ព័ត៌មានជាតិ

លោក ប៉ាវ ស៊ីណា​​ គិតថា រាជរដ្ឋាភិបាលនឹងបន្ថែមតួលេខនៅថ្ងៃបញ្ចប់កិច្ច​ប្រជុំប្រាក់ឈ្នួលកម្មករ

ភ្នំពេញ ៖ សម្រាប់ថ្ងៃចុងក្រោយដែលជាឱសានវាទកំណត់កិច្ចប្រជុំចរចាប្រាក់ឈ្នួលកម្មករឆ្នាំ២០២៤ដែលនឹងបញ្ចប់នាថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៨ខាងមុខ លោក ប៉ាវ ស៊ីណា ដែលជាមេសហជីពម្នាក់ក្នុងចំណោមមេសហជីពផ្សេងទៀតបានលេចវត្តចូលរួមប្រជុំដែរនោះ បានគិតថា ប្រមុខរាជរដ្ឋាភិបាលថ្មីក្នុងអាណត្តិទី៧ ក្រោមការដឹកនាំពីសម្តេចធិបតី ហ៊ុន ម៉ាណែត នឹងបន្ថែមតួលេខពីលើការសម្រេចចុងបញ្ចប់នេះផងដែរ ។

ប៉ុន្តែចំពោះតួលេខប៉ុន្មានដុល្លារបន្ថែមពីលើការសម្រេចក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមានោះ លោកក៏មិនទា​ន់ដឹងនៅឡើយទេ តែលោកជឿជាក់ថា នឹងពិតជាថែមជាមិនខាន។

លោកប៉ាវ ស៊ីណា បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលក្រោយបញ្ចប់កិច្ចប្រជុំលើប្រាក់ឈ្នួល លើកទី៥នៅព្រឹកថ្ងៃ១៨ កញ្ញា ថា “ថ្ងៃចុងក្រោយដែលនឹងប្រជុំថ្ងៃទី២៨ កញ្ញា ខ្ញុំគិតថា នឹងមានតួលេខបន្ថែមទៀតពីសំណាក់រដ្ឋាភិបាល ប៉ុន្តែយើងមិនទាន់ដឹងថា ចំនួនប​ន្ថែមមានចំនួនណានោះ យើងមិនទាន់ដឹងទេ ប៉ុន្តែគ្រាន់តែដឹងថា នឹងមានតួលេខបន្ថែម…នឹងមានតួលេខនយោបាយបន្ថែមទៀត”។

សម្រាប់កិច្ចប្រជុំលើកទី៥ដែលសល់តែមួយលើកទៀតនឹងដឹងលទ្ធផលប្រាក់ខែកម្មករនោះ លោក ប៉ាវ ស៊ីណា ក៏យល់ពីការលំបាករបស់ភាគីថៅកែដែរ ដែលកើតចេញពីបញ្ហាសង្គ្រាមរវាងរុស្ស៊ីនិងអ៊ុយក្រែនដែលបានជះឥទ្ធិពលមកដល់វិស័យកាត់ដេរវាយនភណ្ឌចំពោះបណ្តាប្រទេសនានា ក្នុងនោះក៏មានកម្ពុជាដែរ ។

សូមរំលឹកថា ២០២៣នេះ ប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិតក្នុងវិស័យវាយនភណ្ឌ កាត់ដេរសម្លៀកបំពាក់ ផលិតស្បែកជើង និងផលិតផល ធ្វើដំណើរនិងកាបូបមានចំនួន១៩៨ដុល្លារបូកបន្ថែមរាជរដ្ឋាភិបាល២ដុល្លារទៀតសរុបទាំងអស់មានចំនួន២០០ដុល្លារ ក្នុងមួយខែ ហើយបើបូកប្រាក់អត្ថប្រយោជន៍ផ្សេងៗទៀត កម្មករម្នាក់អាចទទួលបានប្រាក់ឈ្នួលជាង២០០ដុល្លារ ៕

To Top