ព័ត៌មានជាតិ

រាជរដ្ឋាភិបាលកម្ពុជា​ គាំទ្រកាលានុវត្តន៍ភាពបង្កើតប្រតិបត្តិការ និងពង្រីកធុរកិច្ច

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាល នឹងផ្ដល់ការគាំទ្រយ៉ាងមុតមាំដល់កាលានុវត្តន៍ភាពសម្រាប់បង្កើត ប្រតិបត្តិការ និងពង្រីកធុរកិច្ច ព្រមទាំងដោះស្រាយរាល់បញ្ហាប្រឈម ទាំងបញ្ហាចាស់ និងថ្មី ដើម្បីជំរុញសន្ទុះ នៃការអភិវឌ្ឍវិស័យឯកជនឲ្យបានពេញលេញ។

ក្នុងពិធីបើកវេទិកាធុរកិច្ចអាមេរិក-កម្ពុជា នាថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣ នៅសហរដ្ឋអាមេរិក សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កម្ពុជា នៅតែបន្ដពង្រីកទំហំទីផ្សារខ្លួន តាមរយៈការធ្វើសមាហរណកម្មទៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ និងខ្សែច្រវាក់តម្លៃសកល តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ទាំងទ្វេភាគី និងពហុភាគី។ យន្ដការទ្វេភាគី ដូចជា៖ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន, កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា ចិន, កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា កូរ៉េ, និងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RECP)។

សម្ដេច សង្ឃឹមថា វិនិយោគិននឹងឃើញពីកាលានុវត្តភាពក្នុងការវិនិយោគ និងសិក្សាបន្ថែមអំពីសក្ដានុពលសេដ្ឋកិច្ច និងឱកាសវិនិយោគនៅកម្ពុជា។ យើងមានពាក្យស្លោក «បានឃើញម្ដង ប្រសើរជាងបានឮមួយពាន់ដង» ដូច្នេះសូមវិនិយោគិនមកស្វែងយល់អំពីកម្ពុជា។

សម្ដេច បានបញ្ជាក់ថា «រាជរដ្ឋាភិបាល នឹងផ្ដល់ការគាំទ្រយ៉ាងមុតមាំដល់កាលានុវត្តនភាពសម្រាប់បង្កើត ប្រតិបត្តិការ និងការពង្រីកធុរកិច្ច ព្រមទាំងដោះស្រាយរាល់បញ្ហាប្រឈម ទាំងបញ្ហាចាស់ និងថ្មី ដើម្បីជំរុញសន្ទុះនៃការអភិវឌ្ឍវិស័យឯកជនឲ្យបានពេញលេញ និងក្លាយជាដៃគូគន្លឹះរបស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់ការអភិវឌ្ឍសម្រាប់ជាប្រយោជន៍ទៅវិញទៅមក និងវិបុលភាពរួមប្រកបដោយបរិយាបន្ន។ ការណ៍នេះអ្នកទាំងអស់ ក៏បានដឹងអំពីប្រវត្តិសិក្សាលើផ្នែកសេដ្ឋកិច្ចរបស់ខ្ញុំ ផងដែរ»។

សម្ដេច នាយករដ្ឋមន្ដ្រី គូសបញ្ជាក់ទៀតថា «ថ្មីៗនេះ ខ្ញុំមិនបានលូកដៃទីផ្សារពេកទេ ប៉ុន្ដែវាត្រូវមានបទប្បញ្ញត្តិច្បាស់លាស់ ក្នុងការលើកកម្ពស់ការអភិវឌ្ឍប្រកបដោយបរិយាបន្ន វិស័យឯកជនអាចនឹងសកម្មខ្លាំងក្នុងកិច្ចការនេះ។ ខ្ញុំជឿថា ធុរជន យល់ច្បាស់អំពីធុរកិច្ចច្បាស់ជាងរដ្ឋាភិបាល រាជរដ្ឋាភិបាលមានតួនាទីគាំទ្រផ្ដល់នូវក្របខ័ណ្ឌការងារ និងកត្តាចាំបាច់ផ្សេងទៀត»។

សម្ដេច បន្ដទៀតថា ចំណែករាជរដ្ឋាភិបាលថ្មី គឺបានជួបជាមួយវិស័យឯកជននៅកម្ពុជា ដើម្បីបន្ស៉ីគ្នា និងជាដៃគូដ៏សកម្ម ហើយវិស័យឯកជនមិនត្រឹមតែជាអ្នកប្រឹក្សាក្នុងការផ្ដល់គំនិតយោបល់ប៉ុណ្ណោះទេ ដូចជាពេលយើងទទួលបានកិច្ចព្រមព្រៀង វិស័យឯកជនគឺជាតួអង្គក្នុងការអនុវត្ត។ វិស័យឯកជនត្រូវចូលរួមអនុវត្តកិច្ចព្រមព្រៀងដ៏សំខាន់របស់រដ្ឋាភិបាល ដូច្នេះប្រសិនបើរដ្ឋាភិបាលមាននូវវិស័យឯកជន ដែលដើរតួនាទីបានល្អ មិនបានប្បញ្ញតិ្ដបង្កើតដោយវិស័យឯកជន ឬរដ្ឋាភិបាលឡើយ រដ្ឋាភិបាលនឹងផ្ដល់ឱកាសឱ្យឯកជនចូលរួមកិច្ចការកាន់តែច្រើននេះគឺជាចក្ខុវិស័យរបស់ សម្ដេច៕

To Top