ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្រ្តី ទៀ សីហា រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា បានអបអរសាទរចំពោះលទ្ធផល ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនូវលំហាត់ហ្វឹកហ្វឺនពហុជាតិ សកម្មភាពមីនមនុស្សធម៌ ក្នុងក្របខណ្ឌក្រុមជំនាញការ រដ្ឋមន្រ្តីការពារជាតិអាស៊ាន-បូក ដោយលំហាត់ហ្វឹកហ្វឺននេះកងទ័ព នៃបណ្តាប្រទេសទាំងអស់ បានចូលរួមនោះ គឺទទួលបទពិសោធន៍គ្នាកាន់តែខ្លាំងទៅវិញទៅមក លើការបោសសំអាតមីនមនុស្សធម៌។
ក្នុងពិធីបិទលំហាត់ហ្វឹកហ្វឺនពហុជាតិ សកម្មភាពមីនមនុស្សធម៌ ក្នុងក្របខណ្ឌក្រុមជំនាញការ រដ្ឋមន្រ្តីការពារជាតិអាស៊ាន-បូក (ADMM-Plus EWG On HMA) ក្រោមប្រធានបទ «មាតុភូមិដ៏បវរ ឆ្នាំ២០២៣» នាថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣នេះ លោកឧបនាយករដ្ឋមន្រ្តី ទៀ សីហា បានលើកឡើងថា «ការរៀបចំលំហាត់ហ្វឹកហ្វឺនប្រតិបត្តិការពហុជាតិរួមគ្នាជាមួយសិក្ខាកាមយោធាមកពីបណ្តាប្រទេសជាមិត្តនាពេលនេះ គឺដើម្បីផ្សព្វផ្សាយសន្តិភាពតំបន់ និងការអភិវឌ្ឍន៍មានចីរភាព ដែលបានបង្ហាញថាទោះបីពណ៌សម្បូរ ជាតិសាសន៍ខុសគ្នា ប៉ុន្តែក្នុងគោលបំណងតែមួយ គឺបោសសម្អាតមីនមនុស្សធម៌ ដើម្បីសន្តិភាព»។
លោកឧបនាយករដ្ឋមន្រ្តីបន្ថែមទៀតថា លំហាត់ហ្វឹកហ្វឺនពហុជាតិសកម្មភាពមីនមនុស្សធម៌ ក្រោមប្រធានបទ «មាតុភូមិដ៏បវរឆ្នាំ២០២៣» រយៈពេល១០ថ្ងៃនេះ ត្រូវបានឈានដល់ការបិទបញ្ចប់ដោយរលូនជាស្ថាពរនិងប្រកបដោយផ្លែផ្កា។ លំហាត់ហ្វឹកហ្វឺននេះ បានឆ្លុះបញ្ចាំងពីកិច្ចខិតខំប្រឹងប្រែងរួមគ្នារវាងអាស៊ាន និងប្រទេសដៃគូ សំដៅដោះស្រាយនូវរាល់បញ្ហាមីន កាកសំណល់សង្គ្រាម និងបច្ច័យអវិជ្ជមាននានា ដើម្បីផ្តល់សុវត្ថិភាព សុខុមាលភាព និងចូលរួមអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ច ដោយយក «ប្រជាជនជាស្នូល»។
សូមបញ្ជាក់ថា លំហាត់ខាងលើនេះ មានកងទ័ពមកពីប្រទេសសមាជិកអាស៊ាន និងប្រទេសដៃគូចំនួន១៤ មកពីទ្វីបទាំង៤ អាស៊ី អ៊ឺរ៉ុប អាមេរិក អូសេអានី ក្នុងនោះមានប្រទេសអូស្ត្រាលី ប៊្រុយណេដារូសាឡឹម ព្រះរាជាណាចក្រកម្ពុជា សាធារណរដ្ឋប្រជាមានិតចិន សាធារណរដ្ឋឥណ្ឌា សាធារណរដ្ឋឥណ្ឌូនេស៊ី ប្រទេសជប៉ុន សាធារណរដ្ឋកូរ៉េ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ សាធារណរដ្ឋហ្វីលីពីន សហព័ន្ធរុស្សី សាធារណរដ្ឋសិង្ហបុរី សហរដ្ឋអាមេរិក និងសាធារណរដ្ឋសង្គមនិយមវៀតណាម ដោយមានសិក្ខាកាមទាំងអស់ ចំនួនជាង ៥០០នាក់៕