ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានស្នើឱ្យលោក វ៉ាង តុងជូ ប្រធាន ក្រុមហ៊ុន China Road and Bridge Corporation (CRBC) ដែលបាននិងកំពុងវិនិយោគលើគម្រោងសាងសង់ផ្លូវ ស្ពាន និងហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា ពន្លឿនកិច្ចការគម្រោងដែលកំពុងធ្វើការសិក្សា និងវាយតម្លៃ ដោយបន្តកិច្ចសហប្រតិបត្តិការ ជាមួយក្រសួង-ស្ថាប័ន ឬភាគីពាក់ព័ន្ធកម្ពុជា ។
ការស្នើរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បែបនេះ ធ្វើឡើង ក្នុងឱកាស អនុញ្ញាតឱ្យលោក វ៉ាង តុងជូ (Wang Tongzhou) ប្រធាន ក្រុមហ៊ុន China Road and Bridge Corporation (CRBC) និងគណៈប្រតិភូក្រុមហ៊ុន ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នាថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ នៅរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ។
ក្នុងជំនួបនេះ សម្តេចធិបតី បានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះលោកវ៉ាង តុងជូ និងគណៈប្រតិភូក្រុមហ៊ុន CRBC ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន China Communications Construction Company Limited ដែលបាន និងកំពុងវិនិយោគលើគម្រោងសាងសង់ផ្លូវ ស្ពាន និងហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា និងបានអបអរសាទរ ចំពោះសមិទ្ធផលនានា ដែលក្រុមហ៊ុន CRBC សម្រេចបាននាពេលកន្លងមក និងបានវាយតម្លៃខ្ពស់ ចំពោះការសិក្សាស្វែងយល់ និងការពិនិត្យលទ្ធភាពលើវិស័យ ដែលមានសក្តានុពលផ្សេងទៀតនៅកម្ពុជា ។
ជាមួយគ្នានេះ លោក វ៉ាង តុងជូ ក៏បានគោរពរាយការណ៍ជូន សម្តេចធិបតី អំពីគម្រោងវិនិយោគផ្លូវថ្នល់ ដែលកំពុងដំណើរការនៅកម្ពុជា ក៏ដូចជាគម្រោងថ្មីៗ ដែលក្រុមហ៊ុនកំពុងសិក្សា និងវាយតម្លៃ ព្រមទាំងគោរពស្នើសុំ កិច្ចសហការ និងការជួយសម្របសម្រួលបន្ថែមទៀត ពីភាគីរាជរដ្ឋាភិបាលកម្ពុជា ។
ក្នុងឱកាសនេះ សម្តេចធិបតី បានគូសបញ្ជាក់ពីតួនាទីដ៏សំខាន់ នៃគម្រោងវិនិយោគផ្លូវ ថ្នល់ ស្ពាន និងផ្លូវលឿន នៅក្នុងដំណើរការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ជាពិសេស ការលើកកម្ពស់ភាពប្រកួតប្រជែងរបស់កម្ពុជា តាមរយៈការកែលម្អប្រព័ន្ធឡូជីស្ទីក ។
ចំពោះគម្រោងដែលកំពុងធ្វើការសិក្សា និងវាយតម្លៃ សម្តេចធិបតី បានស្នើឱ្យភាគីក្រុមហ៊ុនពន្លឿនកិច្ចការទាំងនេះ ដោយបន្តកិច្ចសហប្រតិបត្តិការ ជាមួយក្រសួង-ស្ថាប័ន ឬភាគីពាក់ព័ន្ធកម្ពុជាបន្ថែមទៀត ។ ដោយសម្តេចធិបតី ក៏បានណែនាំឱ្យក្រសួង-ស្ថាប័នពាក់ព័ន្ធ បន្តផ្តល់នូវកិច្ចសហការ និងសម្របសម្រួល ដើម្បីធានាឱ្យបាននូវនិរន្តភាពការងារ សំដៅជួយជំរុញឱ្យគម្រោង ដែលកំពុងសិក្សាទាំងនោះអាចបញ្ចប់ និងដាក់ឱ្យដំណើរការក្នុងពេលឆាប់ៗ ។
សម្តេចធិបតី ក៏បានវាយតម្លៃខ្ពស់ ចំពោះក្រុមហ៊ុន CRBC ដែលបានចូលរួមចំណែក ក្នុងកិច្ចដំណើរការអភិវឌ្ឍនៅកម្ពុជា តាមរយៈការសម្រេចបាន នូវគម្រោងវិនិយោគផ្លូវថ្នល់នានា ជាពិសេសផ្លូវលឿនភ្នំពេញ-ព្រះសីហនុ ។
សម្តេចធិបតី ក៏បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំផ្ទាល់របស់ សម្តេចធិបតី បានត្រៀមលក្ខណៈរួចជាស្រេចក្នុងការសហការ និងសម្របសម្រួលបន្តទៅមុខទៀ តជាមួយក្រុមហ៊ុន និងសូមលើកទឹកចិត្តឱ្យក្រុមហ៊ុន CRBC បន្តការវិនិយោគបន្ថែមទៀតនៅកម្ពុជា៕