ព័ត៌មានជាតិ

រដ្ឋមន្ដ្រី ថោ ជេដ្ឋា សំណូមពរឥណ្ឌា បន្ដសហការលើគម្រោងដំឡើងស្ថានីយបូមទឹក ដើរដោយថាមពលព្រះអាទិត្យ

រូបភាពពី ក្រសួងធនធានទឹក និងឧតុនិយម

ភ្នំពេញ ៖ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានសំណូមពរដល់ភាគីឥណ្ឌា បន្តកិច្ចសហប្រតិបត្តិការលើគម្រោងដំឡើងស្ថានីយបូមទឹក ដើរដោយថាមពលពន្លឺព្រះអាទិត្យ ព្រមទាំងគម្រោងនានាមួយចំនួនទៀត។

នាឱកាសអញ្ជើញទទួលជួបពិភាក្សាការងារជាមួយលោកស្រី DEVYANI KHOBRAGADE ឯកអគ្គរដ្ឋទូតឥណ្ឌា ប្រចាំកម្ពុជា នាថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ លោករដ្ឋមន្ដ្រី ថោ ជេដ្ឋា បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលឥណ្ឌា ជានិច្ចកាលតែងតែផ្តល់នូវជំនួយគាំទ្រទាំងសម្ភារ និងថវិកា និងផ្តល់នូវកិច្ចសហប្រតិបត្តិការយ៉ាងល្អលើវិស័យធនធានទឹកជាមួយ ក្រសួងធនធានទឹក និងឧតុនិយម នាពេលកន្លងមក។

រូបភាពពី ក្រសួងធនធានទឹក និងឧតុនិយម

លោករដ្ឋមន្ដ្រី គូបញ្ជាក់ថា «ក្រសួងធនធានទឹក និងឧតុនិយម បានសំណូមពរដល់ភាគីឥណ្ឌា បន្តកិច្ចសហប្រតិបត្តិការលើគម្រោងអភិវឌ្ឍន៍ធនធានទឹក ដូចជា៖ គម្រោងអភិវឌ្ឍន៍ធនធានទឹកស្ទឹងឃ្លៀច ស្ថិតនៅខេត្តកំពង់ស្ពឺ, គម្រោងដំឡើងស្ថានីយបូមទឹកដើរដោយថាមពលពន្លឺព្រះអាទិត្យ, គម្រោងសិក្សាបន្ថែមទឹកក្រោមដីក្នុងខេត្តកំពង់ស្ពឺ ស្ថិតនៅក្រុង-ស្រុក ចំនួន ៤គឺក្រុងច្បារមន ស្រុកភ្នំស្រួច ស្រុកសំរោងទង និងស្រុកឧដុង្គ, ផ្តល់រូបភាពពីផ្កាយរណប ដើម្បីជួយដល់ការព្យាករឱ្យមានប្រសិទ្ធភាព ជាពិសេសការព្យាករទឹកជំនន់នារដូវវស្សា, ជួយដល់ការអភិវឌ្ឍធនធានមនុស្សទាំងផ្នែកបច្ចេកទេស និងផ្នែកបច្ចេកវិទ្យា ពិសេសបច្ចេកវិទ្យា ទឹកក្រោមដី»។

រូបភាពពី ក្រសួងធនធានទឹក និងឧតុនិយម

ជាមួយគ្នានេះ លោកស្រី ឯកអគ្គរដ្ឋទូត បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការនាពេលកន្លងមក និងសម្តែងនូវការកោតសរសើរដល់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ពិសេសថ្នាក់ដឹកនាំនៃក្រសួងធនធានទឹក និងឧតុនិយម បានរួមសហការគ្នាយ៉ាងល្អប្រកបដោយប្រសិទ្ធភាពខ្ពស់។

សូមរំលឹកថា ចាប់តាំងពីឆ្នាំ២០០៤មក ក្រោមកិច្ចសហប្រតិបត្តិការលើវិស័យធនធានទឹករវាងរដ្ឋាភិបាលឥណ្ឌា និងក្រសួងធនធានទឹក និងឧតុនិយមកម្ពុជា ទាំងតាមរយៈជំនួយឥតសំណង និងកម្ចីសម្បទាន បានទទួលនូវសមិទ្ធផលជាច្រើន ដូចជា៖ គម្រោងទិញម៉ាស៊ីនបូមទឹក, គម្រោងអភិវឌ្ឍន៍ទំនប់អាងទឹកស្ទឹងតាសាល ដំណាក់កាលទី១ ដែលមានទីតាំងស្ថិតនៅឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ, គម្រោងអភិវឌ្ឍន៍ផែនការមេស្ទឹងសៀមរាប, គម្រោង សិក្សាទឹកក្រោមដីក្នុងខេត្តកំពង់ស្ពឺ ដែលបានធ្វើឡើងនៅក្នុងស្រុកចំនួន ២គឺ ស្រុកបរសេដ្ឋ និងស្រុកគងពិសី៕

To Top