ព័ត៌មានជាតិ

អាជ្ញាធរភ្នំពេញ ឲ្យគ្រប់ស្ថាប័នរដ្ឋ-ឯកជន រួមគ្នាវាយគង ទូងស្គរ ថ្ងៃ២០ កញ្ញា អបអរសាទរ “ប្រាសាទកោះកេរ” ត្រូវបានចុះបញ្ជីបេតិកភណ្ឌពិភពលោក

រូបភាព៖ នាយករដ្ឋមន្ត្រីកម្ពុជា

ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ បានឲ្យគ្រប់ស្ថាប័នរដ្ឋ ឯកជន និងប្រជាពលរដ្ឋទាំងអស់ក្នុងរាជធានីរួមគ្នាវាយគង ទូងស្គរ ទះប៉ោត និងគោះត្រដោក តាមគ្រប់មធ្យោបាយដែលខ្លួនមាន នាវេលាម៉ោង៧ព្រឹក នាថ្ងៃ២០ កញ្ញា នៅគ្រប់ទីកន្លែងសាធារណៈសំខាន់ៗ ដើម្បីអបអរសាទរព្រឹត្តិការណ៍ ជាប្រវត្តិសាស្ត្រដ៏សំខាន់មួយរបស់ជាតិ និងប្រជាជនកម្ពុជាទាំងមូលនាឱកាស “រមណីយដ្ឋានប្រាសាទកោះកេរ” ត្រូវបានគណៈកម្មាធិការ បេតិកភណ្ឌពិភពលោក នៃអង្គការយូណេស្កូ បានសម្រេចចុះក្នុងបញ្ជី បេតិកភណ្ឌពិភពលោក កាលពីថ្ងៃ១៧ កញ្ញា។

យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃ១៨ កញ្ញា បានឲ្យដឹងថា ៖ ១. គ្រប់ស្ថាប័នរដ្ឋ ឯកជន រដ្ឋបាលខណ្ឌ-សង្កាត់ មន្ទីរ-អង្គភាពជុំវិញរដ្ឋបាលរាជធានីភ្នំពេញ រោងចក្រ សហគ្រាស ក្រុមហ៊ុន សាលារៀន មន្ទីរពេទ្យ វត្តអារាម វិហារសាសនា និងប្រជាពលរដ្ឋទាំងអស់ រួមគ្នាធ្វើការវាយគង ទូងស្គរ ទះប៉ោត និងគោះត្រដោក តាមគ្រប់មធ្យោបាយ នៅគ្រប់ទីកន្លែងសាធារណៈសំខាន់ៗ រួមមាន ទីស្ដីការក្រសួង-ស្ថាប័ន សាលារាជធានីភ្នំពេញ សាលាខណ្ឌ-សង្កាត់ សាលារៀន មន្ទីរពេទ្យ គ្រប់វត្តអារាម និងសាលាបុណ្យ ព្រមទាំងគ្រប់ទីប្រជុំសហគមន៍ នៅតាមភូមិឱ្យបានច្រើនកុះករ ខ្ញៀវខ្ញារ ។

២. គ្រប់រដ្ឋបាលខណ្ឌ-សង្កាត់ ត្រូវណែនាំប្រជាពលរដ្ឋ នៅតាមមូលដ្ឋានរៀងៗខ្លួន ឲ្យចងទង់ជាតិនៅគ្រប់ទីតាំង និងគប់លំនៅឋាន។

៣. មន្ទីរព័ត៌មានរាជធានីភ្នំពេញ ត្រូវចាត់តាំងបណ្តាញវិទ្យុ និងស្ថានីយទូរទស្សន៍ ចុះធ្វើសកម្មភាពយកព័ត៌មាន ថតរូប និងថតវីឌីអូនូវរាល់សកម្មភាព និងទិដ្ឋភាពជាក់ស្តែង នៃព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះ ហើយត្រូវធ្វើការផ្សព្វផ្សាយទូលំទូលាយ៕

To Top