ព័ត៌មានជាតិ

សម្ដេចធិបតី ហ៊ុន ម៉ាណែត ប្រាប់UNថាកម្ពុជាមិនអនុញ្ញាតឱ្យមាន មូលដ្ឋានយោធាបរទេស

ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងប្រាប់ អង្គការសហប្រជាជាតិថា កម្ពុជាប្រឆាំងដាច់ខាត ចំពោះការគំរាមកំហែងប្រើប្រាស់ ឬការប្រើប្រាស់កម្លាំង ក្នុងទំនាក់ទំនងអន្តរជាតិ ការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង និងការឈ្លានពានរដ្ឋឯករាជ្យណាមួយ។

តាមរយៈវីដេអូសុន្ទរកថាថ្លែង នៅក្នុងកិច្ចពិភាក្សាទូទៅ នៃមហាសន្និបាត លើកទី៧៨ របស់អង្គការសហប្រជាជាតិទីក្រុងញូវយ៉ក សហរដ្ឋអាមេរិកនារសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាសង្កត់ធ្ងន់ថា«កម្ពុជាមិនអនុញ្ញាតឱ្យមានមូលដ្ឋានយោធាបរទេសនៅលើទឹកដីរបស់ខ្លួនដូចមានចែងច្បាស់ក្នុងរដ្ឋធម្មនុញ្ញ។កម្ពុជាមិនអនុញ្ញាតឱ្យប្រទេសណាមួយ ឬក្រុមណាមួយប្រើប្រាស់ទឹកដីកម្ពុជាប្រឆាំងនឹងប្រទេសផ្សេងទៀត»។

សម្ដេចធិបតីបានថ្លែងបន្ថែមថា កម្ពុជានឹងបន្តដើរលើមាគ៌ានយោបាយការបរទេសបច្ចុប្បន្នដែលឯករាជ្យ អព្យាក្រឹត ផ្អែកលើវិធានការច្បាប់ គោរពគ្នាទៅវិញទៅមកដោយស្មើភាព និងប្រកាន់ខ្ជាប់គោលការណ៍ នៃធម្មនុញ្ញអង្គការសហប្រជាជាតិ ដើម្បីលើកកម្ពស់ ផលប្រយោជន៍ជាតិ ពង្រឹងមិត្តភាពដែលមានស្រាប់ និងកសាងមិត្តភាពបន្ថែម។

សម្ដេចនាយករដ្ឋមន្រ្តី បានថ្លែងបន្តទៀតថា កម្ពុជា នឹងខិតខំបន្ថែមដើម្បីពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការល្អជាមួយប្រជាជាតិទូទាំងពិភពលោក តាមរយៈក្របខណ្ឌទ្វេភាគិ តំបន់ និងអន្តរជាតិដើម្បីរួមចំណែកដល់សន្តិសុខ ស្ថិរភាព ការអភិវឌ្ឍប្រកបដោយចីរភាព និងវិបុលភាពរួម៕

To Top