ព័ត៌មានជាតិ

ស្ពានបេតុងខ្សែកាបកោះពេជ្រ-កោះនរាគ្រោងដាក់ឱ្យដំណើរការបណ្ដោះអាសន្ននៅថ្ងៃ២៧តុលា

រូបភាព៖ ដើមអម្ពិល

ភ្នំពេញ៖​ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានលើកឡើងថា ស្ពានបេតុងខ្សែកាបកោះនរា ឆ្លងពីទីក្រុងកោះពេជ្រ ទៅទីក្រុងកោះនរា ស្ថិតក្នុងខណ្ឌច្បារអំពៅ និងខណ្ឌចំការមន គ្រោងនឹងដាក់ឲ្យប្រជាពលរដ្ឋ បានធ្វើដំណើរឆ្លងកាត់​ ​ជាបណ្ដោះអាសន្ន នៅថ្ងៃទី ២៧តុលា​ ឆ្នាំ២០២៣ខាងមុខនេះ ។

ការលើកឡើង របស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ធ្វើឡើងក្នុងឱកាសលោកអញ្ជើញអធិបតីភាព ក្នុងពិធីតភ្ជាប់តួស្ពាន នៅរសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣នេះ ត្រង់ចំណុចស្ពានបេតុងខ្សែកាប​ ត្រើយខាងលិច(កោះពេជ្រ) សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។

លោក ឃួង ស្រេង បានលើកឡើងថា ការដាក់ឲ្យជាប្រើប្រាស់ ជាបណ្តោះអាសន្ននេះ រដ្ឋបាលរាជធានីភ្នំពេញ និងស្នើសុំទៅសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីអញ្ជើញសម្តេច ជាអធិបតីភាព ក្នុងពិធីដាក់ឲ្យធ្វើរាចរណ៍ លើស្ពាននេះជាបណ្តោះអាសន្ន អបអរសាទរបុណ្យអុំទូកបណ្ដែត ប្រទីប សំពះព្រះខែ ។

លោកអភិបាលរាជធានីភ្នំពេញ​ បន្តថា ការបើកឱ្យដំណើរការធ្វើចរាចរណ៍ នៅស្ពានខាងលើនេះនឹងកាត់បន្ថយបាននូវការកកស្ទះចរាចរណ៍ នៅចំណុចស្ពានព្រះមុនីវង្ស។

លោកឃួង ស្រេង បានបញ្ជាក់ថា ជាគម្រោងរបស់រដ្ឋបាលរាជធានីភ្នំពេញ នឹងកសាងស្ពានឆ្លងកាត់ទន្លេមួយកន្លែងទៀត នៅចំណុចព្រែកប្រា ឆ្លងទៅផ្លូវ៦០ម៉ែត្រឆ្ពោះទៅ តំបន់អភិវឌ្ឍន៍ជើងឯក បន្តទៅផ្លូវលេខ២១៧ ប៉ុន្តែគម្រោងនេះ កំពុងសិក្សា ជាមួយនឹងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ តែជាជំហានដែលត្រូវអនុវត្តនឹងរុះរើស្ពានបាឡេនៅខណ្ឌឬស្សីកែវ មកធ្វើស្ពាន នៅចំណុចព្រែកប្រាខាងលើនេះ ជាបណ្តោះអាសន្ន ដើម្បីដោះស្រាយការកកស្ទះ។

ក្នុងនោះដែរ តំណាងក្រុមហ៊ុន OCIC ដែលទទួលការសាងសង់ស្ពានបេតុងខ្សែកាបកោះនរា ឆ្លងពីទីក្រុងកោះពេជ្រ ទៅទីក្រុងកោះនរា ខាងលើនេះ បានបញ្ជាក់ថា ស្ពានបេតុងខ្សែកាបកោះនរា ភ្ជាប់ពីទីក្រុងកោះពេជ្រ ទៅទីក្រុងកោះនរានេះ គិតមកដល់ពេលនេះ ការស្ថាបនាសម្រេចប្រមាណ៩៣%ហើយ ដោយគ្រោងនឹងបញ្ចប់ នៅមុនព្រះរាជពិធីបុណ្យអុំទូកខាងមុខនេះ។

គួរបញ្ជាក់ថា ស្ពានបេតុងខ្សែកាបកោះនរា មានប្រវែង ៨២៤ម៉ែត្រ និងទទឹង ២៤ ,៥០ម៉ែត្រ ហើយមាន៤គន្លង គឺ២គន្លងសម្រាប់រថយន្ត ១គន្លងសម្រាប់ម៉ូតូ និង១គន្លងទៀត សម្រាប់អ្នកថ្មើជើង។ស្ពាននេះ ​បាន​បើក​ការដ្ឋាន​​សាងសង់​កាលពីថ្ងៃទី២៦ ​ខែតុលា ឆ្នាំ២០២០ តាមការប៉ាន់ស្មាន​ត្រូវប្រើពេល៣៥ខែ ដើម្បីស្ថាបនា និងចំណាយទុនវិនិយោគ ៣៨លានដុល្លារអាមេរិក សាងសង់​ដោយក្រុមហ៊ុនវិនិយោគទុន​អណិកជនកម្ពុជា (OCIC) ក្រោមការគ្រប់គ្រង​របស់រដ្ឋបាលរាជធានីភ្នំពេញ៕

To Top