ព័ត៌មានជាតិ

ប្រធានាធិបតី ស៊ី ជីនពីង ជឿថា សម្ដចធិបតី ហ៊ុន ម៉ាណែត នឹងជួយជំរុញការកសាង សហគមន៍វាសនារួមកម្ពុជា-ចិន ឱ្យកាន់តែស៊ីជម្រៅ

ប្រភព៖ តេឡេក្រាម សម្ដេចតេជោ ហ៊ុន សែន

ភ្នំពេញ៖ លោក ស៊ី ជីនពីង ប្រធានាធិបតីចិន បានថ្លែងថា នារដូវស្លឹកឈើជ្រុះនាខែកញ្ញាឆ្នាំនេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានមកទស្សកិច្ចនៅប្រទេសចិន លោកជឿថាសម្ដេចគឺជាអ្នកប្រមូលផល សម្ដេចនឹងជួយជំរុញការកសាង សហគមន៍វាសនារួមកម្ពុជា-ចិន ឱ្យកាន់តែស៊ីជម្រៅ ។

ក្នុងជំនួបពិភាក្សាការងារជាមួយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅទីក្រុងប៉េកាំង នាថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣នេះ លោក ស៊ី ជីនពីង បានមានប្រសាសន៍ថា លោកមានសេចក្តីសោមនស្សរីករាយ​ណាស់​ ដែលបានជួប​​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។

ប្រធានាធិបតីចិន បន្ថែមថា សម្តេច ហ៊ុន សែន ដែលជាលោកឪពុករបស់សម្ដេចធិបតី បានរួមចំណែកជាប្រវត្តិសាស្ត្រ ក្នុងបុព្វហេតុមិត្តភាពចិន-កម្ពុជា។
លោកថា «ខ្ញុំសូម​ផ្តាំផ្ងើសួរសុខទុក្ខ ដោយ​ស្មោះ​ត្រង់ជូន​​ចំពោះ​គាត់ នឹងស្វាគមន៍គាត់មកលេង ប្រទេសចិនអោយញឹកញាប់» ។

ប្រធានាធិបតី ស៊ី ជីនពីង លើកឡើងថា និទាឃរដូវនាឆ្នាំនេះ សម្ដេចនិងឪពុករបស់សម្ដេច បានទៅទស្សកិច្ចនៅប្រទេសចិន
សម្តេច ហ៊ុន សែន និងលោកបានបើកសករាជថ្មី នៃការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ក្នុងយុគសម័យថ្មី ដែលប្រកបដោយគុណភាពខ្ពស់​ កម្រិតខ្ពស់និងស្តង់ដារខ្ពស់។

ប្រធានាធិបតី ស៊ី ជីនពីង គូសបញ្ជាក់ថា «រដូវស្លឹកឈើជ្រុះនាខែកញ្ញាឆ្នាំនេះ សម្ដេចបានមកទស្សកិច្ចនៅប្រទេសចិន ខ្ញុំជឿថាសម្ដេចគឺជាអ្នកប្រមូលផល សម្ដេចនឹងជួយជំរុញការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ឱ្យកាន់តែស៊ីជម្រៅ» ៕

To Top