ព័ត៌មានជាតិ

ព្រឹទ្ធសភា ឯកភាពស្រុងលើសេចក្ដីព្រាងច្បាប់ ការបង្កើតក្រសួងអធិការកិច្ច និងរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន

រូបភាពពីព្រឹទ្ធសភា

ភ្នំពេញ ៖ ព្រឹទ្ធសភាកម្ពុជានៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ បានបើកសម័យប្រជុំវិសាមញ្ញ នីតិកាលទី៤ ក្រោមអធិបតីភាព លោក ស៊ឹម កា ប្រធានស្ដីទីព្រឹទ្ធសភា បានអនុម័តគាំទ្រទាំងស្រុងលើសេចក្តីព្រាងច្បាប់ ស្តីពីការបង្កើតក្រសួងអធិការកិច្ច និងសេចក្តីព្រាងច្បាប់ ស្តីពីការបង្កើតរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ព្រឹទ្ធសភា នាថ្ងៃទី២១ កញ្ញា នេះថា សេចក្ដីព្រាងច្បាប់ ស្ដីពីការបង្កើតក្រសួងអធិការកិច្ច នេះ គឺជាឧបករណ៍គតិយុត្តមួយឆ្លើយតបនឹងកម្មវិធីនយោបាយរបស់រាជរដ្ឋភិបាល អាណត្តិទី៧ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ បន្តកែទម្រង់ឲ្យស៊ីជម្រៅទូលំទូលាយ មានភាពស៊ីចង្វាក់គា្នដែលនឹងផ្តោតលើការលើកកម្ពស់អភិបាលកិច្ច និងសមត្ថភាពស្ថាប័ន ការបង្កើត បរិយាកាសអំណោយផលសម្រាប់អភិវឌ្ឍសង្គម សេដ្ឋកិច្ច ការអភិវឌ្ឍមូលធនមនុស្ស ការធ្វើពិពិធកម្ម សេដ្ឋកិច្ច ការបង្កើនភាពប្រកួតប្រជែង ការអភិវឌ្ឍវិស័យឯកជនដែលប្រកបដោយភាពធន់ ចីរភាព បរិយាប័ន្ន និងសង្គមឌីជីថលជាដើម។

ចំពោះច្បាប់ស្ដីពី ការបង្កើតរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ជំនួសឲ្យអាជ្ញាធរជាតិទទួល បន្ទុកកិច្ចការព្រំដែន ធ្វើឡើងក្នុងគោលបំណងបង្កើតឲ្យមានស្ថាប័នថ្មីមួយដែលមានលក្ខណៈអចិន្ត្រៃយ៍ មានរចនាសម្ព័ន្ធគ្រប់គ្រង និងសមត្ថកិច្ចពេញលេញ ព្រមទាំងអាចស្រូបទាញបន្ថែមនូវធនធានមនុស្ស ដែលមានសមត្ថភាពជំនាញពិតប្រាកដទាំងផ្នែកបច្ចេកទេស ផ្នែកច្បាប់ជាតិ ច្បាប់អន្តរជាតិ និងផ្នែក ជំនាញពាក់ព័ន្ធផ្សេងទៀត ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការបន្តបេសកកម្មដ៏ពិសិដ្ឋ ក្នុងការដោះស្រាយ បញ្ហាព្រំដែនជាមួយប្រទេសជិតខាង ការពង្រឹងកិច្ចការពារអធិបតេយ្យ និងបូរណភាពទឹកដី និងការ លើកស្ទួយការថែរក្សាសមិទ្ធផលព្រំដែនជាប្រវត្តិសាស្ត្រ ដែលរាជរដ្ឋាភិបាលសម្រេចបាន ឲ្យឋិតថេរ គង់វង្សយូរអង្វែងទុកជាមរតកដ៏ឧត្ដុង្គឧត្តមជូនកូនខ្មែរគ្រប់ជំនាន់៕

រូបភាពពីព្រឹទ្ធសភា
To Top