ភ្នំពេញ៖ កម្លាំងអន្តរាគមន៍ នៃអធិការដ្ឋាន នគរបាលស្រុកគិរីវង់ សហការជាមួយកម្លាំង ប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំដិន ចុះស្រាវជ្រាវនាំយុវតី ២ក្រុម មកអប់រំ ធ្វើកិច្ចសន្យា ក្រោយបែកធ្លាយវីដេអូ វាយប្រតាយប្រតប់គ្នាយ៉ាងចាស់ដៃ តាមបណ្ដាញសង្គមហ្វេសប៊ុក (FB) នៅទីធ្លាវត្តបោក្ខៈណារ៉ាម ហៅវត្តភ្នំដិនខាងជើង ។
ប្រតិបត្តិការនេះ ធ្វើឡើងក្រោយកម្លាំងសមត្ថកិច្ច ទទួលបានព័ត៌មានថា មានករណីក្មេងៗស្រីៗ វាយតបគ្នា ដែលបានកើតឡើងកាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ លោកវរសេនីយ៍ឯក ជា សុផល អធិការនគរបាលស្រុក បានដាក់បទបញ្ជាឲ្យលោកវរសេនីយ៍ទោ យ៉ាង តារា និងលោកវរសេនីយ៍ត្រី នៅ នី អធិការរង ដឹកនាំកម្លាំងអន្តរាគមន៍ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំដិន ធ្វើការចុះស្រាវជ្រាវករណីខាងលើ រហូតឈានដល់កំណត់ បានក្រុមក្មេងៗស្រីៗទាំងនោះ ហើយបានធ្វើការនាំខ្លួនពួកគេទាំង២ក្រុម យកមកសាកសួរបំភ្លឺ និងអប់រំណែនាំ ធ្វើកិច្ចសន្យា ហើយអញ្ជើញអាណាព្យាបាល ឪពុកម្ដាយ មកធ្វើការធានា ទើបអនុញ្ញាតឱ្យ ត្រឡប់ទៅផ្ទះវិញ៕