ព័ត៌មានជាតិ

កម្ពុជាត្រៀមស្វាគមន៍ យ៉ាងកក់ក្តៅចំពោះទេសចរចិន ដោយប្តេជ្ញាផ្តល់សន្តិសុខ និងសេវាកម្ម ប្រកបដោយគុណភាព

រូបភាព៖ ហ្វេសប៊ុក

ភ្នំពេញ៖ នៅក្នុងដំណើរទស្សនកិច្ចលើកដំបូង ក្នុងតំណែងជានាយករដ្ឋមន្រ្តីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បាន​បញ្ជាក់ប្រាប់ភាគីចិនជាថ្មី ថា កម្ពុជា ស្វាគមន៍យ៉ាងកក់ក្តៅ ជូនចំពោះទេសចរចិន និងប្តេជ្ញាចិត្ត ក្នុងការផ្តល់សន្តិសុខ និងសេវាកម្មប្រកបដោយគុណភាព។

តាមរយៈសេចក្ដីប្រកាសព័ត៌មានរួម​ ភាគីទាំងពីរបានឯកភាពគ្នាបង្កើនការ ផ្លាស់ប្តូររវាងស្ថាប័នទេសចរណ៍ និងវប្បធម៌/ក្រសួងទទួលបន្ទុក នៃប្រទេសទាំងពីរ ដើម្បីលើកកម្ពស់ ការអនុវត្តកម្មវិធីប្រតិបត្តិ ស្ដីពីកិច្ចសហប្រតិបត្តិការវប្បធម៌ រវាងរដ្ឋាភិបាលទាំងពីរ ស្របពេលលើក ទឹកចិត្តឱ្យមានកិច្ចសហប្រតិបត្តិការ រវាងវិស័យទេសចរណ៍ និងវប្បធម៌នៃប្រទេសទាំងពីរ តាមរយៈ ការអភិវឌ្ឍគម្រោងរួមនៃផលិតផលទេសចរណ៍ ធនធានមនុស្ស និងការគាំទ្រគ្នាទៅវិញទៅមកលើ ការផ្សព្វផ្សាយ និងទីផ្សារទេសចរណ៍ ក៏ដូចជាការគាំទ្រគ្រប់ជ្រុងជ្រោយនៅក្នុងកិច្ចប្រឹងប្រែងកសាង ស្ថាប័ន។ បន្តអនុវត្តគម្រោងជំនួយរបស់ចិន ក្នុងការជួសជុលព្រះបរមរាជវាំងនៅអង្គរ និងជំរុញកិច្ច សហប្រតិបត្តិការក្នុងការការពារ និងការជួសជុលប្រាសាទព្រះវិហារ និងបេតិកភណ្ឌវប្បធម៌ដទៃ ទៀត។ គាំទ្រសហគ្រាសដឹកជញ្ជូន តាមផ្លូវអាកាសនៃប្រទេសទាំងពីរ ដើម្បីបង្កើនជើងហោះហើរ កម្ពុជា-ចិន ស្របតាមតម្រូវការទីផ្សារ ដើម្បីសម្រួលដល់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម ទ្វេភាគី និងការផ្លាស់ប្តូរមន្ត្រី៕

To Top