ភ្នំពេញ៖សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោក ចាវ ឡឺជី ប្រធានសភាតំណាងប្រជាជនទូទាំងប្រទេស បានប្តេជ្ញា សហការគ្នាក្នុងនាមជាមិត្តល្អ និងបន្តសាមគ្គីទប់ទល់ នូវរាល់ការប៉ុនប៉ង ជ្រៀតជ្រែកពីខាងក្រៅ ។
ការប្តេជ្ញារបស់ថ្នាក់ដឹកនាំទាំងពីរខាងលើនេះ ធ្វើឡើងក្នុងជំនួបរវាង សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោក ចាវ ឡឺជី ប្រធានសភាតំណាងប្រជាជនទូទាំងប្រទេស នាថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ នាមហាវិមានប្រជាជន រដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណ រដ្ឋាភិបាលចិន ដែលបានរួមចំណែកយ៉ាងច្រើន នៅក្នុងកិច្ចដំណើរការអភិវឌ្ឍន៍ សង្គម-សេដ្ឋកិច្ចរបស់កម្ពុជា ដូចជាការជួយឧបត្ថម្ភគាំទ្រ ដល់កម្ពុជាទាន់ពេល ក្នុងគ្រាលំបាក នៃវិបត្តិជំងឺកូវីដ១៩ ជាដើម ។
សម្តេចធិបតី នាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់ពីការបន្តរក្សាគោលជំហរ និងគោលនយោបាយការបរទេសរបស់កម្ពុជា ក្រោមការដឹកនាំរបស់សម្តេចធិបតី ទោះជាពិភពលោកកំពុងប្រែប្រួល និងមានភាពមិនច្បាស់លាស់ក៏ដោយ ។
ក្នុងនោះថ្នាក់ដឹកនាំទាំងពីរ បានពិភាក្សាបន្ថែម អំពីទិសដៅនៃការបង្កើនទំនាក់ទំនង រវាងប្រទេសទាំងពីរ ជាពិសេស ក្នុងក្របខ័ណ្ឌ នៃទំនាក់ទំនងសភា និងសភា ។
ជាមួយគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោក ចាវ ឡឺជី បានឯកភាពគ្នា ចំពោះគោលការណ៍ នៃការបន្តកសាងលទ្ធិប្រជាធិបតេយ្យ ស្របតាមលក្ខខណ្ឌ របស់ប្រទេសជាតិនីមួយៗ សំដៅបម្រើផលប្រយោជន៍ដល់ប្រជាជនជាធំ ។
ក្នុងជំនួបនោះ ថ្នាក់ដឹកនាំទាំងពីរ បានបញ្ជាក់ជារួមថា “កម្ពុជា និងចិន ប្តេជ្ញាបន្តសហការជាមួយគ្នា ក្នុងនាមជាមិត្តដ៏ល្អ ដែលជឿទុកចិត្តបាន ព្រមទាំងបន្តសាមគ្គីជាមួយគ្នា ដើម្បីទប់ទល់នូវរាល់ការប៉ុនប៉ង ឬជ្រៀតជ្រែកពីខាងក្រៅ” ។
ក្នុងនោះលោក ចាវ ឡឺជី (Zhao Leji) ក៏បានរំលេចផងដែរថា ចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន នឹងចូលរួមកសាងសហគមន៍វាសនារួម ក្នុងយុគសម័យថ្មី ហើយប្រជាជាតិទាំងពីរ នឹងទទួលបានផ្លែផ្កាពីការកសាងសហគមន៍នេះ៕





