ភ្នំពេញ៖ មន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តកំពង់ធំ នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ បានដឹកនាំក្រុមការងារបច្ចេកទេសផ្លូវជនបទបន្ទាន់ នៃការិយាល័យផ្លូវលំជនបទ ដើម្បីចុះពិនិត្យនិងវាយតម្លៃ ស្ថានភាពផ្លូវជនបទចំនួន២ខ្សែ កំពុងរងគ្រោះដោយជំនន់ទឹកភ្លៀង ដើម្បីរៀបចំការជួសជុលបន្ទាន់ ឡើងវិញ ជូនប្រជាពលរដ្ឋ។
យោងតាមក្រសួងអភិវដ្ឍន៍ជនបទ បានឲ្យដឹងថា លទ្ធផលការវាយតម្លៃស្ថានភាព គឺទីតាំងខ្សែផ្លូវទី១៖ ជាផ្លូវតភ្ជាប់ពីភូមិកំពង់ឈើទាល-ភូមិតាអោក ស្ថិតក្នុងឃុំសំបូរណ៍ និងឃុំឈូក ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ដែលមានទទឹងខ្នងលើ ៥ម៉ែត្រ និងប្រវែងសរុប ១៦ ១០០ម៉ែត្រ ហើយត្រូវបាន ទឹកហូរដាច់តួផ្លូវ ចំនួន៤កន្លែង ប្រវែងប្រមាណ ៣៥០ម៉ែត្រ។
ទីតាំងខ្សែផ្លូវទី២៖ ជាផ្លូវតភ្ជាប់ពីភូមិឈូកបឹង-ភូមិទឹកអណ្តូង ស្ថិតក្នុងឃុំឈូក ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំដែលមានទទឹងខ្នងលើ ៤.៥ម៉ែត្រ និងប្រវែងសរុប ៣ ៦០០ម៉ែត្រ ហើយត្រូវបានទឹកហូរដាច់តួផ្លូវ ចំនួន៦កន្លែង ប្រវែង៤៥០ម៉ែត្រ ៕