ព័ត៌មានជាតិ

ហាងកាហ្វេ ក្នុងប្លុកបុរីពិភពថ្មី អាចបិទ បើសមត្ថកិច្ចរកឃើញមានផលប៉ះពាល់ ដល់ការសិក្សារបស់សិស្ស

កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានចាត់បញ្ជាឲ្យសមត្ថកិច្ច ចុះស៊ើបអង្កេតជាបន្ទាន់ ហាងកាហ្វេ ក្នុងប្លុកបុរីពិភពថ្មី ដែលមានទីតាំង នៅក្បែរវិទ្យាល័យព្រះសីហនុ ក្នុងក្រុងកំពង់ចាម បន្ទាប់ពីទទួលព័ត៌មានថា ការធ្វើអាជីវកម្មនោះ មានភាពមិនប្រក្រតីធ្វើឲ្យប៉ះពាល់ដល់ការសិក្សារបស់សិស្ស ។

លោកអភិបាលខេត្ត បានចាត់បញ្ជាសមត្ថកិច្ចយ៉ាងមុខមាត់ នាថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ២០២៣ លើកឡើងក្នុងកិច្ចប្រជុំសាមញ្ញលើកទី ៥២ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម ។

សមាជិកក្រុមប្រឹក្សាខេត្ត លោកស្រី អនហេង លក្ខិណា បានលើកឡើងថា កន្លងទៅថ្មីៗនេះ មានអាណាព្យាបាលសិស្ស បានរាយការណ៍ថា មានទីតាំងលក់កាហ្វេច្រើនកន្លែង នៅក្នុងប្លុកបុរីពិភពថ្មី ស្ថិតក្បែរវិទ្យាល័យព្រះសីហនុ ដែលរូបភាពនៃការធ្វើអាជីវកម្មនោះ មើលទៅលើសពីការលក់កាហ្វេធម្មតា ។

លោកស្រីសមាជិកក្រុមប្រឹក្សាខេត្ត បន្តទៀតថា នៅពេលខ្លះ គេឃើញមានសិស្សប្រមូលផ្ដុំគ្នាជក់បារី និងមានចាក់គ្រឿងបំពងសម្លេង លឺខ្លាំងៗ ធ្វើឲ្យរំខានដល់អ្នកជិតខាង ។ ពេលខ្លះគេបានប្រទះឃើញពួកសិស្សប្រព្រឹត្ត ល្បែងស៊ីសង ដូចជាល្បែងបុកប៊ីយែរ និងល្បែងតាមអនឡាញមួយចំនួន មានជល់មាន់ ឬភ្នាល់បាល់ជាដើម ។ ហេតុដូច្នេះហើយ ទើបមានសំណូមពរ ពីប្រជាពលរដ្ឋនៅម្ដុំនោះ ក៏ដូចជាអាណាព្យាបាលសិស្ស សូមឱ្យអាជ្ញាធរមានសមត្ថកិច្ចមានវិធានការលើករណីនេះ ។

ដោយមានការលើកឡើងរបស់សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានចាត់បញ្ជាឲ្យសមត្ថកិច្ចនគរបាល ចុះពិនិត្យមើល និងមានវិធានការយ៉ាងមឹងម៉ាត់ ។ ប្រសិនបើមានភាពមិនប្រក្រតី ធ្វើឲ្យប៉ះពាល់ដល់អនាគតសិស្សសាលា គឺសូមឱ្យសមត្ថកិច្ចធ្វើការបិទហាងកាហ្វេទាំងនោះតែម្តង ៕

By. Kizona

To Top