ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងឲ្យដឹងថា បច្ចុប្បន្ន កម្ពុជា បោះជំហានដ៏ជោគជ័យ ក្នុងការពង្រឹងសុខមាលភាពរបស់ប្រជាជន ដោយធានាថា «គ្មាននរណាម្នាក់ត្រូវបានបំភ្លេចចោល»។
តាមរយៈសារលិខិតក្នុងឱកាស ទិវាសន្ដិភាពអន្ដរជាតិ នាថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា «បច្ចុប្បន្ន កម្ពុជាបានបោះជំហានដ៏ជោគជ័យ ក្នុងការពង្រឹងសុខុមាលភាពរបស់ប្រជាជន ដោយ ធានាថា គ្មាននរណាម្នាក់ត្រូវបានបំភ្លេចចោល។ កម្ពុជាប្តេជ្ញាបង្កើនកិច្ចខិតខំ ទ្វេដងក្នុងការដាក់ចេញ និងអនុវត្តវិធានការ កែទម្រង់នានា ដូចជាការដាក់ឱ្យអនុវត្តនូវយុទ្ធសាស្ត្របញ្ចកោណ ដើម្បីជំរុញ កំណើនសេដ្ឋកិច្ច បង្កើតការងារ ធានាសមធម៌ បង្កើនប្រសិទ្ធភាព និងរក្សាចីរភាព សំដៅសម្រេចឲ្យបានគោលដៅ នៃការអភិវឌ្ឍប្រកបដោយចីរភាព នៅឆ្នាំ២០៣០»។
សម្ដេចធិបតី បន្ដថា កម្ពុជាត្រៀមខ្លួនស្វាគមន៍ និង សហការជាមួយប្រព័ន្ធអង្គការសហប្រជាជាតិ ដៃគូអភិវឌ្ឍន៍ និងភាគីពាក់ព័ន្ធផ្សេងទៀត ដើម្បីសម្រេចកិច្ចការដ៏សំខាន់ទាំងនេះ។ រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា នឹងបន្តតម្កល់ «សន្តិភាព» ជាគុណតម្លៃខ្ពស់ បំផុត និងប្រកាន់ខ្ជាប់ចំពោះ ពាក្យស្លោក «អរគុណសន្តិភាព» របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។
លើសពីនេះ សម្ដេច នាយករដ្ឋមន្ដ្រី បានជឿជាក់យ៉ាងមុតមាំថា ការប្រារព្ធទិវាសន្តិភាពអន្តរជាតិឆ្នាំនេះ នឹងបន្ត បញ្ជាក់ពីការប្តេជ្ញាចិត្តសារជាថ្មី របស់រាជរដ្ឋាភិបាលកម្ពុជា និងប្រជាជនកម្ពុជា ក្នុងការលើកកម្ពស់តម្ល សន្តិភាព កិច្ចសហប្រតិបត្តិការ និងការគោរពគ្នាទៅវិញទៅមក។
សូមរំលឹកថា នៅឆ្នាំ២០២៣នេះ ការប្រារព្ធទិវាសន្តិភាពក្រោមមូលបទ «សកម្មភាព ដើម្បីសន្តិភាព៖ ការប្តេជ្ញាចិត្តរួមគ្នាសម្រាប់គោលដៅសកល» ដោយផ្តល់គុណតម្លៃជាចម្បងដល់ សកម្មភាពដើម្បីសន្តិភាព នឹងអំពាវនាវឱ្យគ្រប់តួអង្គពាក់ព័ន្ធទាំងអស់ ចូលរួមចំណែកធ្វើឱ្យគោលដៅ អភិវឌ្ឍន៍ប្រកបដោយចីរភាព សម្រេចបានជោគជ័យ ដើម្បីបញ្ចប់នូវវិនាសកម្ម ភាពក្រីក្រ ភាពអត់ ឃ្លាន ការប្រែប្រួលអាកាសធាតុ និងធានានូវភាពរុងរឿងសម្រាប់ទាំងអស់គ្នា ៕