ភ្នំពេញ៖ នៅទីស្តីការគណៈរដ្ឋមន្រ្តី នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣នេះ មានរៀបចំពិធីទូងស្គរអបអរសាទរ ការដាក់បញ្ចូលរមណីយដ្ឋានប្រាសាទកោះកេរ ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៃអង្គការយូណេស្កូ នាសម័យប្រជុំលើកទី៤៥ នៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣។
ពិធីខាងលើនេះស្ថិតក្រោមអធិបតីភាពដ៏ខ្ពស់ខ្ពស់ របស់លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុក ទីស្តីការគណៈរដ្ឋមន្រ្តី ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់ជាន់ថ្នាក់ នៃទីស្តីការគណៈរដ្ឋមន្រ្តី ជាច្រើនកុះករផងដែរ។
សូមបញ្ជាក់ថា ការប្រារព្ធពិធីទូងស្គរអបអរសាទរនេះ ក៏មានធ្វើនៅតាមក្រសួង-ស្ថាប័ន និងអង្គភាព គ្រប់សាលារាជធានី-ខេត្ត គ្រប់សាលាក្រុង-ស្រុក-ខណ្ឌ គ្រប់សាលាឃុំ-សង្កាត់ វត្តអារាម និងសាលាបុណ្យ ព្រមទាំងគ្រប់ទីប្រជុំជន សហគមន៍នានា នៅទូទាំងប្រទេស ដើម្បីអបអរសាទរ ការដាក់បញ្ចូលរមណីយដ្ឋានប្រាសាទកោះកេរ ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ប្រកបដោយទឹកចិត្តមោទក និងសប្បាយរីករាយ ចំពោះព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តនេះ។
គួររំលឹកថា ជោគជ័យនៃការចុះបញ្ជីរមណីយដ្ឋាន ប្រាសាទកោះកេរ ដែលជាមរតកវប្បធម៌អតីតរាជធានីខ្មែរបុរាណ ឆោកគគ៌រ្យ ឬលិង្គបុរ បច្ចុប្បន្នហៅថា «កោះកេរ» នេះ គឺជាសក្ខីភាពឆ្លុះបញ្ចាំង ពីកិច្ចខិតខំប្រឹងប្រែងក្រោមការដឹកនាំ ដ៏ត្រឹមត្រូវរបស់ បិតាស្ថាបនិកសន្តិភាព សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល នីតិកាលទី៦ នៃរដ្ឋសភា និងការបន្តដឹកនាំដ៏ខ្ពង់ខ្ពស់ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ដែលបានបំពេញភារកិច្ច ក្នុងការលើកស្ទួយតម្លៃវប្បធម៌ជាតិ អស់ពីកម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ក្នុងការរក្សាសន្តិភាព ស្ថិរភាព អភិវឌ្ឍជាតិមាតុភូមិ និងការថែរក្សាការពារ សម្បត្តិបេតិកភណ្ឌជាតិ ក្រោមព្រះរាជកិច្ចគាំទ្រដ៏វិសេសវិសាលបំផុត របស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះមហាក្សត្រី ព្រះមហាវររាជមាតាជាតិខ្មែរ ដើម្បីបុព្វហេតុជាតិ និងប្រជាជនកម្ពុជា។
នៅល្ងាចថ្ងៃពុធទី២០ ខែកញ្ញា ឆ្នាំ២០២៣ ក៏មានការរៀបចំពិធីអបអរសាទរ រមណីយដ្ឋានប្រាសាទកោះកេរ ដែលត្រូវបានដាក់បញ្ចូល ជាសម្បត្តិបេតិកភណ្ឌពិភពលោក នៅពហុកីឡដ្ឋានជាតិអូឡាំពិក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដោយមានការចូលរួម ពីប្រជាពលរដ្ឋយ៉ាងច្រើនកុះករផងដែរ៕