ភ្នំពេញ ៖ ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ លោក ម៉ប់ សារិន បានកោតសរសើរចំពោះគណៈអភិបាលរាជធានីភ្នំពេញ និងកងកម្លាំងប្រដាប់អាវុធទាំងអស់ដែលបានយកអស់កម្លាំងកាយចិត្ត ក្នុងការរួមចំណែកលើការពង្រឹងសន្តិភាព ស្ថិរភាព នយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជននៅរាជធានីភ្នំពេញ ឲ្យកាន់តែមានភាពប្រសើរឡើង។
ការកោតសរសើរបែបនេះ បានធ្វើឡើងនាព្រឹកថ្ងៃទី១៣ កញ្ញា ក្នុងកិច្ចប្រជុំសាមញ្ញលើកទី៥២ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញអាណត្តិទី៣ ក្រោមវត្តមាន លោក មាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញ តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ។
លោកម៉ប់ សារិន លើកឡើងថា នៅខែសីហា ឆ្នាំ២០២៣កន្លងមកនេះ គណៈអភិបាលរាជធានីភ្នំពេញ ពិសេសមន្ត្រីរាជការ គ្រប់លំដាប់ថ្នាក់ កងកម្លាំង ប្រដាប់អាវុធ និងប្រជាជនរាជធានីភ្នំពេញ បានខិតខំចូលរួមយ៉ាងសកម្មតាមភារកិច្ចរៀងៗខ្លួន ប្រកបដោយស្មារតីទទួលខុសត្រូវ រហូតសម្រេចបានលទ្ធផលរីកចម្រើន លើគ្រប់វិស័យ។ តាមរយៈសមិទ្ធផលទាំងនេះ ពិតជាបានរួមចំណែកពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងលើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាជនរាជធានីភ្នំពេញ កាន់តែមានភាពប្រសើរឡើង។
បន្ថែមពីនេះ លោក ម៉ប់ សារិន ក៏បានកោតសរសើរផងដែរ ចំពោះសមត្ថកិច្ចដែលបានខិតខំបង្ក្រាបបទល្មើស គ្រឿងញៀនបាន៤៧ករណី ឃាត់ខ្លួនបាន៧៣នាក់ ស្រាវជ្រាវបង្ក្រាបក្មេងទំនើង-ជនទំនើងបាន ៧៣ករណី ឃាត់ខ្លួនបាន១៣២នាក់ ព្រមទាំងបានធ្វើកិច្ចសន្យា អប់រំបញ្ឈប់សកម្មភាព ក្នុងខែសីហា។
ក្នុងនោះលោក មាន ចាន់យ៉ាដា បានលើកឡើងដែរថា ការកោតសរសើររបស់ក្រុមប្រឹក្សារាជធានីភ្នំពេញនេះពិតជាការលើកទឹកចិត្ត ដើម្បីអាជ្ញាធររាជធានីភ្នំពេញ អនុវត្តការងារកាន់តែល្អប្រសើរថែមទៀត ។ បន្ថែមពីនេះ ក្នុងនាមលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ លោក មាន ចាន់យ៉ាដា ក៏បានស្នើឲ្យមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ និងមន្ទីរធនធានទឹក និងឧតុនិយមរាជធានីភ្នំពេញ បន្តយកចិត្តទុកដាក់ តាមដានស្ថានភាពទឹកភ្លៀង និងជំនន់ទឹកស្ទឹងព្រែកត្នោត បើទោះបីឆ្នាំនេះទឹកមិនធំក្តី តែត្រូវយកចិត្តទុកដាក់ត្រៀមទុកជាមុន ពោលមានបញ្ហាបានត្រៀមទុកជាមុនស្រេច។
ចំពោះខណ្ឌទាំង១៤ ក៏ត្រូវបន្តយកចិត្តទុកដាក់ផងដែរ ចំពោះការលិចលង់ដោយជំនន់ទឹកភ្លៀង នៅក្នុងមូលដ្ឋានរបស់ខ្លួន ពិសេសខណ្ឌនៅកណ្តាលក្រុង ត្រូវយកចិត្តទុកដាក់ ក្នុងការប្រមូលសំរាមចេញពីមាត់លូ៕