ព័ត៌មានជាតិ

ក្រសួងសុខាភិបាល​ ប្រាប់​ឱ្យ​ប្រុងប្រយ័ត្ន និងបង្ការ ចំពោះការកើនឡើង ជំងឺគ្រុនឈាម

រូបភាពបណ្ដាញសង្គម

ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានណែនាំដល់ប្រជាពលរដ្ឋ ត្រូវមានការប្រុងប្រ័ត្ន និងបង្ការ ចំពោះការកើនឡើង ករណីជំងឺគ្រុនឈាម គួរឲ្យកត់សម្គាល់ សម្រាប់ឆ្នាំ២០២៣នេះ

តាមរយៈសេចក្ដីណែនាំ របស់ក្រសួងសុខាភិបាល នាថ្ងៃទី១៤ កញ្ញា នេះ​បានឱ្យ​ដឹង​ថា «ចាប់ពីថ្ងៃទីមករា ដល់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ មានការកើនឡើងករណីជំងឺគ្រុនឈាមគួរឲ្យកត់សម្គាល់។ តាមរយៈបទពិសោធន៍ ការសិក្សាស្រាវជ្រាវ និងការតាមដានជំងឺរបស់កម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនឈាម នាពេលកន្លងមក បានបង្ហាញថា ស្ថានភាពជំងឺគ្រុនឈាម តែងតែមានវដ្ដនៃការកើនឡើងខ្ពស់ខុសប្រក្រតីនៅរៀងរាល់ ៥ ទៅ ៦ឆ្នាំម្ដង»។

ក្រសួង កត់សម្គាល់ថា ជំងឺគ្រុនឈាមអាចកើតមានលើមនុស្សគ្រប់វ័យ ទាំងវ័យក្មេង និងមនុស្សចាស់ ដែលបង្កឡើងដោយវីរុសគ្រុនឈាម តាមរយៈការខាំចម្លងដោយសត្វមូសខ្លាញី ដែលចូលចិត្តពងកកើតជាដង្កូវទឹក នៅតាមទីកន្លែងដែលមានទឹកដក់រងថ្លាគ្មានក្លិនដូចជា៖ ពាង អាង ធុងដាក់ទឹកប្រើប្រាស់ ទឹកថូផ្កា ចានទ្រជើងតុ ទូ ក្រឡ ពែង ពិសេសសំបកកង់ឡាន ម៉ូតូ ក្រឡ កំប៉ុង ចាន កែវ ជាដើម ដែលទុកឬបោះចោលពាស វាលពាសកាលបង្កើត ជាប្រភពដក់ទឹក និងជម្រកសត្វមូស។

ក្រសួងសុខាភិបាល ក៏បានធ្វើការណែនាំក្រើនរំលឹកដល់ ប្រជាជនគ្រប់រូប ត្រូវបន្តប្រុងប្រយ័ត្នប្រកប ដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការការពារសុខភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារ បង្ការការឆ្លងជំងឺគ្រុនឈាម និងដើម្បីចូលរួមទប់ស្កាត់ការផ្ទុះឡើងនូវជំងឺគ្រុនឈាមទ្រង់ទ្រាយធំក្នុងសហគមន៍ ឱ្យកាន់តែមានប្រសិទ្ធភាព ប្រជាពលរដ្ឋគ្រប់រូប ដែលមានរោគសញ្ញាគ្រុនក្តៅខ្លួនខ្លាំងភ្លាមៗ ចាប់ពី៣៩ ទៅ៤០អង្សារសេ ឬមានសមាជិកគ្រួសារ ដែលមានរោគសញ្ញាដូចការរៀបរាប់ សូមស្វែងរកការពិគ្រោះយោបល់ និងពិនិត្យព្យាបាលនៅតាមមន្ទីរពេទ្យ ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន និងសូមទំនាក់ទំនងមកលេខ ទូរស័ព្ទទាន់ហេតុការណ៍១១៥ ប្រសិនជាមានចម្ងល់បន្ថែម ឬចូលរួមរាយការណ៍ ៕

To Top