ភ្នំពេញ ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ជំរុញការផ្ទេរមុខងារ បំណុល និងធនធានហិរញ្ញវត្ថុ ពីរដ្ឋាករស្វយ័តគ្រប់គ្រងសំរាម និងសំណល់រឹង រាជធានីភ្នំពេញ មកសហគ្រាសគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជនរាជធានីភ្នំពេញ (ស.ស.ភ) បានលឿន ពោលគឺអាចបង្កើត ជាសហគ្រាសថ្មីមួយ នៅថ្នាក់ក្រោមជាតិ បាននៅក្នុងខែតុលាឬខែវិច្ឆិកា ឆ្នាំ២០២៣ ដ៏ខ្លីខាងមុខនេះ ។

ការជំរុញបែបនេះបានធ្វើឡើង ខណៈលោកអញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំពាក់ព័ន្ធ និងការងារនេះ នារសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣នេះ នៅសាលារាជធានីភ្នំពេញ ដោយមានការចូលរួម ពីលោក ប៉ាក សុខារ៉ាវុត សមាជិកក្រុមប្រឹក្សាភិបាល (ស.ស.ក) និងជាអនុរដ្ឋលេខាធិការ ក្រសួងបរិស្ថាន តំណាងក្រសួងបរិស្ថាន, តំណាងក្រសួងមហាផ្ទៃ, សមាជិកក្រុមប្រឹក្សាភិបាល (ស.ស.ភ) តំណាងក្រសួងរ៉ែ និងថាមពល, ប្រធានរតនាគារ រាជធានីភ្នំពេញ,ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុរាជធានីភ្នំពេញ និងអគ្គនាយកសហគ្រាសគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជនរាជធានីភ្នំពេញ (ស.ស.ភ) ។

លោក ឃួង ស្រេង បានលើកឡើងថា ការផ្ទេរមុខងារ បំណុល និងធនធានហិរញ្ញវត្ថុ ពីរដ្ឋាករស្វយ័តគ្រប់គ្រងសំរាម និងសំណល់រឹងរាជធានីភ្នំពេញ មកសហគ្រាសគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជនរាជធានីភ្នំពេញ (ស.ស.ភ) នេះ គឺមានគោលបំណងឲ្យដំណើរការ នៃការប្រមូល និងការគ្រប់គ្រងសំរាម នៅក្នុងរាជធានីភ្នំពេញ បានកាន់តែល្អប្រសើរជាងមុន ដោយសារថា នៅភ្នំពេញ បច្ចុប្បន្ននេះ ប្រជាជនរស់នៅរបៀបស៊ីវីល័យ ដែលទាមទារអោយរាជធានីភ្នំពេញ ជាទីក្រុងស្អាតមានបរិស្ថានល្អ មិនមានសំរាមពាសវាលពាសកាល ។

លោក ឃួង ស្រេង បានបន្តទៀតថា កិច្ចប្រជុំខាងលើនេះ គឺដើម្បីស្វែងរកនីតិវិធី នៃការផ្ទេរ មុខងារ បំណុល និងធនធានហិរញ្ញវត្ថុ ពីរដ្ឋាករស្វយ័តគ្រប់គ្រងសំរាម និងសំណល់រឹងរាជធានីភ្នំពេញ មកសហគ្រាសគ្រប់គ្រងសំរាម សំណល់រឹង ទីប្រជុំជនរាជធានីភ្នំពេញ (ស.ស.ភ) អោយបានលឿន យ៉ាងយូរផ្ទេឲ្យបានរួចរាល់ នៅក្នុងខែតុលាឬខែវិច្ឆិកាឆ្នាំ២០២៣ខាងមុខនេះ ។

ដើម្បីអោយការងារនេះ ដំណើរការ ទៅបាន លឿន លោកឃួង ស្រេង បានជម្រុញឲ្យ ក្រុមការងារបច្ចេកទេស , រតនាគារ និងក្រុមការងារពាក់ព័ន្ធចាប់ដៃគ្នា ទំនុកបំរុងគ្នា ធ្វើការនេះ ទើបសហគ្រាសថ្មីរបស់រដ្ឋ នៅថ្នាក់ក្រោមជាតិមួយនេះ នឹងកើនមានឡើងបានលឿន ។ សហគ្រាសនេះរកស៊ីបានតែត្រឹមរួចខ្លួនបានហើយ មិនបាច់ចំណេញក៏បានដែរ សំខាន់អោយតែរាជធានីភ្នំពេញ របស់យើងស្អាត និងមានបរិស្ថានល្អ ៕



