ព័ត៌មានជាតិ

ក្រុមពលរដ្ឋ នៅភូមិល្វាក្រោម ឃុំស្ដៅ ស្រុកកងមាស រអ៊ូរទាំខារ៉ាអូខេ “បុប្ផាត្រីមាសថ្មី” រំខានដំណេកដល់យប់ជ្រៅ

រូបភាព៖ក្រុមពលរដ្ឋ នៅភូមិល្វាក្រោម

ភ្នំពេញ ៖ ក្រុមប្រជាពលរដ្ឋរស់នៅក្នុងភូមិល្វាក្រោម ឃុំស្ដៅ ស្រុកកងមាស ខេត្តកំពង់ចាមជាច្រើនគ្រួសាររអ៊ូរទាំចំពោះទីតាំងខារ៉ាអូខេមួយកន្លែងឈ្មោះ “បុប្ផាត្រីមាសថ្មី KTV” ដែលបានរំខានដំណេករបស់ពួកគាត់ រហូតដល់ពាក់កណ្តាលអាធ្រាត្រ នៅតែមិនព្រមឈប់បង្កសំឡេងរំខានទៀត ។

ពលរដ្ឋម្នាក់សុំមិនបញ្ចេញឈ្មោះ ក្នុងនាមតំណាងឲ្យពលរដ្ឋផ្សេងទៀតរស់នៅជិតខារ៉ាអូខេនេះ បានបង្ហាញអារម្មណ៍មិនសប្បាយទាល់ និងធុញទ្រាន់ចំពោះម្ចាស់ខារ៉ាអូខេនេះដែលមិនខ្វល់ដល់ការរំខានទៅដល់ម្ចាស់ផ្ទះនៅជិតខ្លួនដែលភ្ញៀវស្រែកច្រៀងឡូឡាលឺៗ ប៉ះពាល់អារម្មណ៍ប្រជាពលរដ្ឋដែលមានកូនតូចៗ និងមនុស្សចាស់ជាដើម មិនអាចសម្រាក(ដេក)គ្រប់គ្រាន់ ដោយសារតែសំឡេងលឺលាន់ចេញពីទីតាំង បុប្ផាត្រីមាសថ្មី KTV។

ពលរដ្ឋដដែលគូសបញ្ជាក់ថា “បាទម៉ោង១២យប់ហើយ នៅមាត់ឡូឡាទៀត លឺរឹតតែខ្លាំងជាងមុនទៅទៀត។ តើពួកខ្ញុំដេកម៉េចទៅ នៅភូមិល្វាក្រោម ឃុំស្ដៅ ស្រុកកងមាស ខេត្តកំពង់ចាម”។

ពលរដ្ឋរូបនេះបន្តថា សំឡេងរំខានចេញពី “បុប្ផាត្រីមាសថ្មី KTV” មិនមែនទើបតែកើតឡើងនោះទេ គឺច្រើនឆ្នាំមកហើយ ទោះបីជាអាជ្ញាធរក្នុងមូលដ្ឋានចូលទៅអប់រំណែនាំជាច្រើនលើក ច្រើនដងក្តីក៏ថៅកែ“បុប្ផាត្រីមាសថ្មី KTV” មិនស្តាប់តាមឡើយ ។

ប្រភពសង្កត់ធ្ងន់ថា “ខ្ញុំបានប្តឹងទៅមេឃុំ ហើយមេឃុំបានមកប្រាប់ម្ចាស់ទីតាំង បុប្ផាត្រីមាសថ្មី KTV ៣ដងដែរ តែគេមិនខ្វល់ឡើយ… ។ ក្នុងនោះខ្ញុំក៏បានប្តឹងទៅមេប៉ុស្តិ៍ផងដែរ តែមេប៉ុស្តិ៍ហាក់មិនខ្វល់សោះ”។


មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល បានព្យាយាមទាក់ទងទៅលោកមេឃុំស្តៅ អំពីករណីនេះ តែទាក់ទងមិនទាន់បាន ៕

To Top