ព័ត៌មានជាតិ

ប្រុងប្រយ័ត្ន! កម្ពុជា រកឃើញកុមារី​អាយុ ៧ឆ្នាំ ឆ្លងជំងឺ​ហ្ស៊ីកា​

ភ្នំពេញ៖ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង (CDC) នៃក្រសួងសុខាភិបាល បានប្រកាសពីការរកឃើញកុមារី​ អាយុ ៧ឆ្នាំ ឆ្លងជំងឺ​ ហ្ស៊ីកា​ ដែមានអាស័យដ្ឋានរស់នៅភូមិពពេជ ឃុំចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

តារយៈបណ្ដាញសង្គមហ្វេសប៊ុក នារសៀលថ្ងៃទី២៣ កញ្ញានេះ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បានរៀបរាប់ថា កុមារីរូបនេះបានចូលសម្រាក នៅមន្ទីរពេទ្យបង្អែកបារាយណ៍ សន្ទុក នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ១៨ម៉២៥នាទី នៅផ្នែកសង្គ្រោះបន្ទាន់កុមារ។

CDC បញ្ជាក់ថា រោគសញ្ញាដំបូង៖​ នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ ក្តៅខ្លួនខ្លាំង មានក្អួត និងរាក បន្ទាប់ពីគ្រូពេទ្យបានព្យាបាល កុមារីបានធូរស្បើយលែងមានក្អួតទៀត គ្រូពេទ្យបានធ្វើតេស្តរហ័សគ្រុនឈាម តែលទ្ធផលអវិជ្ជមាន។ នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ បានយកវត្ថុវិភាគផ្ញើរទៅវិទ្យាស្ថានប៉ាស្ទ័រនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ និងលទ្ធផលចេញនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ វិជ្ជមានហ្សីកា​ ។

ជាមួយគ្នានោះនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង ក៏បានពន្យល់ថា ជំងឺហ្ស៊ីកា​ (Zika Virus) ត្រូវបានចម្លងជាចម្បង ដោយមូសប្រភេទ Aedes ដែលខាំភាគច្រើននៅពេលថ្ងៃ។ មនុស្សភាគច្រើនដែលមានការឆ្លងមេរោគ Zika មិនមានរោគសញ្ញាទេ។ អ្នក​ដែល​មាន​រោគ​សញ្ញា​ជា​ធម្មតា​រួម​មាន​កន្ទួល គ្រុនក្តៅ រលាក​សន្លាក់ ឈឺ​សាច់ដុំ និង​សន្លាក់ ឈឺ​ក្បាល និង​ឈឺ​ក្បាល ​ដែល​មាន​រយៈពេល 2-7 ថ្ងៃ។ ការឆ្លងមេរោគ Zika អំឡុងពេលមានផ្ទៃពោះ អាចបណ្តាលឱ្យទារកកើតមកមាន microcephaly (ទារកក្បាលតូច)​ និងភាពមិនប្រក្រតីពីកំណើតផ្សេងទៀត ក៏ដូចជាការកើតមិនគ្រប់ខែ និងការរលូតកូន ។

ចំពោះបញ្ហានេះដែរមន្រ្តីក្រុមឆ្លើយតបបន្ទាន់ គ្រប់ជាន់ថ្នាក់និងមន្ត្រី​ជំនាញ ពីនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង​ កំពុងចុះទប់ស្កាត់ការរីករាលដាល​ និងអង្គេតស្រាវជ្រាវរកប្រភពចម្លង​ ដើម្បីទប់ស្កាត់ឱ្យមានប្រសិទ្ធភាពខ្ពស់​ ។

បន្ថែមលើសពីនេះនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង ក៏បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ ត្រូវបង្ការកុំឱ្យមូសខាំ​ ជាពិសេស​កុមារតូច​ និងស្រ្តីមានផ្ទៃពោះ ​ត្រូវធ្វើអនាម័យជុំវិញផ្ទះ​ ក្នុងករណីមានរោគសញ្ញាដូចខាងលើ​ សូមអញ្ជើញទៅពិគ្រោះជំងឺ នៅមណ្ឌលសុខភាព​ និងមន្ទីរពេទ្យ​ ៕

To Top