ព័ត៌មានជាតិ

ចិន ៖ សមយុទ្ធទ័ពកម្ពុជា-ចិន បង្ហាញភាពជោគជ័យមួយទៀត សម្រាប់គោល គំនិតមនុស្សធម៌អន្ដរជាតិ

រូបភាពពី៖​ ក្រសួងការពារជាតិ

ភ្នំពេញ ៖ លោក Wang Shuqian ប្រធាននាយកដ្ឋានសុខភិបាលផ្គត់ផ្គង់ភស្ដុភា នៃគណៈកម្មាធិការយោធាមជ្ឈឹមរបស់ចិន បានថ្លែងថា សមយុទ្ធសុខាភិបាលយោធា «ទេវតាសន្ដិភាព ២០២៣» រវាងកម្ពុជា-ចិន បង្ហាញភាពជោគជ័យមួយទៀត សម្រាប់គោលគំនិតមនុស្សធម៌អន្ដរជាតិ តែងតែប្រកាន់ភ្ជាប់នូវគោលការណ៍ គោរពគ្នាទៅវិញទៅមក។

ឱកាសអញ្ជើញជាអធិបតីក្នុងពិធីបញ្ចប់ទស្សនាសមយុទ្ធសុខាភិបាលយោធា «ទេវតាសន្ដិភាព» រួមជាមួយ លោកឧបនាយករដ្ឋមន្ដ្រី ទៀ សីហា រដ្ឋមន្ដ្រីក្រសួងការពារជាតិ នាថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ លោក Wang Shuqian បានឲ្យដឹងថា សមយុទ្ធរួមគ្នានាលើកនេះ គឺជាលំហាត់រួមគ្នាលើកដំបូងដែលបានប្រើប្រាស់យន្តហោះសង្គ្រោះបន្ទាន់ និងចូលរួមដោយកងទ័ពមិត្ត។

លោកបញ្ជាក់ថា «ការរៀបចំសមយុទ្ធរួមគ្នានេះប្រកបដោយភាពជោគជ័យ គឺជាការបង្ហាញភាពជោគជ័យមួយទៀតសម្រាប់គោលគំនិតមនុស្សធម៌អន្តរជាតិ ក៏ជាលទ្ធផលប្រកបដោយផ្លែផ្កាដែលចិននិងកម្ពុជា តែងតែប្រកាន់ខ្ជាប់នូវគោលការណ៍ការគោរពគ្នាទៅវិញទៅមក សមភាព និងទំនុកចិត្តគ្នាទៅវិញទៅមក ពង្រឹងកិច្ចសហប្រតិបត្តិការជាក់ស្ដែងឲ្យកាន់តែស៊ីជម្រៅ និងបង្កើនចំណងមិត្តភាព ដែកថែប ដែលទាំងនេះទទួលបានការគាំទ្រពេញទំហឹងនិងការបង្ហាញពីភាពយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំ ភ្នាក់ងារគ្រប់លំដាប់ថ្នាក់ និងភាគីពាក់ព័ន្ធនៅកម្ពុជា ហើយក៏មិនអាចកាត់ផ្តាច់ចេញពីកិច្ចសហប្រតិបត្តិការយ៉ាងសកម្មនៃវត្តមានាយទាហានក្នុងលំហាត់រួមគ្នាលើកនេះនិងមានការធានាដ៏រឹងមាំ ពីអង្គភាពពាក់ព័ន្ធ»។

លោកឧត្តមសេនីយ៍ទោ ប៉ែន សុក្រិត្យវិទ្យា នាយលេខាធិការដ្ឋានសេនាធិការចម្រុះ និងជាប្រធានក្រុមការងារចាត់ចែងទូទៅ និងដឹកនាំសមយុទ្ធ បានលើកឡើងថា ឆ្លងកាត់ការហ្វឹកហ្វឺនរួមគ្នាអស់រយៈពេល៨ថ្ងៃ នាយទាហាន នាយទាហានរង ពលទាហាន ចូលរួមសមយុទ្ធ បានធ្វើការសហការយ៉ាងជិតស្និត និងស្មោះត្រង់ រួមគ្នាខិតខំប្រឹងប្រែងបានធ្វើឲ្យសមយុទ្ធហ្វឹកហ្វឺនរួមគ្នា កងទ័ពទាំងពីរកម្ពុជា-ចិន បញ្ចប់ទៅប្រកបដោយភាពជោគជ័យ យ៉ាងត្រចះត្រចង់។

លោកបន្ដថា សមយុទ្ធហ្វឹកហ្វឺននាពេលនេះ កងទ័ពភាគីទាំងពីរកម្ពុជា-ចិន សរុបចំនួន៧២១នាក់ ក្នុងនោះភាគីកម្ពុជាចំនួន ៥៩៥នាក់ ភាគីចិនចំនួន ១២៦ នាក់ ដោយប្រើប្រាស់យន្តហោះសង្គ្រោះសុខាភិបាលប្រភេទ Y-9 ចំនួន យន្តហោះប្រភេទ Y-20 ឧទ្ធម្ភាគចក្រប្រភេទ Mi-17 ឧទ្ធម្ភាគចក្រប្រភេទ Z-9 រថយន្តសុខាភិបាលដែលមានរថយន្តបង្ការជំងឺឆ្លងលទ្ធភាពខ្ពស់ រថយន្តសង្គ្រោះសម្ពាធទាប និងបរិក្ខាសុខាភិបាលបម្រើការក្នុងសមយុទ្ធមួយចំនួនទៀត បានធ្វើការរៀបចំហ្វឹកហាត់ជាក្រុមរួមគ្នាមានភាពរលូន និងទទួលបាន លទ្ធផលល្អប្រសើរ៕

To Top