ព័ត៌មានជាតិ

កម្ពុជា គាំទ្រវេទិកាសន្តិសុខ សាធារណៈសកលឆ្នាំ២០២៣ ដើម្បីដោះស្រាយ បញ្ហាគន្លឹះជាអាទិភាព

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ រដ្ឋលេខាធិការក្រសួងមហាផ្ទៃកម្ពុជា បានគាំទ្រវេទិកាសន្តិសុខសាធារណៈសកល ឆ្នាំ២០២៣នេះ ដើម្បីធានារួបរួមគ្នាប្រើប្រាស់នូវបទពិសោធន៍ ធនធាន និងជំនាញ ដើម្បីដោះស្រាយនូវបញ្ហាគន្លឹះជាអាទិភាព ដោយរក្សាបាននូវ សុខសុវត្ថិភាពជូនប្រជាពលរដ្ឋ។

នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ លើកឡើងបែបនេះនាឱកាសអញ្ជើញ ជាតំណាងដ៏ខ្ពង់ខ្ពស់លោកបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចូលរួមក្នុងសន្និសីទ ស្តីពីវេទិកាសន្តិសុខសាធារណៈសកល ឆ្នាំ២០២៣ នៅខេត្តជាំងស៊ូ ប្រទេសចិន នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣។

នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ បានគូសបញ្ជាក់ថា «សូមប្តេជ្ញាចិត្តចូលរួម និងគាំទ្រវេទិកាសន្តិសុខសាធារណៈសកល ឆ្នាំ២០២៣នេះ ដើម្បីធានារួបរួមគ្នាប្រើប្រាស់នូវបទពិសោធន៍ ធនធាន និងជំនាញ ដោះស្រាយនូវបញ្ហាគន្លឹះជា អាទិភាពលើឧក្រិដ្ឋកម្មឆ្លងដែន សំដៅប្រើប្រាស់ភ្នាក់ងារ អនុវត្តច្បាប់ឲ្យចំគោលដៅ និងមានប្រសិទ្ធភាព ធានាដល់ការរក្សាបាននូវ សុខសុវត្ថិភាពជូនប្រជាពលរដ្ឋរៀងៗខ្លួន និងការកសាងបាននូវសំណាញ់ច្បាប់សកល ក្នុងការស៊ើបអង្កេត ស្រាវជ្រាវ និងផ្ដន្ទាទោសឧក្រិដ្ឋជន»។

នាយឧត្តមសេនីយ៍ ក៏បានថ្លែងអំណរគុណចំពោះ ថ្នាក់ដឹកនាំក្រសួងសន្តិសុខសាធារណៈចិន ដែលបានរៀបចំវេទិកា សន្តិសុខសាធារណៈសកល ឆ្នាំ២០២៣នេះ និងគាំទ្រចំពោះគោលបំណង និងបុព្វហេតុដ៏មានសារៈសំខាន់នៃវេទិកានេះ ក្នុងការលើកកម្ពស់ការផ្សាភ្ជាប់កាន់តែ ជិតស្និទ្ធរវាងកងកម្លាំងអនុវត្តច្បាប់ ពីគ្រប់ភាគីពាក់ព័ន្ធសំដៅប្រមូលផ្តុំវិធានការសរុប សំដៅដោះស្រាយបញ្ហាប្រឈមនានា ដែលជាក្តីបារម្ភរួម ពាក់ព័ន្ធវិស័យសន្តិសុខក្នុងបុព្វហេតុរួម នៃសន្តិភាព ការអភិវឌ្ឍ និងវិបុលភាព សម្រាប់ប្រជាជាតិនៅក្នុងតំបន់ និងសកលលោក។

សូមរំលឹកថា សន្និសីទស្ដីពី វេទិកាសន្តិសុខសាធារណៈសកល ឆ្នាំ២០២៣ ក្រោមប្រធានបទ «ពិភពលោកមួយ សន្តិសុខរួម» នេះឆ្លុះបញ្ចាំងអំពីតថភាពបច្ចុប្បន្ន នៃចក្ខុវិស័យវែងឆ្ងាយ ស្តីពីភាពចាំបាច់នៃកិច្ចសហប្រតិបត្តិការ ទូលំទូលាយប្រកបដោយចីរភាព ដែលផ្តោតសំខាន់លើទស្សន ថែរក្សាសន្តិសុខសកល ហើយជាពិសេសអនុញ្ញាតឲ្យថ្នាក់ដឹកនាំ អ្នកជំនាញ អង្គភាពពាក់ព័ន្ធ ពីបណ្ដាប្រទេសជាច្រើនបានជួបជុំគ្នា ដើម្បីផ្លាស់ប្ដូរ និងចែករំលែកពិសោធន៍ក្នុងការងារពង្រឹង ថែរក្សាសន្តិសុខជូនប្រជាពលរដ្ឋ ក្នុងប្រទេសខ្លួន និងក្នុងសកលផងដែរ៕

To Top