ភ្នំពេញ ៖ សម្តេច សាយ ឈុំ ប្រមុខរដ្ឋស្តីទីកម្ពុជា បានថ្លែងថា ស្ថាប័នជាតិ របស់កម្ពុជា ត្រៀមខ្លួនជានិច្ច ដើម្បីធ្វើកិច្ចសហប្រតិបត្តិការ ដ៏ជិតស្និទ្ធជាមួយអ៊ុយក្រែន ដើម្បីលើកកម្ពស់ ទំនាក់ទំនងមិត្តភាព ប្រទេសទាំងពីរ។

នាឱកាសអនុញ្ញាត្យលោក Gaman Oleksandr ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃប្រទេសអ៊ុយក្រែន ប្រចាំកម្ពុជា ចូលជួបជូនសារតាំង នាថ្ងៃ១៣ កញ្ញា សម្តេចប្រមុខរដ្ឋស្តីទី បានកត់សម្គាល់ដោយសេចក្តីរីករាយចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ដ៏ល្អរវាងប្រទេសទាំងពីរ។ សម្តេច មានជំនឿជឿជាក់ថា ក្នុងឋានៈជាឯកអគ្គរដ្ឋទូត នៃប្រទេសអ៊ុយក្រែន នឹងបន្តខិតខំពង្រឹងពង្រីក ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ រវាងប្រទេស និងប្រជាជនទាំងពីរ ឲ្យកាន់តែប្រសើរឡើងថែមទៀត ។

សម្តេចបញ្ជាក់ថា «ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ក្រសួង ស្ថាប័នជាតិនៃព្រះរាជាណាចក្រកម្ពុជា ត្រៀមខ្លួនជានិច្ច ដើម្បីធ្វើកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធជាមួយឯកឧត្តមឯកអគ្គរដ្ឋទូត ដើម្បីលើកកម្ពស់ ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការ នាំមកនូវផលប្រយោជន៍ ដ៏ធំធេងទៅវិញទៅមក សម្រាប់ប្រជាជន និងប្រទេសទាំងពីរ»។

ដោយឡែក លោក Gaman Oleksandr បានបង្ហាញការពេញចិត្ត និងវាយតម្លៃខ្ពស់ ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ដ៏ល្អប្រពៃរវាងប្រទេសទាំងពីរ។ តាមរយៈបេសកកម្មការទូតរបស់លោក នៅកម្ពុជា នឹងខិតខំរួមចំណែកពង្រឹងពង្រីកទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ដ៏ល្អប្រពៃរវាងរដ្ឋាភិបាល ប្រជាជន និងប្រទេសទាំងពីរឲ្យកាន់តែល្អប្រសើរថែមទៀត ៕
