ព័ត៌មានជាតិ

លិខិតមិត្តអ្នកអាន៖ ការរំកិល សេវាលិខិតឆ្លងដែន ដល់កាំជណ្តើរពលករ នៅក្រៅប្រទេស ជាយុទ្ធសាស្ត្រដ៏មានប្រសិទ្ធិភាពថ្មី សម្រាប់ពលករ ដែលគួរតែសាទរ

នៅក្នុងជំនួបសំណេះសំណាល ជាមួយកម្មករ កម្មការិនីជិត ២ម៉ឺននាក់ នៅខេត្តកំពង់ស្ពឺកាលពីពេលថ្មីៗកន្លងទៅនេះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានប្រកាសអនុញ្ញាតឱ្យសមត្ថកិច្ចពាក់ព័ន្ធ រៀបចំធ្វើលិខិតឆ្លងដែនជូនពលករខ្មែរដែលកំពុងស្នាក់នៅ និងធ្វើការក្នុងប្រទេសកូរ៉េខាងត្បូង ដល់ទីតាំងនោះផ្ទាល់តែម្តង ដើម្បីសម្របសម្រួលមធ្យោបាយ កាត់បន្ថយពេលវេលា ការចំណាយរបស់ពលករខ្មែរនៅទីនោះ។ 

សម្តេចនាយករដ្ឋមន្ត្រី មានប្រសាសន៍គូសបញ្ជាក់ថា លោកបានសម្រេចអនុញ្ញាត ឱ្យរៀបចំធ្វើលិខិតឆ្លងដែន (Passport) បាននៅក្រៅប្រទេសតែម្ដង ដោយចាប់ផ្ដើមពីកូរ៉េខាងត្បូងមុនគេ។

តាមរយៈការលើកឡើងរបស់ប្រមុខរដ្ឋាភិបាលដូច្នេះ ត្រូវគេមើលឃើញថា ជារបត់មួយថ្មីបន្ថែមទៀតជាពិសេសពាក់ព័ន្ធនឹងវិស័យការងារកម្ពុជា គឺជាលើកដំបូងហើយ ដែលប្រមុខរដ្ឋាភិបាល តាមរយៈក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រួមនឹងស្ថាប័នពាក់ព័ន្ធផ្សេងទៀត មានការគិតគូរដល់សុខទុក្ខ និងបញ្ហាចោទរបស់ពលករខ្មែរនៅក្រៅប្រទេស មិនត្រឹមតែកម្មករនៅក្នុងប្រទេសនោះទេ។

ជាទូទៅការដែលប្រមុខរដ្ឋាភិបាលកម្ពុជា បង្ហាញនូវសុឆន្ទៈដ៏ម៉ោះមុតក្នុងការធ្វើឲ្យប្រសើរឡើងនូវសេវាកម្មធ្វើលិខិតឆ្លងដែនដល់ៗទីកន្លែង ដែលពលករស្នាក់នៅ និងធ្វើការឯក្រៅប្រទេសដូច្នេះ វាជាការឆ្លុះបញ្ចាំងនូវទំនុកចិត្តដ៏ខ្ពស់ និងការយកចិត្តទុកដាក់ដ៏ធំធេងទៅលើតម្លៃនៃកម្លាំងពលកម្ម ខណៈដែលរដ្ឋាភិបាលថ្មីទើបតែចេញដំណើរមិនដល់មួយខែផង។

ជាការពិត ការសម្រេចអនុញ្ញាតឲ្យក្រសួងការងារ ក្រសួងការបរទេស ក្រសួងមហាផ្ទៃ រួមនឹងស្ថាប័នពាក់ព័ន្ធសហការគ្នាផ្តល់លិខិតឆ្លងដែនដល់ពលករ នៅក្រៅប្រទេសដល់កន្លែងពួកគេធ្វើការតែម្តងនោះ គឺជាគុណសម្បតិមួយដ៏ធំធេង និងជាការផ្តល់ផលប្រយោជន៍ដ៏ក្រាស់ក្រែល សម្រាប់ពលករកម្ពុជា ដែលធ្វើចំណាកស្រុកទៅធ្វើការ នៅបរទេស។

តួយ៉ាងដូចជា នៅប្រទេសកូរ៉េខាងត្បូងជាដើម ដែលជាការចាប់ផ្តើមមុនគេនេះ គឺពិតជាជួយសម្រួលដល់ពលករខ្មែរដ៏ច្រើនមិនអាចប្រកែកបាន ខណៈពលករខ្មែរនៅកូរ៉េខាងត្បូងប្រមាណ៦ម៉ឺននាក់ នឹងទទួលបានអត្ថប្រយោជន៍នេះ យ៉ាងពិតប្រាកដ។ផលប្រយោជន៍ដែលពលករខ្មែរ ទទួលបាននោះគឺការជួយបង្កើនប្រាក់ចំណូល ដល់ពួកគេបន្ថែមទៀត នៅពេលដែលការចំណាយមួយចំនួនរបស់ពលករ មិនត្រូវបានបាត់បង់តាមរយៈយន្តការថ្មីរបស់ប្រមុខរដ្ឋាភិបាល។

តាមសភាពជាក់ស្តែងពលករម្នាក់ៗ ដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសកូរ៉េ ពិតជាមានភាពចាំបាច់ នឹងត្រូវការជំនួយពីរាជរដ្ឋាភិបាល ដោយហេតុថាពួកគេមានការលំបាក ក្នុងការធ្វើលិខិតឆ្លងដែនថ្មី ខណៈដែលលិខិតឆ្លងដែនចាស់ អស់សុពលភាព និងមិនអាចពន្យាបាន ហើយត្រូវចំណាយពេលវេលា និងថវិកាធ្វើដំណើរត្រលប់មកប្រទេសកម្ពុជាវិញ ដើម្បីធ្វើលិខិតឆ្លងដែនថ្មី និងឯកសារផ្សេងៗទៀត ដូចជាលិខិតថ្កោលទោសជាដើម។

មួយវិញទៀត ការដែលត្រូវចាកចេញពីកន្លែងធ្វើការមួយរយៈ ក៏ព្រោះតែ ដើម្បីវិលត្រលប់ទៅប្រទេសកំណើត ដើម្បីធ្វើលិខិតឆ្លងដែន និងលិខិតស្នាមផ្សេងៗ មិនមែនជាការងាយស្រួលទេ។ ពលករខ្លះបានប្រឈមនឹងការសុំអនុញ្ញាតច្បាប់តឹងតែងពីនិយោជកសហគ្រាស ក្រុមហ៊ុន ឬកសិដ្ឋាន ដោយគេបារម្ភថាអវត្តមានរបស់បុគ្គលិកច្រើន នឹងធ្វើឲ្យប៉ះពាល់ដល់ច្រវ៉ាក់ផលិតកម្មរបស់គេ។ ពេលខ្លះនិយោជក អាចនឹងកាត់ប្រាក់ខែក៏មាន។ 

ក៏ប៉ុន្តែបញ្ហាលំបាកទាំងនេះ នឹងលែងមានទៀតហើយ ហើយនឹងត្រូវបានដោះស្រាយតាមរយៈការសម្រេចចិត្តប្រកបដោយគតិបណ្ឌិត និងការគិតគូរដ៏ធំធេង របស់ប្រមុខរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន ម៉ាណែត។

ដូច្នេះការដាក់ការរិយាល័យ នៅតាមទីតាំងការងារពលករ ដែលមានចំងាយរាប់ពាន់គីឡូម៉ែត្រពីមាតុប្រទេស ដើម្បីធ្វើលិខិតឆ្លងដែនដល់ពលករនៅប្រទេសកូរ៉េពេលនេះ គឺជាសក្ខីភាពបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលបន្ថែមទៀត បន្ថែមពីលើការប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការជួយរកការងារឲ្យពលរដ្ឋរបស់ខ្លួនធ្វើនៅក្រៅប្រទេស ដើម្បីបង្កើនប្រាក់ចំណូលសម្រាប់សេដ្ឋកិច្ចគ្រួសារ។

អតីតអ្នកការទូត ក៏ដូចជាអ្នកតាមដានសង្គមនានាយល់ឃើញប្រហាក់ប្រហែលគ្នាថា ការសម្រេចចិត្តរបស់លោកបណ្ឌិត ហ៊ុន ម៉ាណែត គឺជាកាយវិការដ៏ឈ្លៀសវៃមួយ ដែលបង្ហាញនូវការប្តេជ្ញាចិត្តខ្ពស់ នៅចំពោះមុខពលរដ្ឋម្ចាស់ឆ្នោត និងប្រជាជាតិខ្មែរទាំងមូលថា រាជរដ្ឋាភិបាលថ្មីដែលដឹកនាំដោយអ្នកបន្តវេនគណបក្សប្រជាជនកម្ពុជាពិតជាមានសមត្ថភាព និងគុណភាពក្នុងការដឹកនាំនិងដោះស្រាយនូវបញ្ហាប្រឈមនានារបស់ពលរដ្ឋខ្មែរទាំងនៅក្នុង និងក្រៅប្រទេស។

ទោះយ៉ាងណា យន្តការបង្ខិតសេវាលិខិតឆ្លងដែនទៅកៀកនឹងកាំជណ្តើររបស់ពលករ ដែល ប្រមុខរដ្ឋាភិបាលកម្ពុជាបានដាក់ចេញពេលនេះ ត្រូវបានគេមើលឃើញថាមិនអាចគេចផុតពីការរិះគន់ពីសំណាក់ពួកប្រឆាំងផ្កាប់មុខមួយចំនួនតូច ថាធ្វើឡើងក្នុងគោលបំណងកេងចំណេញនយោបាយ។ ក៏ប៉ុន្តែអ្នកតាមដានសង្គមនានា ក៏ដូចជាអតីតអ្នកការទូតយល់ឃើញថា ដើម្បីប្រយោជន៍របស់ពលរដ្ឋ និងសង្គម ទោះជារងនូវការវិនិច្ឆ័យដោយអយុត្តិធម៌យ៉ាងណា ក៏រាជរដ្ឋាភិបាលមិនរាថយដែរ។

តាមពិតទៅ ការរំកិលសេវាទៅកៀកពលករខ្មែរនៅក្រៅប្រទេស មិនមែនជារូបភាពនយោបាយអ្វីទេ ផ្ទុយទៅវិញ វាជាការប្រឹងប្រែងរបស់រដ្ឋាភិបាល ក្នុងការយល់ដឹង និងទទួខុសត្រូវពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ហើយខិតខំកែលម្អ និងដាក់ចេញនូវគោលនយោបាយឲ្យប្រសើរជាងមុន។

ដូច្នេះតាមរយៈការចាប់ផ្តើម ការរំកិលការធ្វើលិខិតឆ្លងដែននៅដល់ទីកន្លែងធ្វើការរបស់ពលករជាលើកដំបូងនៅកូរ៉េខាងត្បូង ពលករខ្មែរនៅប្រទេសផ្សេងទៀត ក៏បានសម្តែងការគាំទ្រ ហើយក៏ទន្ទឹងរង់ចាំយ៉ាងអន្ទះសារផងដែរ នូវយន្តការថ្មី ដែលដាក់ចេញដោយប្រមុខរដ្ឋាភិបាលថ្មី ហើយនេះបង្ហាញពីលទ្ធផល និងការតបស្នងដែលបានកើតឡើងពីការគាំទ្រយ៉ាងភ្លូកទឹកភ្លូកដីពីប្រជាពលរដ្ឋកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ កន្លងទៅ។

តាមការឲ្យដឹងពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ពលករកម្ពុជាប្រមាណ ជាង១,៣លាននាក់ បាននិងកំពុងបំរើការងារនៅក្រៅប្រទេសចំនួន៧ ក្នុងនោះមានថៃ កូរ៉េ ជប៉ុន សិង្ហបុរី ហុងកុង និងអារ៉ាប៊ីសាអ៊ូឌីត ក្នុងនោះប្រទេសថៃមានពលករខ្មែរច្រើនជាងគេ ដល់ទៅជាង ១,២លាននាក់។ ក្នុងមួយឆ្នាំៗ ពលករខ្មែរដែលបានទៅធ្វើការនៅក្រៅប្រទេសទាំងអស់នេះ បានបញ្ជូនប្រាក់ទៅកាន់ក្រុមគ្រួសាររបស់ពួកគេនៅក្នុងប្រទេសប្រមាណជិត ៣ពាន់លានដូល្លារអាមេរិក។

ជាសរុបមកការរំកិលសេវាធ្វើលិខិតឆ្លងដែន សម្រាប់ពលករដល់ទីតាំងដែលពួកគេធ្វើការនៅក្រៅប្រទេស គឺជាយន្តការមួយដែលមានការសាទរដ៏ច្រើនលើសលប់ ដែលយន្តការនេះជាសញ្ញាមួយបង្ហាញថា ការចេញដំណើររបស់រាជរដ្ឋាភិបាលថ្មីក្រោមការដឹកនាំរបស់លោកបណ្ឌិត ហ៊ុន ម៉ាណែត ពិតជាការចេញដំណើរមួយ ប្រកបដោយភាពត្រឹមត្រូវ មានភាពប្រាកដនិយមច្រើន ដែលលទ្ធផលទាំងអស់នេះស្តែងឲ្យឃើញពីសមត្ថភាពពិតរបស់អ្នកដឹកនាំវ័យក្មេង របស់គណបក្សប្រជាជនកម្ពុជា ប្រកបដោយគុណភាព៕

ដោយ៖ ស៊ុន សុវណ្ណនរិន្ទសូរ្យ

To Top