ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានដាក់ចេញយុទ្ធសាស្រ្ត៣ចំណុចសំខាន់ៗដើម្បីផ្តល់សេវាកម្ម ការពារសិទ្ធិ និងការពារផលប្រយោជន៍ជូនពលករនៅក្រៅប្រទេស។
ចំណុចសំខាន់ៗទាំងនោះរួមមាន៖ ការពង្រឹងសេវាអនុពន្ឋការងារអមស្ថានឯកអគ្គរាជទូតកម្ពុជាព្រមទាំងសហការយ៉ាងជិតស្និទ្ឋជាមួយមជ្ឈមណ្ឌលគាំពារពលករបរទេស តាមបណ្តាប្រទេសគោលដៅ។ ការបន្តពង្រឹងយន្តកាចុះត្រួតពិនិត្យ និងធ្វើអធិការកិច្ចការងារទីភ្នាក់ងារជ្រើសរើសឯកជនដើម្បីធានាពីប្រសិទ្ធភាពកិច្ចការងារជ្រើសពលករ។ការផ្តល់ការគាំទ្រ និងភាពងាយស្រួលជូនបងប្អូនពលករធ្វើការនៅក្រៅប្រទេស តាមរយៈការសម្រួលបែបបទឯកសារ ការគាំពារតាមផ្លូវច្បាប់ អន្តរាគមន៍សង្រ្គោះនៅពេលមានហានិភ័យនិងការជួបសួរសុខទុក្ខជាប្រចាំ។
សូមបញ្ជាក់ថា ដើម្បីពង្រឹងអត្ថប្រយោជន៍ពលករនៅក្រៅប្រទេសជាពិសេសក្នុងតំបន់អាស៊ាន កម្ពុជាក្នុងនាមជាប្រធានអាស៊ានលើកទី៤១ បានផ្តួចផ្តើមឲ្យមានការធានាចល័តភាពរបបសន្តិសុខសង្គម ក្នុងតំបន់អាស៊ាន និងសម្រេចបានចេញ « សេចក្តីថ្លែងការណ៍អាស៊ាន ស្តីពីចល័តភាពនៃអត្ថប្រយោជន៍របបសន្តិសុខសង្គម»។
គួររំលឹកថាក្នុងរយៈពេល៥ឆ្នាំកន្លងមកនេះពីឆ្នាំ២០១៨ដល់ឆ្នាំ២០២២ ក្រសួងជួយអន្តរាគមន៍សម្របសម្រួលពលករ និង ដោះស្រាយបញ្ហាទូទៅរបស់ពលករជួបការលំបាកសរុបចំនួន ១៤ ៨៥១ករណី។ ដោយឡែកក្នុងបរិបទកូវីដ១៩ដែលជាវិបត្តិសុខភាពសកល ក្រសួងការងារ បានចូលរួមសម្របសម្រួលនិងផ្តល់ជំនួយជាថ្នាំព្យាបាល និងស្បៀងអាហារដល់ពលករដែលជួបការលំបាកនៅប្រទេសថៃ។
ក្រៅពីការងារខាងលើ រាជរដ្ឋាភិបាលកម្ពុជា បានខិតខំពង្រឹង និង ពង្រីកកិច្ចសហការជាមួយបណ្តាលប្រទេសទទួល ដោយពង្រីកឱកាសការងារបន្ថែមជូនប្រជាពលរដ្ឋនៅក្រៅប្រទេសប្រមាណ ១,៣ លាននាក់ និងបានប្រាក់បញ្ជើបញ្ជូនមកប្រទេសវិញប្រមាណ ២,៧ ពាន់លានដុល្លារអាម៉េរិកក្នុងមួយឆ្នាំ។
ក្នុងនោះប្រទេសថៃ មានចំនួនពលករ ១,២៣១, ៥០៨ នាក់ ; សាធារណរដ្ឋកូរ៉េ ចំនួន ៤៩,៧៣៨ នាក់ ; ម៉ាឡេស៊ីចំនួន ២២,៦២១ នាក់ ; ជប៉ុន ១៦,៥៦២ នាក់ ; សិង្ហបុរីចំនួន ៨៥១នាក់ ; ហុងកុង ចំនួន ២១៥នាក់ និង អារ៉ាប់ប៊ីសាអូឌីតចំនួន ១១នាក់៕