ព័ត៌មានជាតិ

គណៈកម្មការគ្រប់គ្រង ល្បែងពាណិជ្ជកម្ម ឲ្យបញ្ឈប់ជាបន្ទាន់ការផ្សាយពាណិជ្ជកម្ម ល្បែងស៊ីសងគ្រប់ប្រភេទ

ភ្នំពេញ ៖ គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា(គ.ល.ក.) បានស្នើឲ្យបញ្ឈប់ជាបន្ទាន់នូវការផ្សព្វផ្សាយពាណិជ្ជកម្មល្បែងស៊ីសងគ្រប់ប្រភេទ និងគ្រប់មធ្យោបាយ និងហាមឃាត់រាល់ការផលិតមាតិកាតាមបណ្តាញសង្គម។ នេះបើតាមសេចក្តីជូនដំណឹងរបស់គ.ល.ក.នាពេលថ្មីៗនេះ។

ការចេញសេចក្ដីជូនដំណឹងរបស់គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជាឲ្យបញ្ឈប់សកម្មភាពនេះ បន្ទាប់ពី គ.ល.ក. ពិនិត្យឃើញថា បុគ្គលមានអំណាចមួយចំនួន នៅតែបន្តមានសកម្មភាពផ្សព្វផ្សាយពាណិជ្ជកម្មអំពីល្បែងពាណិជ្ជកម្ម ដោយពុំមានការអនុញ្ញាតពី គ.ល.ក. ដោយមានសកម្មភាពផ្សព្វផ្សាយអំពីល្បែងស៊ីសងខុសច្បាប់តាមប្រព័ន្ធអនឡាញ មានការចូលរួមពីសាធារណជន និងបុគ្គលដែលមានប្រជាប្រិយភាព (Influencers) ក្នុងការផ្សព្វផ្សាយផលិតវីដេអូខ្លីៗ និងបង្កើតមាតិកាកម្សាន្តតាមបណ្តាញទំនាក់ទំនងសង្គម ប្រព័ន្ធផ្សព្វផ្សាយនានាមានខ្លឹមសារអូសទាញប្រជាពលរដ្ឋឲ្យចូលលេងល្បែងផ្ទុយពីច្បាប់ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម និងបង្កឲ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយសង្គម។

ប្រភពដដែលគូសបញ្ជាក់ថា «ប្រតិបត្តិករល្បែងពាណិជ្ជកម្មទាំងអស់ ត្រូវបញ្ឈប់ជាបន្ទាន់នូវសកម្មភាពផ្សាយពាណិជ្ជកម្មអំពីល្បែងពាណិជ្ជកម្មគ្រប់ប្រភេទ និងគ្រប់មធ្យោបាយរហូតដល់មានការជូនដំណឹងជាថ្មី»។

លើសពីនេះ អ្នកផលិតវីដេអូ អ្នកបង្កើតមាតិកាកម្សាន្តតាមបណ្តាញទំនាក់ទំនងសង្គម និងបុគ្គលពាក់ព័ន្ធផ្សេងទៀត ត្រូវបញ្ឈប់ជាបន្ទាន់រាល់ការផលិត ការផ្សព្វផ្សាយ ឬការចែកចាយវីដេអូ ឬមាតិកាកម្សាន្តដែលមានខ្លឹមសារផ្សព្វផ្សាយអំពីល្បែងពាណិជ្ជកម្ម និងល្បែងស៊ីសងខុសច្បាប់ តាមប្រព័ន្ធអនឡាញគ្រប់ប្រភេទ។ រាល់សកម្មភាពពាក់ព័ន្ធនឹងការចូលរួមផ្សព្វផ្សាយ ឬចែកចាយវីដេអូដែលមានខ្លឹមសារផ្សព្វផ្សាយអំពីល្បែងស៊ីសងតាមប្រព័ន្ធអនឡាញគ្រប់រូបភាព ជាសកម្មភាពខុសច្បាប់៕

To Top