ព័ត៌មានជាតិ

ផ្លូវជាតិតាមបណ្តាខេត្ត ត្រូវបានជួសជុលថែទាំជាប្រចាំ ដើម្បីរក្សាគុណភាព

រូបភាពពី៖​ ក្រសួងសាធារណការ និងដឹកជញ្ជូន

ភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា ផ្លូវជាតិតាមបណ្តាខេត្ត ត្រូវបានជួសជុលថែទាំដោយក្រុមការងារបច្ចេកទេសជាប្រចាំ ដើម្បីរក្សាគុណភាពផ្លូវថ្នល់ឲ្យមានភាពល្អប្រសើរ និងអាចប្រើប្រាស់បានយូរអង្វែង។

តាមរយៈគេហទំព័រហ្វេសប៊ុករបស់ ក្រសួងសាធារណការ នាថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣ បានឲ្យដឹងថា គិតចាប់ពីថ្ងៃទី៩-១៥ កញ្ញា ក្រុមការងារបច្ចេកទេស នៃមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកោះកុង ស្ទឹងត្រែង សៀមរាប កែប កំពត តាកែវ រតនគិរី ព្រះវិហារ ស្វាយរៀង ត្បូងឃ្មុំ ពោធិ៍សាត់ និងកំពង់ចាម បានខិតខំប្រឹងប្រែងយកចិត្តទុកដាក់យ៉ាងសកម្ម។

ក្រសួង បន្ដថា ដោយបានចុះជួសជុលថែទាំ អ៊ុតកៅស៊ូ (Reseal) រោយថ្មម៉ិចពង្រីកតួផ្លូវ កៀរអ៊ុតសម្អាតចិញ្ចើមផ្លូវ ដាំបង្គោលសញ្ញាបង្ហាញផ្លូវ និងលាបថ្នាំ កាយដីដាក់ប្រព័ន្ធលូ ស្ដារប្រឡាយ ដំឡើងផ្លាកសញ្ញាចរាចរណ៍ កាត់សម្អាតស្មៅ-រុក្ខជាតិតាមដងផ្លូវ កៀរកិនបង្ហាប់គ្រឹះ លុបសម្បុកមាន់ គូសអ៊ុតគំនូស-បំពាក់ផ្លាកបង្គោលសញ្ញាចរាចរណ៍ នៅលើកំណាត់ផ្លូវជាច្រើនខ្សែ ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ផ្តល់ភាពងាយស្រួលក្នុងការដឹកជញ្ជូនទំនិញឆ្លងកាត់ ចំណេញពេលវេលា និងកាត់បន្ថយការគ្រោះថ្នាក់ចរាចរណ៍។

ក្រសួង បន្ថែមថា ទន្ទឹមនឹងការដែលមានផ្លូវថ្នល់ស្អាតល្អ សូមបងប្អូនប្រជាពលរដ្ឋមេត្តាចូលរួមគោរពច្បាប់ សូមកុំបំពានយកដីចំណីផ្លូវមកធ្វើអាជីកម្ម ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន ជៀសវាងការចាក់ដីខ្ពស់ជាងផ្លូវ និងកុំដឹកទំនិញលើសទម្ងន់កម្រិតកំណត់ ដើម្បីរក្សាគុណភាពផ្លូវថ្នល់ឱ្យមានភាពល្អប្រសើរ និងអាចប្រើប្រាស់បានយូរអង្វែង។

ក្រសួង គូសបញ្ជាក់ថា ប្រសិនបើបានជួបប្រទះបញ្ហាផ្លូវថ្នល់ ខូចខាតក្លាយជាជង្ហុកសម្បុកមាន់ សូមបងប្អូនប្រជាពលរដ្ឋទាញយកកម្មវិធីថែទាំផ្លូវ (Road Care) និងរាយការណ៍មកក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីអាចចាត់ក្រុមការងារចុះជួសជុល និងថែទាំបានទាន់ពេលវេលា៕

To Top