ព័ត៌មានជាតិ

រដ្ឋមន្ដ្រីមហាផ្ទៃ ៖ ផ្ដើមពីជោគជ័យនៅបាត់ដំបង ទើបរាជរដ្ឋាភិបាល សម្រេចផ្ទេរមុខងារ ក្នុងវិស័យអប់រំ ទៅរដ្ឋបាលក្រុង ស្រុក ខណ្ឌ ទូទាំងប្រទេស

ភ្នំពេញ ៖ លោកបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធាន គណៈកម្មាធិការជាតិ សម្រាប់ការអភិវឌ្ឍ តាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប.) បានឲ្យដឹងថា ការផ្ទេរមុខងារអប់រំ យុវជន និងកីឡា តាមបែបវិមជ្ឈការ គឺការប្រគល់ទៅឲ្យរដ្ឋបាលក្រុង ស្រុក ក្នុងខេត្តបាត់ដំបង បានទទួលលទ្ធផលជាវិជ្ជមាន និងមានលក្ខណៈល្អប្រសើរជាង ការផ្ទេរមុខងារអប់រំ យុវជន និងកីឡា តាមបែបវិសហមជ្ឈការ គឺត្រឹមតែធ្វើប្រតិភូកម្ម ទៅឲ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌផ្សេងទៀត។

ក្នុងពិធីផ្សព្វផ្សាយអនុក្រឹត្យ ស្ដីពី ការផ្ទេរមុខងារក្នុងវិស័យអប់រំ យុវជន និងកីឡា ទៅឲ្យរដ្ឋបាលក្រុងស្រុកខណ្ឌ នៅថ្ងៃ២២ កញ្ញា បណ្ឌិត ស សុខា សង្កត់ធ្ងន់ថា “ផ្អែកលើមូលដ្ឋានខាងលើនេះ ទើបរាជរដ្ឋាភិបាល ក្រោមមាគ៌ាសម្ដេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បានសម្រេចពង្រីក ការប្រគល់មុខងារក្នុងវិស័យអប់រំ យុវជន និងកីឡាតាមទិដ្ឋភាពដូច ដែលបានអនុវត្តនៅតាមរដ្ឋបាលក្រុង ស្រុក ក្នុងខេត្តបាត់ដំបង ឲ្យទៅអនុវត្តនៅតាមរដ្ឋបាលក្រុង ស្រុក ខណ្ឌទូទាំងប្រទេស តាមរយៈការដាក់ចេញ នូវអនុក្រឹត្យចុះថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣ ស្តីពីការផ្ទេរមុខងារក្នុងវិស័យអប់រំ យុវជន និងកីឡា ទៅឲ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ”។

លោកបន្ដថា តាមបញ្ញត្តិអនុត្រឹត្យនេះ ការផ្ទេរមុខងារក្នុងវិស័យអប់រំ យុវជន និងកីឡា គឺផ្ដោតលើការប្រគល់មុខងារចំនួន៣ រួមមាន ៖ មុខងារគ្រប់គ្រងការអប់រំកុមារតូច មុខងារគ្រប់គ្រងការអប់រំបឋមសិក្សា និងមុខងារគ្រប់គ្រងការអប់រំក្រៅប្រព័ន្ធ។ បន្ថែមពីនេះ គឺការបន្តធ្វើប្រតិភូកម្មមុខងារគាំទ្ររដ្ឋបាលចំនួន៣ រួមមាន ៖ មុខងារគាំទ្រផ្នែករដ្ឋបាលដល់គ្រឹះស្ថានមធ្យមសិក្សាចំណេះទូទៅ មុខងារគាំទ្រផ្នែករដ្ឋបាលដល់ការងារអភិវឌ្ឍយុវជន និងមុខងារគាំទ្រផ្នែករដ្ឋបាល ដល់ការងារអប់រំកាយនិងកីឡា។

ឧបនាយករដ្ឋមន្ត្រីពន្យល់ថា ការផ្ទេរមុខងារ ក្នុងវិស័យអប់រំ យុវជន និងកីឡា ទៅរដ្ឋបាលក្រុង ស្រុក ខណ្ឌ តាមរយៈអនុក្រឹត្យនេះ គឺជាការបែងចែកឡើងវិញ បានច្បាស់លាស់នូវតួនាទី និងការទទួលខុសត្រូវរវាងក្រសួងអប់រំ យុវជន និងកីឡា និងរដ្ឋបាលក្រុង ស្រុក ខណ្ឌ ក្នុងគោលបំណងធ្វើឲ្យប្រសើរឡើងនូវគុណភាព និងប្រសិទ្ធភាព នៃការផ្តល់សេវាអប់រំ ដែលត្រូវបានផ្ទេរទៅឲ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ ស្របជាមួយនឹងគោលបំណង នៃកំណែទម្រង់ក្នុងវិស័យអប់រំ ដែលបាននិងកំពុងអនុវត្តដោយក្រសួងអប់រំ យុវជន និងកីឡាផងដែរ។ តែទោះបីយ៉ាងណា ក្រសួងអប់រំ នៅតែមានតួនាទីសំខាន់នៅក្នុងការរៀបចំគោលនយោបាយជាតិ ផែនការយុទ្ធសាស្ត្រជាតិ ការសិក្សាស្រាវជ្រាវ កម្មវិធីសិក្សាជាតិ និយាមនិងស្តង់ដាអប្បបរមា ការជ្រើសរើស និងការបណ្តុះបណ្តាលគ្រូ ការគាំទ្របច្ចេកទេស ការតាមដានត្រួតពិនិត្យ និងវាយតម្លៃដដែល៕

To Top