ភ្នំពេញ ៖ នារសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអញ្ជើញជាអធិបតី ក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាល និងប្រគល់វិញ្ញាបនបត្រ ដល់អ្នកសារព័ត៌មាន ស្ដីពីមូលដ្ឋានគ្រឹះ នៃវិស័យធនាគារ ហិរញ្ញវត្ថុ និងធានារ៉ាប់រងនៅកម្ពុជា ។
ពិធីនេះ ក៏មានការអញ្ជើញចូលរួមពីលោក គិត សុវណ្ណារិទ្ធ អគ្គនាយកត្រួតពិនិត្យ ធនាគារជាតិ នៃកម្ពុជា, លោក លន់ សំអុល ប្រធាននាយកដ្ឋានត្រួតពិនិត្យ១ នៃអគ្គនាយកដ្ឋានត្រួតពិនិត្យធនាគារជាតិនៃកម្ពុជា ,លោក ប៊ូ ច័ន្ទភីរូ អគ្គនាយក នៃនិយ័តករធានារ៉ាប់រងកម្ពុជា លោក សុខ វឿន ប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា, លោក Raymond Sai ប្រធានក្រុមប្រឹក្សាភិបាល សមាគមធនាគារនៅកម្ពុជា, លោក ហ៊ុយ វ៉ាថារ៉ូ ប្រធានសមាគមធានារ៉ាប់រងកម្ពុជា, លោក ពុយ គា ប្រធានក្លឹបអ្នកកាសែតកម្ពុជា និងលោក លោកស្រី ជាអ្នកសារព័ត៌មាន ។
វគ្គបណ្តុះបណ្តាលនេះ បានរៀបចំឡើងដោយមានកិច្ចសហការរវាង សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា សមាគមធនាគារនៅកម្ពុជា សមាគមធានារ៉ាប់រងកម្ពុជា និងក្លឹបអ្នកកាសែតកម្ពុជា ហើយវគ្គបណ្តុះបណ្តាលនេះ បានបញ្ចប់ទៅប្រកបដោយជោគជ័យ និងផ្លែផ្កា ដោយមានស្ថាប័នចំនួន៤០ បានចូលរួមវគ្គ បណ្តុះបណ្តាលនេះ។
សូមបញ្ជាក់ថា អ្នកសារព័ត៌មាន ពិតជាមានតួនាទីយ៉ាងសំខាន់ ក្នុងដំណើរជីវិតរស់នៅប្រចាំថ្ងៃ ដោយមិនអាចខ្វះបាន ក្នុងការទទួលបានព័ត៌មាន ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សេដ្ឋកិច្ច សង្គម តាមរយៈប្រព័ន្ធផ្សព្វផ្សាយនានា ទាំង Online និង Offline ។ ទន្ទឹមនឹងនេះ តួនាទីនៃសារព័ត៌មាន ក្នុងវិស័យហិរញ្ញវត្ថុ រឹតតែមានសារៈសំខាន់មិន អាចកាត់ផ្តាច់បាន ព្រោះសារព័ត៌មានគឺជាយន្តការ និងជាច្រកដ៏សំខាន់ សម្រាប់វិស័យហិរញ្ញវត្ថុ ក្នុងការបញ្ជូនសារអប់រំ និងផ្សព្វផ្សាយអំពីការយល់ដឹង លើវិស័យហិរញ្ញវត្ថុ ឱ្យកាន់តែទូលំទូលាយដល់ប្រជាជនកម្ពុជា នៅទូទាំងប្រទេស ក្នុងគោលដៅធានាឱ្យបាននូវស្ថិរភាព និងនិរន្តរភាពរបស់វិស័យ ក៏ដូចជាការកសាងទំនុកចិត្ត ក្នុងចំណោមសាធារណៈជន ៕