន្លែង ព្រមទាំងការអប់រំប្រើប្រាស់ បង្គន់អនាម័យត្រឹមត្រូវ សំដៅលុបបំបាត់ការបន្ទោបង់ពាសវាលពាសកាល។

លោករដ្ឋមន្ត្រីបន្តលើកឡើង ពីកិច្ចខិតខំប្រឹងប្រែងជំរុញលើកកម្ពស់សេដ្ឋកិច្ច ជនបទតាមរយៈការបណ្តុះបណ្តាលជំនាញ ជូនដល់ប្រជាពលរដ្ឋ ដើម្បីឲ្យពួកគាត់អាចប្រកបមុខរបរ ផ្សេងទៀតក្រៅពីមុខរបរកសិកម្ម។

ជាមួយនេះ ក្រសួងបាននិងកំពុងខិតខំពង្រឹងស្ថាប័នទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការបំពេញ ការងារបម្រើប្រជាពលរដ្ឋ ៕

To Top