ព័ត៌មានជាតិ

ប្រធានអង្គការអាហ្វេស៊ីប អំពាវនាវកុំលើកលែង ដល់យុវជន៦នាក់ រំលោភបូកលើយុវតីម្នាក់ ខណៈលេចលឺដំណឹង កំពុងរត់ការឱ្យនៅក្រៅឃុំ

ភ្នំពេញ៖ អ្នកស្រី ម៉ម សុ​ម៉ាលី ប្រធានអង្គការអាហ្វេស៊ីបអំពាវនាវសមត្ថកិច្ច តុលាការ កុំលើកលែងដល់យុវជន៦នាក់ រំលោភសេពសន្ថវៈរួមគ្នា លើយុវតីម្នាក់ ខណៈលេចលឺដំណឹងអាណាព្យាបាលយុវជនទាំងនោះ កំពុងរត់ការឲ្យកូនៗរបស់ពួកគេ នៅក្រៅឃុំ ។

ប្រភពព័ត៌មានមួយច្បាស់ការមួយ បានលើកឡើងថា ករណីយុវជន៦នាក់ រំលោភបូកលើយុវតីម្នាក់បានសម្រេច ត្រូវបានអ្នកស្រី ម៉ម សុ​ម៉ាលី នឹងតាមដានករណីនេះដល់ទីបំផុត។

សូមរំលឹកថា ករណីរំលោភសេពសន្ថវៈពីយុវជនទាំង៦នាក់ខាងលើនេះ បានប្រព្រឹត្តិទៅលើក្មេងស្រីអាយុ ១៤ ឆ្នាំម្នាក់ កាលពីរសៀល ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣ ស្ថិតនៅត្រង់ចំណុចនៅត្រង់ចំណុចភូមិព្រៃខ្លុង ឃុំរកាត ស្រុកភ្នំក្រវេញ ខេត្តពោធិ៍សាត់។ ដោយឡែកយុវជនទាំង ៦នាក់ដែលបានប្រព្រឹត្តិអំពើសេពសន្ថវៈ មានអាយុចន្លោះពី ១៥ ឆ្នាំ ទៅ ១៦ ឆ្នាំ ដែលបានធ្វើសកម្មភាពរំលោភយ៉ាងសាហាវ រហូតដល់ថ្នាក់ជនរងគ្រោះសន្លប់បាត់បង់ស្មារតី និងរងរបួសផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរ ។

បន្ទាប់ពីទទួលបានដំណឹងនេះ អ្នកស្រី ម៉ម សុម៉ាលី ប្រធានអង្គការ «អាហ្វេស៊ីប» បានទៅកាន់ផ្ទះក្មេងស្រីរងគ្រោះ ដើម្បីនាំយកនាងមកនៅអង្គការ ដើម្បីទទួលការព្យាបាល ជាមួយការផ្តល់ភាពកក់ក្តៅ យកចិត្តទុកដាក់។
បន្ទាប់មក អ្នកស្រី ម៉ម សុម៉ាលី ក៏បាន Live វីដេអូ រៀបរាប់ពីស្ថានភាពរបស់ក្មេងស្រីរងគ្រោះ ដោយអ្នកស្រីបានឲ្យដឹងថា ក្មេងស្រីរងគ្រោះជាសិស្សថ្នាក់ទី៩ ចំណែកក្រុមក្មេងស្ទាវជំទង់ ដែលធ្វើសកម្មភាពរំលោភសេពសន្ថៈបូកលើនាង គឺជាមិត្តរួមថ្នាក់របស់នាងតែម្តង ហើយហេតុការណ៍កើតឡើងនេះ គឺដោយសារតែការទុកចិត្តមិត្តភក្ដិ។

ក្នុងនោះដែរ អ្នកស្រីសូមអំពាវនាវ ដល់ឪពុកម្តាយដែលស្រលាញ់កូន សូមតាមមើលថែកូន និងជាពិសេសកូនស្រីខ្លួនឯង គឺមិនត្រូវប្រថុយ ទៅធ្វើលំហាត់នៅសាលាតែម្នាក់ឯង ក្នុងចំណោមសិស្សប្រុសច្រើននាក់នោះទេ៕

To Top