ព័ត៌មានជាតិ

កម្មកររោងចក្រនៅភ្នំពេញ អបអរសាទរការដាក់ «ប្រាសាទកោះកេរ» ជាសម្បត្តិបេតិកភណ្ឌពិភពលោក

ភ្នំពេញ ៖ កម្មករនិយោជិត តាមបណ្តារោងចក្រ​ សហគ្រាសធំៗ នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ នេះ បានជួបជុំគ្នា នៅក្នុងបរិវេណរោងចក្រ សហគ្រាសរៀងៗខ្លួន អបអរសាទរ ចំពោះការដាក់បញ្ចូលប្រាសាទ កោះកេររបស់ខ្មែរ ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ។

ការចេញគាំទ្រ របស់កម្មកររោងចក្រកាត់ដេរទាំងនេះ គឺធ្វើឡើងព្រមៗគ្នាជាមួយក្រសួង មន្ទីរ វត្តអារាម និងប្រជាជនខ្មែរទូទាំងប្រទេស ក៏ដូចជាប្រជាជនខ្មែរ នៅទូទាំងពិភពលោក ដែលប្រាសាទដូនតារបស់ខ្លួនមួយទៀត ត្រូវចូលជាសម្បត្តិរបស់មនុស្សជាតិក្នុងលោក។
កម្មករនិយោជិតបាននាំគ្នាស្រែកព្រមៗគ្នាថា ៖ «សូមអបអរ ! ប្រាសាទកោះកេរត្រូវបានដាក់បញ្ជូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ជយោ ! ព្រះរាជាណាចក្រកម្ពុជា » ។

កម្មករនិយោជិត បាននាំគ្នាស្រែកហោយ៉ាងអឺងកង អ្នកខ្លះ គោះត្រដោក គោះធុង ដោយទឹកមុខសប្បាយរីករាយ និងបង្ហាញ ពីទឹកចិត្តមោទកភាព ចំពោះព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ ដែលរាជរដ្ឋាភិបាលសម្រេចបានយ៉ាងត្រចេះត្រចង់ ចំពោះការចុះនូវសម្បត្តិវប្បធម៌ ដែលដូនតាខ្មែរបន្សល់ទុក។
រោងចក្រទាំងនោះរួមមាន ក្រុមហ៊ុន W&D ស្ថិតនៅក្នុងខណ្ឌមានជ័យ ក្រុមហ៊ុន ឌីឡាក់ ហ្គា ស្ថិតនៅក្នុងខណ្ឌពោធិសែនជ័យ រោងចក្រ ត្រាកស៍ អឹ ឌី ស្ថិតនៅក្នុងសែនសុខ ក្រុមហ៊ុន អ៊ីស្តក្រោន ស្ថិតនៅក្នុងខណ្ឌមានជ័យ និង ក្រុមហ៊ុន លីឌីងស្តារ ស្ថិតនៅក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ និងតាមបណ្តារោងចក្រ សហគ្រាសផ្សេងទៀតផងដែរ ។

សូមបញ្ជាក់ថា «រមណីយដ្ឋានប្រាសាទកោះកេរ» ត្រូវបានគណៈកម្មាធិការបេតិកភណ្ឌពិភពលោក សម្រេចចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ ក្នុងសម័យប្រជុំលើកទី៤៥ នៅទីក្រុងរីយ៉ាដ (Riyadh) នៃប្រទេសអារ៉ាប៊ីសាអ៊ូឌីត៕

To Top