ព័ត៌មានជាតិ

តោះកុំភ្លេច! ព្រឹត្តិការណ៍សមរាត្រី នៅប្រាសាទអង្គរ-Equinox Angkor ចន្លោះថ្ងៃទី២១ ដល់ថ្ងៃទី២៣ កញ្ញា

រូបភាព៖ ក្រសួងទេសចរណ៍

ភ្នំពេញ៖ ក្រសួងទេសចរណ៍ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣នេះ បានចេញសេចក្ដីជូនដំណឹង ស្ដីពី ព្រឹត្តិការណ៍សមរាត្រី នៅប្រាសាទអង្គរ-Equinox Angkor ចន្លោះថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣ ចន្លោះម៉ោង៥:០០នាទី ដល់ម៉ោង ៧:០០នាទីព្រឹក។

តាមរយៈ​សេចក្តីជូនដំណឹង របស់ ក្រសួងទេសចរណ៍ បានឱ្យដឹងថា ព្រឹត្តិការណ៍សមរាស្រ្តនៅប្រាសាទអង្គរ – Equinox Angkor ដែលត្រូវបានគេស្គាល់ថាជាបាតុភូត ព្រះអាទិត្យរះចំកណ្តាលកំពូលប្រាសាទអង្គរ ដែលស្តែងឱ្យឃើញពីអច្ឆរិយភាពនៃផ្នែកតារាសាស្ត្រ និងសំណង់ ស្ថាបត្យកម្មបុរាណរបស់បុព្វបុរសខ្មែរ។ ព្រឹត្តិការណ៍សមរាត្រីនៅប្រាសាទអង្គរ – Equinox Angkor តែងត កើតឡើងចំនួន ២ដង ជារៀងរាល់ឆ្នាំ ដោយលើកទី១ នៅក្នុងខែមីនា និងលើកទី២ នៅក្នុងខែកញ្ញា។

ក្រសួងបន្ថែមជាក់ស្ដែងក្នុង ឆ្នាំ២០២៣នេះ ព្រឹត្តិការណ៍សមរាត្រីនៅប្រាសាទអង្គរ – Equinox Angkor លើកទី១ក្នុងខែមឹនា(ដោយព្រះអាទិត្យ រះចំកំពូលប្រាសាទចំតែម្តង) មានអ្នកចូលរួមទស្សនា និងផ្តិតយករូបភាពដ៏អស្ចារ្យនៃពីសំណាក់ភ្ញៀវទេសចរជាតិ និង អន្តរជាតិជាច្រើននាក់ផងដែរ ។

សូមបញ្ជាក់ផងដែរថា ព្រះរាជពិធីប្រទានព្រះអគ្គីកីឡា សម្រាប់ព្រឹត្តិការណ៍ ស៊ីហ្គេមលើកទី៣២ (32nd SEA Games) និងអាស៊ាន ប៉ារ៉ាហ្គេមលើកទី១២ (12th ASEAN Para Games) ដែល កម្ពុជាធ្វើជាម្ចាស់ផ្ទះ ក៏បានធ្វើឡើងនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ ក្នុងកំឡុង “ព្រឹត្តិការណ៍សមរាត្រីនៅប្រាសាទ អង្គរ- Equinox Angkor ផងដែរ ក្រោមព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។

ដោយឡែក ព្រឹត្តិការណ៍ សមរាត្រីនៅប្រាសាទអង្គរ – Equinox Angkor លើកទី២ ឆ្នាំ២០២៣ នេះ ត្រូវបានគេរំពឹងថានឹងកើតមានឡើងនៅ ចន្លោះថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែកញ្ជា ឆ្នាំ២០២៣ ចន្លោះម៉ោង៥:០០ នាទី ដល់ម៉ោង ៧០០ នាទីព្រឹក៕

To Top