ព័ត៌មានជាតិ

កម្ពស់ទឹកស្ទឹងសែន ហក់ឡើងជិតដល់ កម្រិតប្រកាសអាសន្ន

រូបភាព៖ ក្រសួងធនធានទឹក

ភ្នំពេញ៖ ក្រសួងធនធានទឹកនិងឧតុនិយម បានឱ្យដឹងថា គិតត្រឹមថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣នេះ កម្ពស់ទឹកស្ទឹងសែននៅស្ថានីយជលសាស្ត្រ ក្រុងស្ទឹងសែន បានហក់ឡើងដល់កម្ពស់ ១៣,៤១ម៉ែត្រ ពោលគឺជិតដល់កម្រិតប្រកាសឱ្យមានការប្រុងប្រយ័ត្ន (កម្រិតប្រកាសឱ្យប្រុងប្រយ័ត្ន ១៣,៥០ម៉ែត្រ)។

យោងតាមក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថានៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣នេះ លោក ចាន់ យុត្ថា រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម និងក្រុមការងារសម្របសម្រួលធនធានទឹកប្រចាំខេត្តកំពង់ធំ សៀមរាប និងខេត្តព្រះវិហារ ព្រមទាំងថ្នាក់ដឹកនាំមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ធំ បានអញ្ជើញចុះពិនិត្យស្ថានភាពផលប៉ះពាល់ដែលបង្កឡើងដោយទឹកជំនន់ស្ទឹងសែន ខេត្តកំពង់ធំ។

ដោយពិនិត្យឃើញថា ទឹកស្ទឹងសែនបាននិងកំពុងបន្តកើនឡើងសន្សឹមៗបន្ថែមទៀត លោក ចាន់ យុត្ថា ក៏បានពិភាក្សាជាមួយលោក ងួន រតន: អភិបាលអភិបាលខេត្តកំពង់ធំ ដើម្បីចេញនូវសេចក្តីជូនដំណឹងស្តីពីស្ថានភាពកម្ពស់ទឹកស្ទឹងសែនក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ដល់សាធារណជន ជាពិសេសប្រជាពលរដ្ឋ ដែលរស់នៅតាមតំបន់ទំនាប អមសងខាងស្ទឹងសែនឱ្យបង្កើនការយកចិត្តទុកដាក់ខ្ពស់ចំពោះស្ថានភាពទឹកជំនន់ស្ទឹងសែន នាពេលនេះ៕

To Top