ភ្នំពេញ ៖ បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានចេញសេចក្ដីសម្រេច ដកហូតមុខតំណែង វរេសនីយ៍ទោ ហេង ហាប់ ពីស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តកំពត ឲ្យមកជាមន្ដ្រីធម្មតា ក្រោមមូលហេតុ ល្មើសវិន័យ របស់កងកម្លាំង នគរបាលជាតិ។
ឈ្មោះ ហេង ហាប់នេះ ធ្លាប់មានប្រវត្តិលួច iPad ពីកន្លែងលក់ទូរស័ព្ទមួយកន្លែង កាលពីប៉ុន្មានឆ្នាំមុន ដែលធ្វើឲ្យល្បីកក្រើក ដោយសារខ្លួនជាមន្រ្តីអនុវត្តច្បាប់ ប៉ុន្តែបែរជាល្មើសច្បាប់លួច របស់ពលរដ្ឋទៅវិញ ។
សូមរំលឹកថា កាលពីព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ មន្ដ្រីឈ្មោះ ហេង ហាប់ បានចូលទៅដកលុយ នៅហាងវីងមួយកន្លែងយីហោ «រស្មី សាមគ្គី» ស្ថិតនៅក្នុងខណ្ឌទួលគោក ស្រាប់តែបន្លំលួចយក iPad មួយគ្រឿងទៅបាត់ រួចក៏ត្រូវម្ចាស់ហាងយកទៅបង្ហោះល្បីពេញបណ្តាញសង្គម Facebook និងមានគេ Share រាប់ពាន់នាក់៕