ភ្នំពេញ៖ ស្ថាបទូតចិន និងសមាគមខេត្តយូរណាន ដើម្បីមិត្តភាពជាមួយបរទេស ការិយាល័យព័ត៌មាន របស់ខេត្តយូណាន រដ្ឋាភិបាលប្រជាជនក្រុង Dali នាថ្ងៃទី២២ កញ្ញានេះ បានរៀបចំកម្មវិធី ប្រកាសលទ្ធផល កម្មវិធី ” iYunnan” ដើរមកកាន់ប្រទេសកម្ពុជា នារាជបណ្ឌិត្យសភាកម្ពុជា។
កម្មវិធីនេះ មានការអញ្ជើញចូលរួមដោយ លោក ហង់ជួនណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡា លោក Chang Jian ភារធារីស្ថានទូតចិន ប្រចាំកម្ពុជា លោកស្រី Zeng Yan ប្រធានមន្ទីរឃោសនាន គណៈកម្មាធិការបក្សខេត្តយូណាន លោក កឹម គុណវឌ្ឍន៍ រដ្ឋលេខាធិការក្រសួងព័ត៌មាន លោក ឈាន លាង រដ្ឋលេខាធិការក្រសួងព័ត៌មាន លោក ឯក សំអុល ប្រធានសមាគមមិត្តភាពកម្ពុជាចិន លោក កែវ កាន់វីរ: អនុរដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការ នៃរាជបណ្ឌិត្យសភាកម្ពុជា ។
ក្នុងនោះលោក Chang Jian បានលើកឡើងថា ការប្រកាសសមិទ្ធផល” iYunnan” នៅក្នុងប្រទេសកម្ពុជា ដើម្បីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី ៦៥ នៃការបង្កើតទំនាក់ទំនង ការទូតរវាងចិននិងកម្ពុជា ហើយកម្មវិធីនាថ្ងៃនេះ គឺជាកម្មវិធីសម្តែងសិល្បៈវប្បធម៌ទ្រង់ទ្រាយធំ លើកទី៣ សម្រាប់ឆ្នាំមិត្តភាពចិន-កម្ពុជា គឺជាកម្មវិធីផ្លាស់ប្តូរមនុស្សសាស្ត្រ លើកទី២ រវាងខេត្តយូណានប្រទេសចិន និងប្រទេសកម្ពុជា នាឆ្នាំនេះ ក៏ជាការបង្ហាញលើកដំបូង ពីទំនៀមទម្លាប់ការរស់នៅ របស់ប្រជាជន Dali ខេត្តយូណាន ប្រទេសចិន ជូនទៅកាន់មិត្តភក្ដិកម្ពុជា។
លោកបន្តទៀតថា ចិននិងកម្ពុជា គឺជាអ្នកជិតខាងល្អដ៏ប្រពៃ ហើយទំនាក់ទំនង ចំណងមិត្តភាព រវាងប្រទេសនិងប្រជា ជនទាំងពីរ មានអាយុកាលជាប្រវត្តិសាស្ត្រយូរអង្វែង។ ចំណងមិត្តភាពជាប្រពៃណី រវាងចិននិងកម្ពុជា ដែលពូនជ្រំរួមគ្នា ដោយថ្នាក់ដឹកនាំជំនាន់មុនៗ នៃប្រទេសទាំងពីរ បានចាក់ឫសយ៉ាងជ្រៅ ក្នុងក្រអៅបេះ ដូងប្រជាជន បានធ្វើឱ្យកាន់តែរស់រវើកឥតឈប់ឈរ នៅក្នុងបរិបទថ្មី និងបានផ្ដល់ជាកម្លាំងរុញច្រានដែល មានតម្លៃមហិមា សម្រាប់ការអភិវឌ្ឍន៍ភាពជាដៃគូយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយ រវាងចិន-កម្ពុជា ។
លោកបានបន្តថា ឆ្នាំ២០២៣នេះ គឺជាខួបអនុស្សាវរីយ៍លើកទី ៦៥ នៃការបង្កើតទំនាក់ទំនងការទូត រវាងចិននិងកម្ពុជា និងជា”ឆ្នាំនៃមិត្តភាព ចិន-កម្ពុជា” ក្រោមការជំរុញការទូត របស់ប្រមុខរដ្ឋ កិច្ចសហប្រតិបត្តិការជាក់ស្ដែង រវាងចិននិងកម្ពុជា បានបន្តកាន់តែស៊ីជម្រៅ និងកាន់តែជាក់ស្តែង ចំណងមិត្តភាព រវាងប្រជាជនទាំងពីរ កាន់តែរឹងមាំស៊ីជម ដើម្បីចាប់ផ្ដើមរួមគ្នា កសាងសហគមន៍វាសនារួម រវាងចិន និងកម្ពុជា ដែលមានគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដារខ្ពស់ នៅក្នុងយុគសម័យថ្មី។
ជាមួយគ្នានេះ ឧបនាយករដ្ឋមន្ត្រី លោក ហង់ ជួនណារ៉ុន បានលើកឡើងថា សម្តេចធិបតី ហ៊ុន ម៉ាណែត ទើបតែបញ្ចប់ដំណើរទស្សនកិច្ចផ្លូវការលើកដំបូង នៅប្រទេសចិនថ្មីៗនេះ ក្រោយទទួលបានការគាំទ្រ ពីប្រជាពលរដ្ឋនិងរដ្ឋសភា ឲ្យដឹកនាំរាជរដ្ឋាភិបាល ។ ដំណើរទស្សនកិច្ចផ្លូវការជាលើកដំបូងនេះ ជាការបញ្ជាញ់យ៉ាងច្បាស់ អំពីការប្តេជ្ញាបន្តរក្សាជំហរ ពង្រឹងទំនាក់ទំនងការទូត រវាងកម្ពុជាចិន និងការប្រកាន់ជំហរគោលនយោបាយចិនតែមួយ ។ ចិននិងកម្ពុជា ជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ នៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ដើម្បីវិបុលភាព ភាពនិងការអភិវឌ្ឍលើគ្រប់វិស័យ ហើយបានប្តេជ្ញាពង្រឹង កិច្ចសហប្រតិបត្តិការ ដើម្បីឆ្ពោះទៅការកសាង សហគមន៍វាសនារួមកម្ពុជាចិន នៅក្នុងព្រឹត្តិការណ៍ថ្មីៗ ខ្ញុំសង្ឃឹមថា កិច្ចសហប្រតិបត្តិការនេះ នឹងក្លាយជាគំរូថ្មីមួយ សម្រាប់ប្រទេសដទៃ ។
សូមរំលឹកថា កន្លងមកនេះ ខេត្តយូណាន និងប្រជាជននៃខេត្តមួយនេះបានខិតខំប្រឹងប្រែង ពង្រឹងទំនាក់ទំនងល្អជាមួយ កម្ពុជា បានបង្កើតខេត្តសម្ព័ន្ធមេត្រី ជាមួយខេត្តសៀមរាប និងខេត្តបន្ទាយមានជ័យ និងបានបង្កើតទីក្រុងសម្ព័ន្ធមេត្រី រវាងទីក្រុងឃុនមីង និងរាជធានីភ្នំពេញ បានចាក់ឫសគល់យ៉ាងរឹងមាំ សម្រាប់ប្រជាជន និងប្រទេសទាំងពីរ៕