ព័ត៌មានជាតិ

អគារទីស្ដីការក្រសួងមហាផ្ទៃ នឹងសម្ពោធនៅដើមខែវិច្ឆិកា ក្រោមអធិបតីភាព សម្ដេចធិបតី ហ៊ុន ម៉ាណែត

ភ្នំពេញ ៖ នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣នេះ បណ្ឌិត ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការប្រចាំការ ក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំត្រៀមរៀបចំពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវអគារទីស្ដីការក្រសួងមហាផ្ទៃ ខណៈពិធីនេះ នឹងប្រព្រឹត្តទៅ ក្រោមអធិបតី សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា នៅខែវិច្ឆិកា ឆ្នាំ២០២៣ខាងមុខ។

នាឱកាសនោះរដ្ឋលេខាធិការគូសបញ្ជាក់ថា «ពិធីសម្ពោធអគារទីស្ដីការក្រសួងមហាផ្ទៃ នឹងប្រព្រឹត្តទៅក្រោមអធិបតីភាព សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខនេះ»។

លោកបន្ដថា តាមការណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្ដេចក្រឡាហោម ស ខេង អតីតឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នាពេលកន្លងទៅ សម្ដេច បានយកចិត្តទុកដាក់ចំពោះការងារសាងសង់ និងរៀបចំពិធីសម្ពោធអគារទីស្ដីការក្រសួងមហាផ្ទៃថ្មីនេះ ដោយធ្វើយ៉ាងណារៀបចំពិធីនេះឡើង ដោយអធិកអធម ដើម្បីឲ្យសាកសម។

ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ សេង យូអ៊ាន់ អគ្គនាយក នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ បានលើកឡើងថា រហូត មកដល់ពេលនេះ ការងារសាងសង់អគារទីស្ដីការក្រសួងមហាផ្ទៃ បានសាងសង់រួចរាល់ចប់សព្វគ្រប់។

គួរបញ្ជាក់ថា អគារទីស្ដីការក្រសួងមហាផ្ទៃមានទំហំ ១៥៣ម៉ែត្រ គុណ ៨៣ម៉ែត្រ មាន៩ជាន់ មិនរាប់បញ្ចូលជាន់ផ្ទាល់ដី និងជាន់សម្រាប់ចំណតរថយន្ត។ អគារស្ថាប័នរដ្ឋ ដ៏ធំស្កឹមស្កៃមួយនេះ ត្រូវបានសាងសង់ឡើងនៅលើទីតាំងចាស់ ចំពោះប្លង់ស្ថាបត្យកម្ម ជាប្រភេទស្ថាបត្យកម្មក្លាសិក រចនាបទខ្មែរដំបូលប្រក់ក្បឿងស្រកាលិញ មានបុស្បបុកចំនួនប្រាំ លំនាំតាមប្រាសាទអង្គវត្តកំពូលប្រាំ អនុលោមតាមគោលការណ៍សមមាត្រនៃរូបរាងអគារ និងគិតគូរយ៉ាងហ្មត់ចត់អំពីពន្លឺ និងខ្យល់ធម្មជាតិ ប្រកបដោយផាសុខភាព ស័ក្តិសមជាទីកន្លែងធ្វើការបែបសម័យទំនើប៕

To Top