ភ្នំពេញ៖ សហព័ន្ធសហជីព នៃសាធារណរដ្ឋប្រជាមានិតឡាវ បានប្តេជ្ញាគាំទ្រកម្ពុជា នៅលើឆាកអន្តរជាតិ ក្នុងការអនុវត្តគោល នយោបាយ របស់រាជរដ្ឋាភិបាល លើវិស័យការងារ ព្រមទាំងជំរុញកិច្ច សហប្រតិបត្តិការរវាងភាគី សហជីពនៃប្រទេសទាំងពីរ ដើម្បីការពារនូវសិទ្ធិនិង ផ្តល់នូវផលប្រយោជន៍ជាអតិបរមា ជូនកម្មករនិយោជិតកម្ពុជា និងឡាវ ។

ការគាំទ្រនេះធ្វើឡើងក្នុងជំនួបសម្តែងការគួរសមដោយលោកស្រី អាលី វង្សណូប៊ុនថាំ (Aly VONGNOBOUNTHAM) ប្រធានសហព័ន្ធសហជីព នៃសាធារណរដ្ឋប្រជាមានិតឡាវ ជាមួយលោក សោម ចំណាន រដ្ឋលេខាធិការ ក្នុងនាមជាតំណាង ដ៏ខ្ពង់ខ្ពស់របស់លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នារសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងការងារ ។

ក្នុងឱកាសនោះ លោករដ្ឋលេខាធិការ បានលើកឡើង ពីប្រវត្តិនៃកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងដ៏យូរអង្វែង នៃប្រទេសទាំងពីរ និងគូសបញ្ជាក់ពីការរីកចម្រើន នៃកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដូចជាវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ការងារ អប់រំ ជាដើម។

ជាមួយគ្នានេះ លោករដ្ឋលេខាធិការ បានអបអរសាទរ ចំពោះការឈានដល់ ការចុះកិច្ចព្រមព្រៀង រវាងសភាសម្ព័ន្ធ សហជីពជាតិកម្ពុជា (NACC) និងសហព័ន្ធសហជីព នៃសាធារណរដ្ឋប្រជាមានិតឡាវ (LFTU) ដែលនឹងធ្វើឡើង ជាផ្លូវការនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ ស្អែកនេះ ។

ក្នុងនោះដែរ លោករដ្ឋលេខាធិការ បានបញ្ជាក់បន្ថែមអំពីតួនាទី ដ៏សំខាន់របស់សហជីពក្នុងនាមជាតំណាង របស់កម្មករនិយោជិត និងជាដៃគូសន្ទនា ក្នុងការចរចាលក្ខខណ្ឌការងារ ទំនាក់ទំនងវិជ្ជាជីវៈ និងអត្ថប្រយោជន៍ផ្សេងៗ របស់កម្មករនិយោជិត ដើម្បីធ្វើយ៉ាងណាផ្តល់ នូវប្រយោជន៍ខ្ពស់បំផុតដល់កម្មករ ។

ជាកិច្ចឆ្លើយតប លោកស្រី អាលី វង្សណូប៊ុនថាំ បានវាយតម្លៃខ្ពស់នូវកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរ ដែលជាប្រទេសបងប្អូនជាប់របងគ្នា។ លោកស្រីប្រធាន សហព័ន្ធបានឱ្យដឹងថា សហជីពនៅក្នុងប្រទេសឡាវ នៅតែដើរតួនាទីយ៉ាងពេញលេញក្នុងការអនុវត្តការការពារសិទ្ធិ និងផលប្រយោជន៍ របស់កម្មករនិយោជិត ព្រមទាំងគាំទ្រ ការអនុវត្តគោលនយោបាយ របស់រាជរដ្ឋាភិបាល លើវិស័យការងារ។

លោកស្រីមានសេចក្តីសោមន្សចំពោះកិច្ចសហប្រតិបត្តិការរបស់សហជីពនៃប្រទេសទាំងពីរ។ សហព័ន្ធសហជីព នៃសាធារណរដ្ឋប្រជាមានិតឡាវបានប្តេជ្ញា និងត្រៀមខ្លួនរួចជាស្រេច ក្នុងការគាំទ្រកម្ពុជា និងសង្ឃឹមថាកិច្ចសហប្រតិបត្តិការ លើកនេះនឹងឈានទៅកាន់ការផ្លាស់ប្តូរយោបល់ និងបទពិសោធន៍ទៅវិញ ទៅមកជាអតិបរមា។

នៅចុងបញ្ចប់ លោករដ្ឋលេខាធិការ បានថ្លែងអំណរគុណ ដល់រដ្ឋាភិបាលឡាវ ដែលបានគាំទ្រកម្ពុជាក្នុង អណត្តិជាប្រធានអាស៊ានកាលពីឆ្នាំ២០២២ កន្លងមក ជាពិសេសគាំទ្រឱ្យសម្រេច បាននូវសេចក្តីថ្លែងការណ៍អាស៊ាន ស្តីពីចល័តភាព នៃរបបសន្តិសុខសង្គម សម្រាប់ពលករទេសន្តរប្រវេសន៍អាស៊ាន ។ កម្ពុជាបានត្រៀមខ្លួនរួច ជាស្រេចក្នុងការជួយគាំទ្រ សាធារណរដ្ឋប្រជាមានិតឡាវ ក្នុងអាណត្តិជាប្រធានអាស៊ាន នៅក្នុងឆ្នាំ២០២៤ បន្ទាប់ពីប្រទេសឥណ្ឌូណស៊ី ៕

