ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានណែនាំឲ្យគ្រឹះស្ថានអាហរ័ណ នីហរ័ណឱសថ គ្រួសារកក់ក្ដៅ ឯ.ក ប្រមូលមកវិញ នូវផលិតផល បំប៉នសុខភាពភាព GINSENG PRO B/Bott./30Caps. និង GINSENG PRO B/Bott./60Caps . ពីឱសថស្ថាន ឱសថស្ថានរងនានា និងទីផ្សារ ព្រមទាំងប្រព័ន្ធអនឡាញ គ្រប់ប្រភេទ ក្នុងប្រទេសកម្ពុជា ដើម្បីកម្ទេចចោល តាមបច្ចេកទេសជាបន្ទាន់ ។

ការប្រកាសបញ្ជាឲ្យប្រមូលនេះ បន្ទាប់ពីមជ្ឈមណ្ឌលជាតិពិសោធន៍សុខាភិបាល នៃក្រសួងសុខាភិបាល បានចេញព្រឹត្តិប័ត្រវិភាគគុណភាព ចុះថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ដោយបញ្ជាក់ថា ផលិតផលបំប៉នសុខភាពនេះ មានផ្ទុកសារធាតុ Dexamethasone និង Prednisolone បន្ថែម ជាហេតុបង្កឱ្យមានផលប៉ះពាល់ធ្ងន់ធ្ងរ ដល់សុខភាពដល់អ្នកប្រើប្រាស់ ។
ក្រសួងបញ្ជាក់បន្ថែមថា ក្នុងគោលបំណង ដើម្បីធានាសុវត្ថិភាព ជូនដល់អ្នកប្រើប្រាស់ ក្រសួងសម្រេចលុបលេខបញ្ញិកា ផលិតផលបំប៉នសុខភាព ទាំងពីរខាងលើ ចេញពីបញ្ជីឱសថ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ។
ដើម្បីការពារដល់សុខុមាលភាព ប្រជាពលរដ្ឋ ក្រសួងសុខាភិបាល បានណែនាំឲ្យគ្រឹះស្ថានអាហរ័ណ នីហរ័ណឱសថ គ្រួសារកក់ក្តៅ ឯ.ក និងគ្រឹះស្ថានលក់ឱសថ (ឱសថស្ថាន) ទាំងអស់ ត្រូវបញ្ឈប់ការលក់ផលិតផលបំប៉នសុខភាព GINSENG PRO B/Bott./30 Caps. និង GINSENG PRO B/Bott./60Caps. ចាប់ពីថ្ងៃចេញសេចក្តី ជូនព័ត៌មាននេះតទៅ ។

ជាមួយគ្នានោះក្រសួង ក៏បានអំពាវនាវឲ្យ បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវឈប់ទិញ និងប្រើប្រាស់ផលិតផលបំប៉នសុខភាព GINSENG PRO B/Bott./30 Caps. និង GINSENG PRO B/Bott./60Caps. ។
ក្រសួងសុខាភិបាល នឹងមានវិធានការ តឹងរ៉ឹងតាមផ្លូវច្បាប់ ចំពោះម្ចាស់គ្រឹះស្ថានអាហរ័ណ នីហរណឱសថ គ្រួសារកក់ក្តៅ ឯ.ក ម្ចាស់ឱសថស្ថាន ឱសថស្ថានរង និងបុគ្គលទាំងឡាយណា ដែលនៅតែបន្តការលក់ ផលិតផលបំប៉នសុខភាព GINSENG PRO B/Bott./30 Caps. និង GINSENG PRO B/Bott./60Caps តទៅទៀត ៕


