ព័ត៌មានជាតិ

ការសិក្សារបស់ក្រុមហ៊ុន Visa បានបង្ហាញពីការផ្លាស់ប្តូរ​ យ៉ាងសំខាន់ នូវឥរិយាបទ អ្នកប្រើប្រាស់កម្ពុជា ស្របតាមនិន្នាការ នៃបណ្តារប្រទេស ក្នុងតំបន់អាស៊ីអាគ្នេយ៍

ភ្នំពេញ ៖ ក្រុមហ៊ុន Visa ជាក្រុមហ៊ុនបច្ចេកវិទ្យា ទូទាត់សាច់ប្រាក់ តាមប្រព័ន្ធឌីជីថលឈានមុខគេ បានចេញផ្សាយការ សិក្សារចុងក្រោយរបស់ខ្លួន ស្តីពីឥរិយាបថទូទាត់ប្រាក់ របស់អតិថិជននៅឆ្នាំ២០២២ ដោយបញ្ជាក់ថា ចំណាប់អារម្មណ៍ និងសន្ទុះនៃការទូទាត់តាមរយៈឌីជីថល នៅក្នុងប្រទេសកម្ពុជា មានការកើនឡើង ដូចនឹងនិន្នាការ នៅក្នុងការសិក្សា របស់ប្រជាជនក្នុងតំបន់អាស៊ីអាគ្នេយ៍ ។

កំណើននៃការទូទាត់ តាមរយៈឌីជីថល កំពុងបន្តបោះជំហានទន្ទឹមគ្នា ជាមួយនឹងបណ្តាប្រទេសនៅតំបន់ ៖ ការសិក្សាស្ទង់មតិដដែលនេះបានបង្ហាញថា ចាប់ពីតាំងឆ្នាំ២០២០ មក ការប្រើប្រាស់កាតឥណទាន /ឥណពន្ធ នៅកម្ពុជាមានការកើនឡើងប្រមាណ ១៣ភាគរយ ខណៈចំណាប់អារម្មណ៍ របស់គាត់លើការប្រើប្រាស់ប្រភេទ កាតមានបំពាក់បច្ចេកវិទ្យា contactless ក៏កំពុងមានការកើនឡើង (ប្រមាណជា ៥៨ភាគរយ ធៀបនឹងឆ្នាំ ២០២១ ដែលមានត្រឹម ៤២ភាគរយ ប៉ុណ្ណោះ) នេះសបញ្ជាក់ថា ប្រជាជនកម្ពុជាកំពុងបោះជំហាន ក្នុងដំណាក់កាលស្របគ្នា ជាមួយនឹងកំណើន នៃការទូទាត់តាមរយៈឌីជីថលនៅតំបន់ ។

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ពោលចាប់តាំងពីឆ្នាំ ២០២១មក ប្រជាជនកម្ពុជា ក៏បានផ្តោតការចំណាប់អារម្មណ៍ របស់ខ្លួនច្រើនជាងមុន លើមុខងារសេវាធនាគារនិម្មិត ក្នុងនោះមានប្រមាណជា ៣០ភាគរយ ហើយលទ្ធផល ដែលឆ្លុះបញ្ចាំងពីកំណើននេះ គឺដើរស្របនឹងនិន្នាការ ក្នុងតំបន់សម្រាប់សេវាកម្មធនាគារឌីជីថល ។ សម្រាប់អ្នកប្រើប្រាស់មានប្រមាណ ៩០ភាគរយ ដែលនិយាយថាពួកគេមានចំណាប់ អារម្មណ៍ខ្លាំងប្រសិនបើសេវាបែបនេះ នឹងផ្តល់ជូនដោយធនាគារប្រពៃណី ហើយប្រមាណជា ៧៦ភាគរយ ទំនោរទៅរកធនាគារចំណូលថ្មី ។

ដោយសារតែការ ប្រើប្រាស់សាច់ប្រាក់ សុទ្ធនៅតែបន្ត យ៉ាងទូលំទូលាយ វាបានក្លាយជាហេតុផលមួយ ដែលនាំឲ្យប្រទេសកម្ពុជា មានភាពយឺតយ៉ាវ សម្រាប់ការទទួល យកនូវវិធីសាស្រ្តទូទាត់ តាមរយៈប្រព័ន្ធឌីជីថលថ្មីៗទៀត បើប្រៀបធៀបនឹងបណ្តាប្រទេសជិតខាងក្នុងតំបន់ តែវាក៏បានបង្ហាញ ពីសក្តានុពល នៃឱកាសទីផ្សារដ៏ធំ ដែលមិនទាន់ត្រូវបាន ប្រើប្រាស់ពេញលេញ សម្រាប់ម្ចាស់អាជីវកម្មលក់រាយ និង ធនាគារ ផ្តោតខ្លាំងលើសមត្ថភាព នៃសេវាកម្មឌីជីថល និង ធនាគារចល័ត របស់ពួកគេ ក្នុងកិច្ចការប្រកួតប្រជែង គុណសម្បត្តិ ដើម្បីទទួលបាននូវអត្ថប្រយោជន៍ ។ វិស័យសំខាន់ៗ ដែលទំនងជាទទួលបានអត្ថប្រយោជន៍ ពីការធ្វើឌីជីថលនីយកម្មនៃសង្គមកម្ពុជាមានដូចជា អាជីវកម្ម ខ្នាតមីក្រូ ខ្នាតតូច និង មធ្យម ។ អ្នកប្រើប្រាស់ដែលបានចូលរួមស្ទង់មតិ ប្រមាណ ៧៦ភាគរយ បាននិយាយថាពួកគេទិញទំនិញនៅតាមបណ្តាអាជីវកម្ម ខ្នាតមីក្រូ ខ្នាតតូច និងមធ្យម យ៉ាងហោចណាស់ម្តងក្នុងមួយ សប្តាហ៍ និងបានប្រើប្រាស់ការទូទាត់ជាសាច់ប្រាក់សុទ្ធមានប្រមាណជា ៦៦ភាគរយ ទើបមានការស្នើឱ្យបណ្តាម្ចាស់ អាជីវកម្ម ខ្នាតមីក្រូ ខ្នាតតូច និងមធ្យម គិតគូរលើដំណោះស្រាយ នៃការជ្រើសប្រើ វិធីសាស្រ្តទូទាត់តាមរយៈឌីជីថល ដែលមានភាពងាយស្រួល និងតម្លាភាព ដើម្បីផ្តល់បទពិសោធន៍ដល់អតិថិជនឲ្យកាន់តែប្រសើរឡើង នឹងដើម្បីអភិវឌ្ឍនូវកំណើនអាជីវកម្មផងដែរ ។

អ្នកស្រី Ivana Tranchini នាយិកាគ្រប់គ្រងក្រុមហ៊ុន Visa ប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា៖ “តាមរយៈរបាយការណ៍នៃការសិក្សា វាបានឆ្លុះបញ្ចាំងពីការបោះជំហាន ដ៏អស្ចារ្យរបស់ប្រទេសកម្ពុជា ក្នុងការទទួលយកវិធីសាស្រ្តទូទាត់ដោយមិនប្រើប្រាស់សាច់ប្រាក់សុទ្ធ នឹងឱកាសសម្រាប់ម្ចាស់អាជីកម្ម និងអ្នកផ្តល់សេវាទូទាត់ប្រាក់ ដើម្បីបំពេញតម្រូវការដែលកំពុងតែមានសន្ទុះកើនឡើងនេះផងដែរ”។ អ្នកស្រីបន្តទៀតថា៖ “នេះគឺជាពេលវេលាដ៏គួរឱ្យរំភើបមួយ សម្រាប់ដំណើរការផ្លាស់ប្តូរ ទៅរកប្រព័ន្ធឌីជីថល របស់ប្រទេសកម្ពុជា ឆ្ពោះទៅរកសង្គម ដែលមិនប្រើប្រាស់សាច់ ប្រាក់សុទ្ធ ហើយសម្រាប់ ក្រុមហ៊ុន Visa នឹងប្តេជ្ញាផ្តល់ជូនអ្នកប្រើប្រាស់ និងម្ចាស់អាជីវកម្ម នូវបណ្តាញនៃប្រព័ន្ធទូទាត់ ប្រាក់តាមរយៈឌីជីថលមួយ ដែលភាពងាយ ស្រួល គួរឲ្យទុកចិត្តបាន និងមានសុវត្ថិភាពខ្ពស់។

ការលេចឡើងនៃឥរិយាបថ គ្រប់គ្រង ហិរញ្ញវត្ថុថ្មី ៖ តាមរយៈការសិក្សាមួយនេះ បានបង្ហាញពីការជះឥទ្ធិពល លើលំនាំចំណាយនៅទូទាំងតំបន់ បណ្តាលមកពីផលប៉ះទង្គិច នៃការរីករាលដាលជំងឺកូវីដ-១៩ ។ ប្រជាជនកម្ពុជាភាគច្រើននិយាយថា ពេលនេះពួកគេសន្សំបានកាន់តែច្រើន សម្រាប់អនាគត (ប្រមាណ ៧៥ភាគរយ) និងកំហិតថវិការសម្រាប់ចំណាយលើតម្រូវការចាំបាច់ ដូចជា អាហារ និងការថែទាំសុខភាព (ប្រមាណ ៧៤ភាគរយ) បានច្រើនជាងមុន ស្របតាមមធ្យមភាគក្នុងតំបន់ ។

ការទិញទំនិញ ដោយប្រើប្រាស់ វិធីសាស្ត្របង់រំលស់ក្នុងទម្រង់បែបថ្មី ដូចជា គម្រោងទិញឥលូវនេះ ទូទាត់នៅពេលក្រោយ (BNPL) ក៏បានក្លាយ ជាការពេញនិយម នៅក្នុងប្រទេសកម្ពុជា មានប្រមាណជា ៨១ភាគរយ នៃអ្នកប្រើប្រាស់ដែលបានចូលរួមស្ទង់ មតិបាននិយាយថា ពួកគេបានប្រើប្រាស់ គម្រោងទិញ ឥលូវនេះ ទូទាត់នៅពេលក្រោយ (BNPL) មានប្រមាណជា ៦៩ភាគរយ ដែលចំនួននេះលើសពីមធ្យម ភាគក្នុងតំបន់ នឹងដើរយឺតៗ ប្រដេញជាមួយ ប្រទេសវៀតណាម ដែលមានប្រមាណជា ៨៣ភាគរយ។ ប្រជាជនកម្ពុជា ក៏ជាប់ចំណាត់ថ្នាក់ឈានមុខគេ សម្រាប់ការប្រើប្រាស់ គម្រោង ទិញឥលូវនេះ ទូទាត់នៅពេលក្រោយ (BNPL) ក្នុងរយៈពេលពីរឆ្នាំមកនេះ បើគិតជាមធ្យមភាគប្រមាណជា ៦.៦ ក្នុងចំណោមមនុស្សម្នាក់ ក្រោមប្រទេសឥណ្ឌូនេស៊ី ដែលមានមធ្យមភាគប្រមាណជា ៧.៦ នឹងច្រើនជាងមធ្យមភាគ នៃផែនការកំណត់ក្នុងតំបន់ ដែលគិតត្រឹមតែ ៥.៩ ប៉ុណ្ណោះ ។
រួមជាមួយប្រភេទកាត ឥណទាន គម្រោងទិញឥលូវនេះ ទូទាត់នៅពេលក្រោយ (BNPL) ផ្តល់ឱ្យធនាគារនូវឧបករណ៍មួយ ដើម្បីគាំទ្រអតិថិជន ដែលប្រឈមមុខនឹងការលំបាក តាមរយៈការផ្តល់នូវហិរញ្ញប្បទានរយៈពេលខ្លី ដែលអនុញ្ញាតឱ្យអតិថិជនផ្លាស់ប្តូរ ទៅរកទម្រង់ឥណទាន ផ្សេងមួយទៀត ជួយកសាងនូវប្រវត្តិឥណទាន និងស្ថិរភាពហិរញ្ញវត្ថុរបស់ពួកគេ។ នៅក្នុងប្រទេស/តំបន់ ផ្សេងទៀត ធនាគារជាច្រើនបានប្រើប្រាស់ គម្រោងទិញឥលូវនេះ ទូទាត់នៅពេលក្រោយ (BNPL) ដោយជោគជ័យ សម្រាប់ការផ្តល់ឥណទាន និងការធ្វើបរិយាបន្នឥណទាន ។

ក្នុងកិច្ចខិតខំប្រឹងប្រែងរកមធ្យោបាយ ដើម្បីលើកកម្ពស់ការប្រើប្រាស់ សេវាកម្មធានារ៉ាប់រង និងស្វះស្វែងរកដំណោះស្រាយផែនការហិរញ្ញវត្ថុផ្សេងៗទៀត ថ្មីៗនេះ ក្រុមហ៊ុន Visa បានប្រកាសផ្តល់ជូនប្រជាជនកម្ពុជានូវប័ណ្ណទឹកប្រាក់ទិញទំនិញតាមអនឡាញ របស់ផ្សារទំនើប អេអន (Aeon e-voucher) នូវរៀងរាល់ពេលទិញ ផលិតផលធានារ៉ាប់រងឌីជីថលពីក្រុមហ៊ុនព្រូដិនសល និងទូទាត់ជាមួយ Visa កាត ដែលការ ផ្តល់ជូននេះ មានសុពលភាពរហូត ដល់ថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០២៣ ។

“ដំណោះស្រាយការទូទាត់តាមរយៈឌីជីថល ដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់នូវតម្លាភាព និងទិន្នន័យដើម្បីគ្រប់គ្រងប្រាក់ប្រកបដោយប្រសិទ្ធភាព”។ នេះបើតាមការបញ្ជាក់បន្ថែម របស់អ្នកស្រី Tranchini ។ អ្នកស្រីបន្តទៀតថា៖ “ធនាគារ គួរតែគិតគូអំពីចំនុចទាំងអស់នោះ ព្រមទាំងគិតគូពីការនាំយកការ ដាក់បញ្ចូលនូវផលិតផលទាំងនោះ ទៅក្នុងមុខងារធនាគារចល័តរបស់ខ្លួន ក៏ដូចជាការលើកទឹកចិត្ត ប្រជាជនកម្ពុជា ឱ្យបន្តប្រើប្រាស់វិធីសាស្ត្រគ្រប់គ្រង លុយប្រកបដោយការទទួលខុសត្រូវ ដូចជាការប្រើប្រាស់គម្រោង ទិញឥលូវនេះ ទូទាត់នៅពេលក្រោយ (BNPL) ការប្រើប្រាស់កាតឥណទាន និងការទទួលយក សេវាកម្មធានារ៉ាប់រងជាដើម” ៕

To Top