ព័ត៌មានជាតិ

នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត អះអាងថា អនាគតមិនឲ្យកូនចៅខ្មែរ រស់នៅក្រោមរណបបរទេសណានោះទេ

ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងអះអាងថា ទៅថ្ងៃអនាគតមិនឲ្យកូនចៅខ្មែរ រស់នៅក្រោមរណបរបស់ប្រទេសណាមួយឡើយ ។

ការអះអាងរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត បែបនេះធ្វើឡើងបន្ទាប់ពីមានអ្នកខ្លះលើកឡើងថា ទំនាក់ទំនងជាមួយប្រទេសចិន នឹងធ្វើឲ្យកម្ពុជា ថ្ងៃណាមួយបាត់បងអធិបតេយ្យភាព ។ ពាក់ព័ន្ធការលើកឡើងនេះដែរ សម្ដេចបានតបវិញយ៉ាងខ្លីថា «កម្ពុជាចេះគិតហើយ» ។

ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយកម្មករនាព្រឹកថ្ងៃទី១៩ កញ្ញា នេះ សម្ដេច ហ៊ុន ម៉ាណែត បញ្ជាក់ថា «អ្នកខ្លះគេមកព្រមានខ្ញុំ គេថាទំនាក់ទំនងជាមួយចិន នឹងធ្វើឲ្យថ្ងៃណាមួយកម្ពុជា បាត់បង់អធិបតេយ្យភាព ។ ខ្ញុំថាកម្ពុជាចេះគិតហើយ ខ្ញុំមានកូន… កូនរបស់ខ្ញុំនឹងបង្កើតកូន ខ្ញុំនឹងមានចៅ ចៅទួត ចៅលួតចៅលា រាប់សិបឆ្នាំតទៅមុខទៀត ខ្ញុំមិនចង់ឲ្យកូនខ្មែរខ្ញុំ ថ្ងៃណាមួយត្រូវបាត់អត្តសញ្ញាណ ឬមួយគេថា ជាជនជាតិខ្មែរ នៅក្រោមរណប (បរទេស) ណាមួយទេ មិនអាចធ្វើបានទេ សម្ដេចតេជោ និងថ្នាក់ដឹកនាំយើងក៏ដូចគ្នា មិនឲ្យបាត់អធិបតេយ្យភាព ឯករាជ្យភាព» ។

សម្ដេចធិបតីបន្តថា កម្ពុជាចូលប្រជុំជាមួយមិត្តបរទេស ក្នុងស្មារតីគោរពអធិបតេយ្យ និងគោរពផលប្រយោជន៍គ្នាទៅវិញទៅមក ស្មើមុខស្មើមាត់មិនថាប្រទេសតូចប្រទេសធំ ។ សម្ដេចថា ប្រទេសតូចកម្ពុជា នៅអង្គុយទល់មុខប្រធានាធិបតីចិន ស៊ី ជីនពីង ទល់មុខប្រធានសភាចិន ទល់មុខនាយករដ្ឋមន្ត្រីចិន ជប៉ុន និងប្រធានាធិបតីកូរ៉េ ដើម្បីស្មើភាពគ្នា ចរចាក្នុងនាមជារដ្ឋអធិបតេយ្យភាពមួយ ដែលចេញទៅការពារផលប្រយោជន៍ប្រជាពលរដ្ឋ ។

សម្តេច ហ៊ុន ម៉ាណែត បន្ថែមថា សម្តេចប្រឹងទាក់ម៉ូយមិនមែនត្រឹមតែក្នុងប្រទេសទេ គឺប្រឹងដល់ក្រៅប្រទេសទៀត ដោយក្នុងរយៈពេលប៉ុន្មានថ្ងៃមុនទាក់ម៉ូយនៅចិន ជួបក្រុមអ្នកវិនិយោគជាច្រើន ។

ប្រមុខរាជរដ្ឋាភិបាល ក៏បានផ្ដាំទៅអ្នកវិភាគមួយចំនួន ដោយសុំឲ្យមានស្មារតីជាតិនិយមខ្លះផង វាយប្រហារចំណុចខ្សោយរដ្ឋាភិបាលក៏វាយចុះ ប៉ុន្តែគួរគិតពីអ្វីដែលផ្ដល់ផលប្រយោជន៍ឲ្យប្រជាជនផ្ទាល់ និងចេះលើកសរសើរខ្លះផង ៕

To Top