ព័ត៌មានជាតិ

ជប៉ុនបន្តគាំទ្រ កម្ពុជា ក្នុងការអភិវឌ្ឍ ធនធានមនុស្ស ពិសេសលើជំនាញ បច្ចេកទេសវិជ្ជាជីវៈ

ភ្នំពេញ ៖ រដ្ឋាភិបាលជប៉ុន នៅតែបន្តគាំទ្រ ដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍ ធនធានមនុស្ស ឱ្យកាន់តែរីកចម្រើន បន្ថែមទៀត ស្របទៅតាមទស្សនវិស័យ គោលនយោបាយ អភិវឌ្ឍន៍ឧស្សាហកម្ម ឆ្នាំ២០១៥-២០២៥ ដែលជាចំណុចគន្លឹះ របស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីប្រែក្លាយកម្ពុជា ទៅជាប្រទេស ដែលមានចំណូល មធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេស ដែលមានចំណូល ខ្ពស់នៅឆ្នាំ២០៥០ ។

ការគាំទ្រនេះធ្វើឡើង ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងាររវាងលោក​ ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោក​ អ៊ូអិណូ អាត់ត្សឹស៉ី (UENO Atsushi ) ឯកអគ្គរដ្ឋទូតជប៉ុន ប្រចាំកម្ពុជា នារសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងការងារ ។

នាឱកាសនោះ លោករដ្ឋមន្ត្រី បានថ្លែងអំណរគុណ ចំពោះរដ្ឋាភិបាលជប៉ុន ដែលបានចូលរួម ចំណែកអភិវឌ្ឍ ធនធានមនុស្សនៅកម្ពុជា ពិសេសជប៉ុនគឺជាប្រទេសទី១ ដែលបានផ្តល់អាហារូបករណ៍ដល់ប្រទេសកម្ពុជាតាំងពីឆ្នាំ១៩៩២ ដែលរហូតមកដល់ ពេលនេះ អតីតសិស្ស និស្សិតអាហារូបករណ៍ជប៉ុន មួយចំនួន បាននិងកំពុងបម្រើការ នៅក្នុងគណៈរដ្ឋមន្ត្រីថ្មី និងកំពុងកាន់តួនាទីសំខាន់នៅក្នុង រាជរដ្ឋាភិបាលនីតិកាលទី៧។

ជាការឆ្លើយតប លោកឯកអគ្គរាជទូតជប៉ុន បានគូសបញ្ជាក់ពីកិច្ចសហប្រតិបត្តិ រវាងប្រទេសទាំងពីរ ដែលបានដំឡើងដល់កម្រិត ដៃគូយុទ្ធសាស្រ្ត គ្រប់ជ្រុងជ្រោយ ។

លោកឯកអគ្គរាជទូតជប៉ុន ក៏បានសន្យាបន្តគាំទ្រ ដល់ការអភិវឌ្ឍធនធានមនុស្ស នៅកម្ពុជាឱ្យកាន់តែរីកចម្រើន ជាក់ស្តែងតាមរយៈការផ្តល់អាហារូបករណ៍ដល់សិស្ស និស្សិតកម្ពុជា ឱ្យទៅសិក្សា នៅប្រទេសជប៉ុន ការបណ្ដុះបណ្ដាលជំនាញ នៅក្នុងប្រទេស ដែលបាននិងកំពុងក្លាយ ជាស្ពានចម្លងដ៏សំខាន់នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាង ប្រទេសទាំងពីរយ៉ាងជិតស្និទ្ធ ។

ក្នុងឱកាសនោះ ភាគីទាំងពីរក៏បានពិភាក្សា អំពីកិច្ចសហប្រតិបត្តិការ លើការអប់រំបណ្តុះបណ្តាល បច្ចេកទេសនិងវិជ្ជាជីវៈ (TVET) ដើម្បីពង្រឹងចំណេះ ជំនាញដល់សិស្សនិស្សិតខ្មែរ ស្របតាមការរីកចម្រើននៃបច្ចេកវិទ្យាសម័យថ្មី។

លោករដ្ឋមន្ត្រី ហេង សួរ ក៏បានថ្លែងអំណរគុណដល់ក្រុមហ៊ុនជប៉ុននៅកម្ពុជាដែលតែងតែយកចិត្តទុកដាក់ដល់សិស្ស និស្សិតកម្ពុជាដែលកំពុងសិក្សាបច្ចេកទេស និងធ្វើការនៅក្រុមហ៊ុនជប៉ុន ដើម្បីពង្រឹងសមត្ថភាព ចំណេះ ជំនាញបច្ចេកវិទ្យាថ្មីៗ បន្ថែមពីក្រុមហ៊ុនទាំងនោះ ។

លើសពីនេះទៀត ភាគីទាំងពីរក៏ បានពិភាក្សាអំពីប្រព័ន្ធបញ្ជូនពលករជំនាញ និងកម្មសិក្សាការី ពីកម្ពុជាទៅប្រទេសជប៉ុន ដើម្បីពង្រឹងគុណភាព និងប្រសិទ្ធភាព របស់ពលករជំនាញ និងកម្មសិក្សាការី ដែលកំពុងធ្វើការ នៅប្រទេសជប៉ុន ។
លោករដ្ឋមន្ត្រីបានបញ្ជាក់ ជូនលោកឯកអគ្គរាជទូតជប៉ុនថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈត្រៀមខ្លួនរួចជាស្រេច ដើម្បីសហការជាមួយស្ថានទូតជប៉ុន ក្រុមហ៊ុនជប៉ុន និងសមាគមអាជីវកម្មជប៉ុន ដែលមានវត្តមាននៅកម្ពុជា៕

To Top