ភ្នំពេញ ៖ ក្រសួងរ៉ែ និងថាមពល បានប្រាប់ អតិថិជនអ្នកប្រើប្រាស់អគ្គិសនី ប្រភេទឧស្សាហកម្ម និងកសិកម្ម ភ្ជាប់ពីបណ្តាញតង់ស្យុងមធ្យម និង តង់ស្យុងខ្ពស់ ដែលយល់ថា ខ្លួនមានលទ្ធភាពបង្កើនការប្រើប្រាស់ និងមានបំណងទទួលបានការអនុគ្រោះថ្លៃ ត្រូវដាក់ពាក្យស្នើសុំ ទៅអ្នកផ្គត់ផ្គង់ អគ្គិសនីក្នុងតំបន់ របស់ខ្លួន។
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងរ៉ែនាថ្ងៃ២០ កញ្ញា បានឲ្យដឹងថា ក្នុងគោលដៅជម្រុញការពង្រីក ផលិតកម្មរោងចក្រ និងសហគ្រាស ផ្នែកឧស្សាហកម្ម និងផ្នែកកសិកម្ម ដើម្បីបង្កើតការងារ និងប្រាក់ចំណូលជូនប្រជាពលរដ្ឋ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចឲ្យក្រសួងរ៉ែ អគ្គិសនីកម្ពុជា និងអាជ្ញាធរអគ្គិសនីកម្ពុជា ធ្វើការបញ្ចុះថ្លៃអគ្គិសនី ចំពោះបរិមាណអគ្គិសនី ដែលអ្នកប្រើប្រាស់ប្រភេទឧស្សាហកម្ម និងកសិកម្ម ដែលភ្ជាប់ពីបណ្តាញ តង់ស្យុងមធ្យម និងតង់ស្យុងខ្ពស់ ក្នុងក្របខណ្ឌទូទាំងប្រទេស រួមមានអ្នកប្រើប្រាស់អគ្គិសនី តាមអត្រាថ្លៃមធ្យម អ្នកប្រើប្រាស់អគ្គិសនីតាម ពេលវេលានិងអានុភាព និងអ្នកប្រើប្រាស់អគ្គិសនី ដែលមានដំឡើង ប្រព័ន្ធពន្លឺព្រះអាទិត្យ ដែលភ្ជាប់ជាមួយបណ្តាញជាតិ បានប្រើប្រាស់លើស ពីមធ្យមភាគប្រចាំខែ នៃការប្រើប្រាស់៦ខែចុងក្រោយ ទៅតាមលក្ខខណ្ឌដូចខាងក្រោម៖
បញ្ចុះអត្រាថ្លៃចំនួន ១០% សម្រាប់បរិមាណថាមពល ដែលប្រើប្រាស់លើសមធ្យមភាគប្រចាំខែ ពីថ្ងៃចន្ទ ដល់ថ្ងៃសៅរ៍ ចន្លោះម៉ោងពី ៧ ព្រឹក ដល់ម៉ោង ៩ យប់។
បញ្ចុះអត្រាថ្លៃចំនួន ២០% សម្រាប់បរិមាណថាមពល ដែលប្រើប្រាស់លើសមធ្យមភាគប្រចាំខែ ពីថ្ងៃចន្ទដល់ថៃ្ងសៅរ៍ ចន្លោះម៉ោងពី ៩យប់ដល់ម៉ោង ៧ព្រឹក និង២៤ម៉ោង សម្រាប់ថ្ងៃអាទិត្យ និងថ្ងៃបុណ្យជាតិ រយៈពេលអនុគ្រោះថ្លៃ ដើម្បីលើកទឹកចិត្តឱ្យបង្កើនការប្រើប្រាស់ ខាងលើ មានរយៈពេល ៣ ខែ ចាប់ពី ខែតុលា ដល់ខែធ្នូ ឆ្នាំ២០២៣ និងអាចពិនិត្យបន្តតាមរយៈការជូនដំណឹងមុន ៣០ ថ្ងៃ តាមលទ្ធភាព ជាក់ស្តែងរបស់អគ្គិសនីកម្ពុជា។
ក្នុងនោះក្រសួងបញ្ជាក់ថា «អតិថិជនអ្នកប្រើប្រាស់អគ្គិសនី ប្រភេទឧស្សាហកម្ម និងកសិកម្ម ភ្ជាប់ពីបណ្តាញតង់ស្យុងមធ្យម និង តង់ស្យុងខ្ពស់ ដែល យល់ថាខ្លួនមានលទ្ធភាពបង្កើនការប្រើប្រាស់ និងមានបំណងទទួលបានការអនុគ្រោះ ថ្ងៃនេះ ត្រូវធ្វើការដាក់ពាក្យស្នើសុំ ទៅអ្នកផ្គត់ផ្គង់អគ្គិសនី ក្នុងតំបន់របស់ខ្លួន» ។
ក្រសួងបន្ថែមថា ការផ្តល់ថ្លៃអនុគ្រោះនេះ មិនសំដៅទៅលើស្ថាប័នរដ្ឋ ផ្នែកពាណិជ្ជកម្ម និងលំនៅឋាននោះទេ ដោយអ្នកប្រើប្រាស់ក្នុងជំពូកនេះ កំពុងត្រូវបានអគ្គិសនីកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា ជួយឧបត្ថម្ភធនរួចហើយ៕