ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងអរគុណប្រជាពលរដ្ឋខ្មែរ រស់នៅសហរដ្ឋអាមេរិក និងកាណាដា ដែលបានមករង់ចាំ និងទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងស្និទ្ធស្នាលបំផុត នៅទីតាំងស្នាក់នៅ “សណ្ឋាគារ Millenium Hotel UN One Plaza” ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក នាល្ងាចថ្ងៃទី២១ កញ្ញា ម៉ោងនៅអាមេរិក ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិ Newark Liberty ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ប្រកបដោយសុវត្ថិភាព នាយប់ថ្ងៃទី២១ កញ្ញា ម៉ោងនៅទីក្រុងញូវយ៉ក ត្រូវនឹងព្រឹកថ្ងៃទី២២ កញ្ញា ម៉ោងនៅកម្ពុជា ។
ដំណើរអញ្ជើញដល់របស់សម្តេចធិបតី ក៏ត្រូវបានទទួលស្វាគមន៍ដោយ លោកស្រី អ៊ាត សុភា តំណាងអចិន្ត្រៃយ៍កម្ពុជា នៅអង្គការសហប្រជាជាតិ ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ព្រមទាំងពលរដ្ឋខ្មែរដែលគោរពស្រលាញ់ នាយករដ្ឋមន្ត្រីរង់ចាំ ទទួលស្វាគមន៍ផងដែរ ។
បើតាមក្រសួងការបរទេសខ្មែរ សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញចូលរួម «មហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៧៨» នៅទីក្រុងញូយ៉ក សហរដ្ឋអាមេរិក ចាប់ពីថ្ងៃទី២១-២៥ កញ្ញា ។ មូលបទចម្បងសម្រាប់កិច្ចពិភាក្សាក្នុងឆ្នាំនេះគឺ «កសាងទំនុកចិត្តឡើងវិញ និងបំផុសសាមគ្គីភាព ក្នុងពិភពលោក៖ ជំរុញសកម្មភាពលើរបៀបវារៈឆ្នាំ២០៣០ និងគោលដៅអភិវឌ្ឍន៍ដោយចីរភាព ដើម្បីសន្តិភាព វិបុលភាព វឌ្ឍនភាព និងចីរភាពសម្រាប់ទាំងអស់គ្នា»។
ក្នុងនោះ ខ្លឹមសារនៃសុន្ទរកថា របស់សម្តេចធិបតី ក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ នឹងផ្ដោតលើទិដ្ឋភាពសំខាន់ៗចំនួន បី រួមមាន ៖ បរិបទពិភពលោកវឌ្ឍនភាពសង្គម-សេដ្ឋកិច្ចកម្ពុជា និងការប្ដេជ្ញាចិត្តរបស់កម្ពុជា ចំពោះសកម្មភាពបដិវត្តកម្ម នៃគោលដៅអភិវឌ្ឍន៍ ដោយចីរភាព (SDGs)។
ជាមួយគ្នានោះសម្ដេចធិបតី ក៏នឹងមានកិច្ចប្រជុំទ្វេភាគី ជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិ,លោកស្រី Victoria Nuland អនុរដ្ឋមន្ត្រីការបរទេសស្ដីទី របស់សហរដ្ឋអាមេរិក និងឥស្សរជន បរទេសមួយចំនួន ក្នុងអំឡុងពេលស្នាក់នៅ ទីក្រុងញូវយ៉ក។ ហើយនឹងមានការជួប ប្រជាពលរដ្ឋខ្មែរកំពុងរស់នៅទីនោះផងដែរ ។
សូមរំលឹកថា នេះជាដំណើរចេញបំពេញការងារ នៅក្រៅប្រទេស លើកទី៣ហើយ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងតួនាទីជានាយករដ្ឋមន្ត្រី ដោយដំណើរបំពេញការងារដំបូង នៅឥណ្ឌូនេស៊ី និងលើកទី២ ដំណើរទស្សនកិច្ចផ្លូវការ ទៅកាន់សាធារណរដ្ឋប្រជាមានិតចិន ខណៈដំណើរទស្សនកិច្ចទាំង៣លើក របស់សម្តេចនាយករដ្ឋមន្ត្រី ធ្វើឡើងក្នុងខែតែមួយ ពោលគឺកញ្ញានេះតែម្ដង ៕







