ភ្នំពេញ ៖ ក្នុងរយៈពេល៥ឆ្នាំ រដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបណ្តុះបណ្តាលកម្លាំង ជំនាញវិជ្ជាជីវៈបានជាង២៧ម៉ឺននាក់ ដើម្បីចាក់បញ្ចូល ក្នុងតម្រូវការទីផ្សារដ៏ទូលំទូលាយ ។
![](https://dap-news.com/wp-content/uploads/2023/09/photo_2023-09-18_18-03-28-682x1024.jpg)
ការបង្ហាញរបាយការណ៍នេះ គឺស្របពេលដែលរដ្ឋាភិបាល ដាក់ផែនការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដល់យុវជន១លាន៥សែននាក់ ដែលមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងគ្រោះនៅទូទាំង ប្រទេសកម្ពុជាក្នុងអាណត្តិទី៧នេះ ។
របាយការណ៍របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបង្ហាញថា កម្លាំងពលកម្មជំនាញ ដែលបានបញ្ចប់ការអប់រំ និងបណ្តុះបណ្តាលបច្ចេកទេស និង វិជ្ជាជីវៈ យ៉ាងតិចឬស្មើកម្រិតវិញ្ញាបនបត្របច្ចេកទេស និង វិជ្ជាជីវៈរយៈពេលខ្លី មានចំនួន ២៧ ម៉ឺននាក់ ចន្លោះឆ្នាំ ២០១៨- ២០២២។
![](https://dap-news.com/wp-content/uploads/2023/09/photo_2023-09-18_18-03-33-682x1024.jpg)
សម្រាប់ឆ្នាំ ២០២២ កម្លាំងពលកម្មជំនាញដែលបានបញ្ចប់ការអប់រំ និង បណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ មានប្រុសចំនួន ៥៣,៧២៣ នាក់ ក្នុងនោះមានការកើនឡើង ៥,៩៨ ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១ មានចំនួន ៥០,៦៩០ នាក់។
ដោយឡែកចំនួនសិស្សស្រីវិញ មានចំនួន ១៩,៩៤៩ នាក់ ក្នុងនោះមានការថយចុះ ៩,១២ ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២១ មានចំនួន ២១,៩៥២ នាក់។
![](https://dap-news.com/wp-content/uploads/2023/09/photo_2023-09-18_18-03-37-682x1024.jpg)
ជាមួយគ្នានេះ ចំនួនសិស្សបញ្ចប់ការបណ្តុះបណ្តាល កម្រិតសញ្ញាបត្របច្ចេកទេសនិងវិជ្ជាជីវៈកម្រិត ១,២ និង ៣ ក្នុងឆ្នាំ ២០២២ មានចំនួន ១៦,៧១៩ នាក់ ក្នុងនោះមានកើនឡើង ៦,៦៦ ភាគរយបើប្រៀបនឹងរយៈពេលឆ្នាំ ២០២១ មានចំនួន ១៥,៦៧៤ នាក់។
ទន្ទឹមនឹងនេះ ចំនួនសិស្សបញ្ចប់ការបណ្តុះបណ្តាលកម្រិតចាប់ពីសញ្ញាបត្រជាន់ខ្ពស់ / បរិញ្ញាបត្ររងបច្ចេកទេស ឬ ឯកទេស ក្នុងឆ្នាំ ២០២២ មានចំនួន ១២, ២៦៩ នាក់ ក្នុងនោះមានការកើនឡើង ២៤,៨២ ភាគរយ បើប្រៀបធៀបនឹងឆ្នាំ ២០២១ មានចំនួន ៩,៨២៩ នាក់ ៕
![](https://dap-news.com/wp-content/uploads/2023/09/photo_2023-09-18_18-03-53-768x1024.jpg)
![](https://dap-news.com/wp-content/uploads/2023/09/photo_2023-09-18_18-04-00-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)