ព័ត៌មានជាតិ

លោក ឆេង គឹមឡុង ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត ជួបលោក ស៊ី ជីនពីងនៅចិន នឹងផ្តល់ផលចំណេញ ដល់សេដ្ឋកិច្ចកម្ពុជា ថែមទៀត

ភ្នំពេញ ៖ អ្នកវិភាគសេដ្ឋកិច្ចវ័យក្មេង លោក ឆេង គឹមឡុង បានមើលឃើញថា ក្នុងដំណើរទស្សនកិច្ច របស់សម្តេចធិបតី ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាទៅប្រទេសចិន ជាលើកដំបូងក្រោយឡើង កាន់តំណែង ជានាយករដ្ឋមន្រ្តីថ្មី ហើយដែលនឹងមាន ជំនួបដាច់ដោយឡែក ជាពិសេសជាមួយលោក ស៊ី ជីនពីង ប្រធានាធិបតីចិន នឹងពិតជានាំលំហូរវិនិយោគចិន បន្ថែមទៀតមកកម្ពុជា ដើម្បីទ្រទ្រងដល់ខឿន សេដ្ឋកិច្ចមួយកម្រិតទៀត ខណៈចិនក៏ឈរលេខខ្ពស់ផងដែរ ដែលមកបណ្តាក់ទុននៅកម្ពុជា

ក្នុងដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្រ្តីកម្ពុជា សម្តេច ហ៊ុន ម៉ាណែតទៅចិននាថ្ងៃ១៤ កញ្ញា ស្អែកនេះ ក្រោយបង្កើតរាជរដ្ឋាភិបាលថ្មីប្រមាណជាជិតមួយខែមក នឹងមានជំនួបដាច់ដោយឡែកពីគ្នា ជាមួយលោក ស៊ី ជីនពីង និងលោក ចាវ ឡឺជី ប្រធានសភាតំណាងប្រជាជនចិន។

ប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិលនាថ្ងៃ១៣ កញ្ញា មុនមួយថ្ងៃ នៃដំណើរទស្សនកិច្ចរ បស់នាយករដ្ឋមន្រ្តីកម្ពុជា ទៅជួបលោក ស៊ី ជីនពីង នៅលើទឹកដី មហាអំណាចចិន លោក ឆេង គឹមឡុង បានរៀបរាប់ពីចំណុចសំខាន់ៗ នៃទំនាក់ទំនងទ្វេភាគី របស់កម្ពុជា-ចិនជាមិត្តដែកថែបថា ក្នុងដំណើរទស្សនកិច្ច ជាផ្លូវការទ្វេភាគីនេះ ដែលជាទស្សនកិច្ចលើកទី១បំផុត ក្រៅពីដំណើរចូលរួមប្រជុំពហុភាគី នៅប្រទេសឥណ្ឌូនេស៊ី (ប្រជុំអាស៊ាន) បញ្ជាក់កាន់តែច្បាស់ពីទំនាក់ទំនងយ៉ាងសំខាន់រវាងកម្ពុជា-ចិន ដែលជាយុទ្ធសាស្រ្តពេញ លេញនិងគ្រប់ជ្រុងជ្រោយ ។

លោកថា ដំណើរទស្សនកិច្ចនេះ ក៏អាចនឹងផ្តោតជាខ្លាំងទៅលើកិច្ចព្រមព្រៀង និងគំនិតផ្តួចផ្តើមមួយចំនួនដូចជា ៖ គំនិតផ្តួចផ្តើមផ្លូវមួយខ្សែ ក្រវាត់មួយរបស់ចិន , គំនិតផ្តួចផ្តើមសន្តិសុខសកល-អរិយធម៌សកល និងកិច្ចសហប្រតិបត្តិការ ត្បូងពេជ្រដែលទើបតែបង្កើតឡើងកាលពីខែកុម្ភៈ ដើមឆ្នាំ២០២៣នេះ រវាងអតីតនាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោ ហ៊ុន សែន និងលោកប្រធានាធិបតី ស៊ី ជិនពីងផងដែរ ។

អ្វីដែលជាចំណុចលោក ឆេង គឹមឡុងបានអធិប្បាយ ដូចខាងលើនេះហើយ ទើបអ្នកវិភាគសេដ្ឋកិច្ចវ័យក្មេងរូបនេះ មើលឃើញថា “ក្នុងជំនួបនេះ(សម្តេច ហ៊ុន ម៉ាណែត និងប្រធានាធិបតីចិន) នឹងមានកិច្ចពិភាក្សាគ្នា អំពីការពង្រឹងចំណងទំនាក់ ទំនងពាណិជ្ជកម្ម និងសេដ្ឋកិច្ច ធ្វើយ៉ាងណាឲ្យមានលំហូរវិនិយោគ ពីចិនមកដែលជាលំហូរ វិនិយោគមានគុណភាព ផ្នែកវិស័យមួយចំនួនទ្រទ្រង់ នូវខឿនសេដ្ឋកិច្ច ព្រោះខឿន សេដ្ឋកិច្ចកម្ពុជាយើង ទ្រទ្រង់មួយចំនួនធំមកពីការវិនិយោគពីចិន និងសហប្រតិបត្តិការពាណិជ្ជកម្ម ទ្វេភាគីរវាងចិន-កម្ពុជា”។

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសខ្មែរ បញ្ជាក់បន្ថែមពីលើសម្តេច ហ៊ុន ម៉ាណែត ប្រកាសនៅហ្សាការតា ឥណ្ឌូនេស៊ី និងមានសេចក្តីប្រកាសផ្លូវការ ពីក្រសួងការបរទេសចិនផងដែរនោះ នាយករដ្ឋមន្រ្តីកម្ពុជាថ្មី នឹងអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ទៅបំពេញទស្សនកិច្ចជាផ្លូវការនៅចិនជាលើកដំបូង តបតាមការអញ្ជើញពីលោក លី ឈាង នាយករដ្ឋមន្រ្តីចិន ចាប់ពីថ្ងៃ១៤ កញ្ញា ស្អែកនេះ រហូតទៅដល់ថ្ងៃ១៦កញ្ញា ហើយបន្ទាប់ពីទស្សនកិច្ចរួច នាយករដ្ឋមន្រ្តីកម្ពុជា ក៏នឹងបន្តចូលរួមពិព័រណ៌អាស៊ាន-ចិនលើកទី២០ពីថ្ងៃ១៦-១៧កញ្ញាទៀត នៅទីក្រុងណាននីងតំបន់ស្វយ័ត ជនជាតិជាំងក្វាងស៊ី ៕

To Top