ភ្នំពេញ៖ គូស្នេហ៍វ័យក្មេងមួយគូ ដែលទើបភ្ជាប់ពាក្យជាមួយគ្នារយៈពេលជិត៥ខែ បានស្លាប់បាត់បង់ជីវិតទាំងពីរនាក់ ក្នុងគ្រោះថ្នាក់ចរាចណ៍មួយ រវាងម៉ូតូ និងរថយន្តធុនធ្ងន់ កាលពីរាត្រីរំលងអាធ្រាតថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ ។
តាមការឲ្យដឹងពីសាច់ញាតិជនរងគ្រោះ បានបញ្ជាក់ថា គូដណ្តឹងមួយគូនេះ ជិតដល់ថ្ងៃរៀបការទៅហើយ តែត្រូវបានស្លាប់បាត់បង់ជីវិត នៅនឹងកន្លែងកើតហេតុ យ៉ាងអាណោចអាធម ។
ក្រោយគ្រោះថ្នាក់ចរាចរណ៍ដ៏សែនរន្ធត់នេះកើតឡើង បានធ្វើឲ្យក្រុមគ្រួសារសាច់ញាតិ រួមទាំងមិត្តភក្ដិ សោកសង្រេងជាពន់ពេក និងក្ដីអាឡោះអាល័យយ៉ាងក្រៃលែងបំផុត ។
គួរបញ្ជាក់ថា ហេតុការណ៍ខាងលើនេះ កើតឡើងនៅវេលាម៉ោង ១២ និង ៣៥ នាទី រំលងអាធ្រាតឈានចូលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ ដោយមានករណីគ្រោះថ្នាក់ចរាចរាណ៍មួយ បានកើតឡើងរវាងម៉ូតូ និងរថយន្តកុងទិន័រ នៅចំណុចគិរីវន្តផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ១៤៧-១៤៨ ស្ថិតក្នុងភូមិអូរជ្រៅ ឃុំបឹងព្រាវ ដែលបណ្ដាលឲ្យអ្នកបើកបរម៉ូតូជិះគ្នាប្រុសស្រីពីរនាក់ (គូស្នេហ៍ជាគូដណ្តឹងនឹងគ្នា) ស្លាប់ភ្លាមៗនៅនឹងកន្លែង។ ក្រោយកើតហេតុ អ្នកបើរបរឡានកុងតាន័របានរត់គេចខ្លួនបាត់ បន្សល់ទុកសពជនរងគ្រោះជាគូស្នេហ៍ ដេកស្លាប់យ៉ាងអាណោចអាធម និងម៉ូតូដែលត្រូវបានរថយន្តបុកខ្ទេចខ្ទី។
ភ្លាមៗបន្ទាប់ពីធ្វើការវាស់វែង និងកំណត់ហេតុរួច សាកសពគូស្នេហ៍រងគ្រោះទាំងពីរនាក់ ត្រូវបានប្រគល់ទៅឲ្យគ្រួសារសាច់ញាតិ ដើម្បីយកទៅរៀបចំ ពិធីបុណ្យតាមប្រពៃណី ដែលមាន អាសយដ្ឋាន ស្ថិតនៅ ចំណុចក្បែរទីតាំងកើតហេតុ។ ចំណែករថយន្តត្រូវបានកម្លាំងផ្នែកជំនាញយកមករក្សាទុក នៅអធិការដ្ឋាន ដើម្បីកសាងសំណុំរឿងអនុវត្តតាមនីតិវិធី៕