ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣នេះ បានសម្រេចបដិសេធសំណើសុំបង្កើត «គណបក្សអាយ៉ងខ្មែរ» ដែលសរសេរជាអក្សរកាត់ «អ.យ.ខ»។
តាមរយៈលិខិតរបស់ក្រសួងមហាផ្ទៃ នាថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣នេះ អភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានលើកឡើងថា «ខ្ញុំសូមជម្រាបជូនលោកតំណាងស្ថាបនិកគណបក្ស ថា ផ្អែកតាមបទប្បញ្ញត្តិ នៃច្បាប់ស្តីពីគណបក្សនយោបាយ ក្រសួងមហាផ្ទៃ សម្រេចបដិសេធសំណើសុំបង្កើត គណបក្សអាយ៉ងខ្មែរ ដែលសរសេរជាអក្សរកាត់ អ.យ.ខ»។
អភិសន្ដិបណ្ឌិតបន្ដថា ទន្ទឹមនេះដែរ តំណាងស្ថាបនិកគណបក្ស ក៏មិនបានចុះហត្ថលេខាទទួលស្គាល់បញ្ជីរាយនាមប្រជាពលរដ្ឋខ្មែរទាំង ៨០រូប ដែលបានផ្តួចផ្តើមបង្កើតគណបក្ស នយោបាយនេះឡើយ៕

 
													
																							
 
																								
												
												
												 
						 
					 
						 
					 
						 
					 
								 
																						 
								 
																											 
								 
																						 
								 
																						 
								 
																											 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									